អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការបូមទឹកចេញពីក្នុងក្រុង ខណៈ​ទឹកទន្លេមេគង្គកំពុងហក់ឡើងលើសកម្រិតប្រកាសអាសន្ន

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះ​ បានប្រើម៉ាស៊ីនបូមយកទឹក ដែលលិចជ្រាបតាមប្រព័ន្ធលូនិងទឹកភ្លៀង ទម្លាក់ចេញទៅបឹងនៅខាងក្រោយទីប្រជុំជនដើម្បីកុំឱ្យលិចចូលក្នុងក្រុង​បង្កលក្ខណៈងាយស្រួល​ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនឹងកុំឱ្យខូចផ្លូវជាតិក្នុងក្រុង។

ការប្រើម៉ាស៊ីនបូម​ទឹកចេញពីតំបន់ទីប្រជុំជននេះ ​ធ្វើឡើងដោយក្រុមការងាររបស់មន្ទីរសាធារណៈការរួមជាមួយ និងមន្ទីរធនធានទឹកបូមប្រចាំទាំងយប់ទាំងថ្ងៃ ចាប់ពីស្ថានភាពទឹកជំនន់​ឡើង​ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ។ លោកប្រធានមន្ទីរធនធានទឹកខេត្តបាននិយាយថា៖ ប្រសិនបើការជន់ឡើងនៃទឹកជំនន់ក្នុងសភាពសន្សឹមៗ គឺ ការប្រើម៉ាស៊ីនបូម​ទឹករបស់អាជ្ញាធរទប់ស្កាត់ការលិចលង់ និងមានប្រសិទ្ធភាព ​តែបើឡើងខ្លាំង​ហួសពីកម្រិតប្រកាស់ឱ្យប្រុងប្រយ័ត្ន​នឹង​​លិចលើទ្រូង​ផ្លូវយើងមិនអាចធ្វើឈ្នះទេ ព្រោះទឹកទន្លេមេគង្គមានកំពស់២២​ម៉ែត្រ​ជាងហើយ។

ចំណែកនៅតាមស្រុកមួយចំនួន៤និងក្រុង១ ដែលមានទីតាំងនៅតំបន់ទំនាប និងស្របជាមួយនិងដងទន្លេមេគង្គ កំពុងតែជួបការលិចលង់កាន់តែខ្លាំង​ ហើយទីប្រជុំជនក្រុងក្រចេះក៏កំពុងតែមានការគំរាមកំហែងដោយការលិចផងដែរ ​។

លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ទទួលកិច្ចការងារគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ ​នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០១៨នេះថា៖ ការប្រើម៉ាស៊ីនបូមរំដោះទឹកតាមប្រព័ន្ធ លូ ជាវិធីមួយដ៏ប្រសើរសម្រាប់បញ្ជៀសនិងទប់ស្កាត់ការលិចលង់ដល់ទីប្រជុំជនខេត្ត។

លោក បញ្ជាក់ថា៖ អាជ្ញាធរបានត្រៀមលក្ខណៈបន្ថែមលើការប្រើម៉ាស៊ីនបូម ប្រសិន បើសន្ធឹកនៃការជនឡើងនៃទឹកទន្លេមេគង្គនៅតែមានសន្ទុះហក់ឡើងខ្លំាងថែមទៀតនោះ។ដោយEKH(CSC)

អត្ថបទដែលជាប់ទាក់ទង