ប្រជាពលរដ្ឋខេត្តពោធិ៍សាត់មួយចំនួនធំ សម្រេចចិត្តបោះបង់អាជីពជាជាងចម្លាក់ថ្មកែវ ដោយសារតម្លៃថ្មឡើងខ្ពស់ និងទីផ្សាក៏ចង្អៀត

ពោធិ៍សាត់៖ ដោយសារតែទីផ្សារមិនសមប្រកបផង ហើយតម្លៃថ្មគ្រប់ប្រភេទក៏កាន់តែឡើងខ្ពស់ផងនោះ បានជម្រុញឱ្យប្រជាពលរដ្ឋមួយចំនួនធំដែលប្រកបមុខរបរជាជាងចម្លាក់ជាពិសេសចម្លាក់ថ្មកែវសម្រេចបោះបង់អាជីពរបស់ខ្លួនចោលជាបន្តបន្ទាប់ ទៅចាប់យកមុខរបរថ្មីផ្សេងទៀតដើម្បីចិញ្ចឹមជីវភាពគ្រួសារវិញ។

លោក បៀ សំណាង ម្ចាស់សិប្បកម្មចម្លាក់ថ្មនៅម្តុំផ្តិលជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ប្រាប់អង្គភាព CHN News ឱ្យដឹងថាលោកបានប្រកបរបរឆ្លាក់រូបពីថ្មនេះរយៈពេលជិត២០ឆ្នាំកន្លងមកហើយ ដោយដំបូងឡើយគឺធ្វើទ្រង់ទ្រាយតូចតាចជាលក្ខណៈគ្រួសារ បានប្រាក់កម្រៃអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានសមល្មមគឺដោយសារតម្លៃថ្មនៅទាប ហើយទីផ្សាក៏មានគ្រាន់បើដូចជាការលក់រាយ និងបោះដុំមានម៉ូយចាំទទួលយកផងដែរ។

លោកបានត្អូញត្អែថា ដោយសារពីមួយឆ្នាំទៅមួយឆ្នាំតម្លៃថ្មចេះតែឡើងថ្លៃជាបន្តបន្ទាប់ ម៉្យាងទីផ្សារក៏ចង្អៀតផងធ្វើឱ្យមុខរបរមួយនេះកាន់តែដើរថយក្រោយរកប្រាក់ចំណូលបានតិចតួចស្តួចស្តើង ដោយចំណាយទូទាត់ទៅលើការជួលថ្លៃជាងបន្ថែម ការទូទាត់ទិញសម្ភារកែច្នៃរូបចម្លាក់ផង បូកនឹងទៅលើការចាយវាយក្នុងគ្រួសារ មិនបានដូចពេលមុនធ្វើឱ្យលោកស្ទើរបោះបង់អាជីពជាជាងចម្លាក់នេះម្តងៗ។ ប៉ុន្តែដោយសារជាជំនាញលោកបានតស៊ូព្យាយាមបានបង្វែពីការធ្វើចម្លាក់ពីលក្ខណៈគ្រួសារមកជាទ្រង់ទ្រាយធំដុំជាងមុន តាមរយៈអតិថិជនកម្មង់ធ្វើឱ្យគេដោយតម្លៃតាមរូបធំ ឬតូច ហើយភាគច្រើនគឺរួបព្រះពុទ្ធបដិមាដែលព្រះសង្ឃកម្មង់ច្រើនជាងគេយកទៅដាក់តាំងនៅតាមទីវត្តអារាមនានា។ ដោយឡែករូបចម្លាក់ផ្សេងៗទៀតដែលគេយកទៅនៅតាមផ្ទះដូចជារូបតាប៉ោង រួបអប្សារាជាដើមគឺមានបងប្អូនអតិថិជនកម្មង់ឱ្យធ្វើម្តងម្កាលផងដែរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកប្រកបមុខរបរជាជាងចម្លាក់មួយភាគធំបាននាំគ្នាបោះបង់អាជីពរបស់ខ្លួនជាបន្តបន្ទាប់ស្ទើ៦០%ទៅហើយ ព្រោះបានប្រាក់ចំណូលស្តួចស្តើងមិនគ្រប់គ្រាន់ទៅលើការចំណាយផ្សេងៗដូចជា ចំណាយការទិញវត្ថុធាតុដើមក្នុងតម្លៃខ្ពស់មានថ្មកែវក្រមួន ថ្មកែវយ៉ន ថ្មកែវស្ពុង និងថ្មធម្មតាដែលកាលមុនតម្លៃចាប់ពី១៣០០-២០០០រៀលក្នុងមួយគីឡូក្រាម និងប្រភេទថ្មល្អចាប់ពី៥$-១០$ក្នុងមួយគីឡូក្រាម ហើយបច្ចុប្បន្ននេះតម្លៃថ្លៃរហូតចាប់ពី២០០០-៤០០០រៀល និងថ្មល្អចាប់ពី១០$-២០$ឯណ្នោះ។ ប៉ុន្តែឆ្លាក់បានរួបហើយលក់ចេញវិញលក់បានតម្លៃទាប ហើយពិបាករកទីផ្សារ ពោលភាគច្រើនលក់បានតែតាមគេកម្មង់តែប៉ុណ្នោះ។

