អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២នាក់ ត្រូវបានតុលាការសម្រេចចេញដីកាដោះលែង ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅថ្ងៃនេះ

ភ្នំពេញ៖ លោក អ៊ួន ឈិន ​និងលោក​ ​យាង សុធារិន​ ​ហៅ ​យាង​ សុជាមេត្តា ដែលជាអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលភ្នាក់ងារសារព័ត៌មាន CHN News ទទួលបាននៅមុននេះបន្ដិច។

គួរបញ្ជាក់ដែរថា លោក អ៊ួន ឈិន និងលោក​ ​យាង សុធារិន​ ​ហៅ​យាង ​សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឱ្យអន្ដរាយដល់ការការពារជាតិ” ដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីបទចោទប្រកាន់រឿងចារកម្មខាងលើនេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២រូបនេះ ត្រូវបានតុលាការចោទប្រកាន់នូវសំណុំរឿងមួយទៀត គឺ “ការផលិតវីដេអូអាសអាភាស” ផងដែរ។

នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ នឹងត្រូវមន្ដ្រីអនុរក្សពន្ធនាគារ សម្រេចដោះលែងឱ្យចេញពីមន្ទីរ ឃុំឃាំងហើយ ក្រោយពីទទួលបានដីកាបញ្ជាឱ្យដោះលែងរបស់តុលាការរួចមក៕

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា (ស្ដាំ)

អត្ថបទដែលជាប់ទាក់ទង