ប្រជាពលរដ្ឋលក់ចង្ក្រាន ក្អម ឆ្នាំង ត្អូញ​ត្អែររឿងសមត្ថកិច្ចតាមផ្លូវទារលុយពីពួកគាត់ បើលក់មិនដាច់មានលុយពីណាឱ្យ!!!

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋដែលមានមុខរបរលក់ ចង្ក្រាន ក្អម ឆ្នាំង និងរបស់របរប្រើប្រាស់ផ្សេងៗ ប្រមាណជាង១០​នាក់ សុំឱ្យមិនបញ្ចេញឈ្មោះ នៅថ្ងៃទី២១​ ខែសីហា​​ ឆ្នាំ​២០១៨​នេះ បានត្អូញ​ត្អែរពីភាព​លំបាកធំៗ​ ដែលជាកត្តារាំងស្ទះធ្វើឱ្យពួកគាត់ ខាតបង់​ដើមទុន និងបាត់បង់ប្រាក់ចំណេញ។

ប្រជាពលរដ្ឋដែលមុខរបរលក់ ចង្ក្រាន ក្អម ឆ្នាំង និងរបស់របរប្រើប្រាស់ផ្សេងៗ មកពីភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលៀផ្អៀរ​ ខេត្តកំពុងឆ្នាំង បានលើកឡើងថា កត្តា ដែលធ្វើឱ្យពួកគាត់ខាតបង់​ដើមទុន និងបាត់បង់ប្រាក់ចំណេញ នោះគឺ

  • ទី១. មុខរបស់គាត់ត្រូវមសត្ថកិច្ចធ្វើចរាចរណ៍តាមផ្លូវក្នុងខេត្តនីមួយៗ ដែលគាត់បើកបរលក់ដូរបានទារប្រាក់ កន្លែងខ្លះទារចាប់ពី ៥ម៉ឺនចុះ កន្លែងខ្លះ ២ម៉ឺន ១ម៉ឺន ឬតិចបំ​ផុត៥ពាន់​រៀល ត្រូវតែបង់ឱ្យនេះជាទម្លាប់ ហើយចោទប្រកាន់ពួកគាត់ថា ដឹកសំពីង​សំពោង និងគ្មាន​ប័ណ្ណបើកបរ។
  • ទី២. ​ការធ្វើដំណើរឆ្ងាយចំណាយច្រើនលក់មិនដាច់ ព្រោះសម្ភារប្រើ​ប្រាស់ដែលផលិត​ដោយ​ដៃ ​ខ្វះការគាំទ្រពីអតិថិជន ដោយសារមានរបស់នាំចូលពីក្រៅប្រទេស​​ទំនើបៗជាងយើង ហើយ​ខែវស្សាជួបបញ្ហាលំបាកច្រើន។
  • ទី៣. ពួកគាត់ត្រូវប្រឈមនឹងការជំពាក់ប្រាក់ម្ចាស់​ដើម ដែលលើកយកមកលក់ ​ព្រោះទំនិញលក់​មិន​អស់ ខ្លះខូចបាក់បែក បាត់បង់ប្រាក់ទាំងដើមទាំងចុង។

ពួកគាត់លើកឡើងថា ទោះជាយ៉ាងណាក្តី នេះជាមុខរបរសុច្ចរិតមួយដែលមិនបង្កអ្វីឱ្យប៉ះពាល់ដល់សន្តិសុខសង្គមឡើយ តែសូមឱ្យអតិថិជនជួយគាំទ្រដល់មុខរបរពួកគាត់ផង ហើយចំ​ណែក​សមត្ថកិច្ច​គួរតែយោគយល់ ដល់កសិករក្រីក្រផងទានម្ចាស់ បើថាសំពីង​សំពោងយ៉ាង​ណាក៍វាមិនខូចផ្លូវដូចរថយន្តយីឌុបដឹកឈើ និងដឹកគ្រឿងសំណង់ដែរ៕ ដោយៈ EKH

អត្ថបទដែលជាប់ទាក់ទង