លោក ម៉ម វីរៈ ម្ចាស់សិប្បកម្មចម្លាក់ថ្មនៅក្នុងក្រុងពោធិ៍សាត់ បានប្រាប់ឱ្យដឹងផងដែរថា ចំពោះអ្នកដែលនៅបន្តមុខរបរនេះគឺភាគច្រើនមានតែលក្ខណៈទ្រង់ទ្រាយធំៗដោយចំណាយទុនច្រើនទើបធ្វើបានទៅតាមអ្នកកម្មង់ទិញតែប៉ុណ្នោះ ដែលអាចរកប្រាក់ចំណូលទប់ទាល់ទៅលើការចំណាយគ្រប់បែបយ៉ាងបានតែមិនបរិបូរណ៍ឡើយ។

លោកបានសម្តែងការបារម្ភថា ជាងចម្លាក់នឹងបាត់បង់អាជីពបន្តបន្ទាប់ទៀតដែលធ្វើឱ្យបាត់បង់ស្នារដៃកេរ្តិ៍មរតកកូនខ្មែរបន្សល់ទុកពីយូរយាណាស់មកហើយដោយសារទីផ្សាមិនទូលំទូលាយផង និងម៉្យាងទៀតតម្លៃថ្មនៅបន្តឡើងកាន់តែខ្ពស់។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ឡាច ថេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានទទួលស្គាល់ថា តម្លៃថ្មពិតជាឡើងថ្លៃមិនឈប់ឈរមែនដោយបងប្អូនប្រកបរបរជាងចម្លាក់ទៅរកទិញនៅក្រុមហ៊ុន ហើយមួយវិញទៀតទីផ្សាក៏មិនបានទូលំទូលាយដែលជាកត្តាជម្រុញឱ្យពួកគាត់មួយចំនួនធំសម្រេចបញ្ឈប់អាជីពរត់ទៅរកការងារផ្សេងៗដើម្បីជីវភាពប្រចាំថ្ងៃដោយអ្នកខ្លះទៅធ្វើការងាររោងចក្រ និងមួយចំនួនបង្ខំចិត្តចំណាកស្រុករកការងារនៅស្រុកឆ្ងាយដូចជាប្រទេសថៃជាដើម។

លោកបញ្ជាក់ថា កន្លងមកមន្ទីរខិតខំបង្កើតឱ្យមានជាសមាគមទេព្យកោសល្យសិល្បៈសូន្យរូបកូនខ្មែរ ដើម្បីពង្រឹងសមត្ថភាពជំនាញស្របតាមលក្ខណៈបែបបទក្បួនខ្នាតខ្មែរបូរាណ និងនៅពេលខាងមុខនេះមន្ទីរ និងរៀបចំធ្វើសិក្ខាសាលា ដើម្បីបង្ហាញឱ្យជាងចម្លាក់ស្គាល់កាន់តែច្បាស់អំពីសិល្បៈសូន្យរូបនេះ ឱ្យនាំគ្នាបន្តថែរក្សាស្នារដៃខ្មែរយើងបាននៅគង់វង្ស។

សូមបញ្ជាក់ថា ទីតាំងចម្លាក់ថ្មនៅខេត្តពោធិ៍សាត់កន្លងទៅ មានរហូតដល់ទៅ១៥៦កន្លែង ដែលបម្រើឱ្យប្រជាពលរដ្ឋមានការងារធ្វើជិត ៥០០នាក់ ក្នុងនោះជាងជាស្ត្រីមានចំនួន ១០៤នាក់ បច្ចុប្បន្ននៅសល់តែប្រម៉ាណជិត៥០កន្លែងតែប៉ុណ្នោះ បាត់អស់ជិត៧០%ដែលត្រូវបោះបង់អាជីព៕ ដោយៈ SPR

អត្ថបទដែលជាប់ទាក់ទង