បបួលមិត្តភក្តិ ទៅរាំលេងកំសាន្តបែរជាត្រូវសន្តិសុខនៅក្នុងក្លឹប ប្រើអំពើហិង្សាដាក់ទៅវិញ

ភ្នំពេញ៖ បុរសប្រាំនាក់បានចូលទៅរាំលេងកំសាន្តនៅក្នុងក្លឹប ហ៊្សូក ក្លឹប ហើយក៏ស្រាប់តែមានសន្តិសុខដែលយាមនៅក្នុងក្លឹបប្រើអំពើហិង្សាដាក់ទៅវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងក្លឹបកំសាន្ត ហ៊្សូក ក្លឹប តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីបុរសម្នាក់ឈ្មោះ ងែត ចំរើន អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនបានរៀបរាប់ប្រាប់ឱ្យដឹងថា៖ នៅមុនពេលកើតហេតុ រូបគាត់និងប្រពន្ធរួមទាំងមិត្តភក្តិប្រុសៗបួននាក់ទៀតបាននាំគ្នាមកចូលរាំលេងកំសាន្តនៅក្នុងក្លឹបកើតហេតុខាងលើ។ លុះដល់វេលាកើតហេតុខណៈពេលដែលពួកគាត់កំពុងតែរាំលេង ក៏ស្រាប់តែមានសន្តិសុខដែលយាមនៅក្នុងក្លឹបខាងលើ បួនទៅប្រាំនាក់ បានដើរមកចាប់ក្រៀកមិត្តភក្តិប្រុសរបស់គាត់ចំនួន៣នាក់ទៅកន្លែងស្ងាត់ដោយមិនដឹងមូលហេតុអ្វី ពេលនោះដោយគាត់ឆ្ងល់និងសន្តិសុខទាំងនោះក៏បានដើរទៅសួរថាមានរឿងអ្វី។ ភ្លាមៗនោះបែរជាត្រូវសន្តិសុខទាំងនោះ ចាប់ក្រៀករូបគាត់ហើយវាយរូបគាត់មួយដៃចំទ្រូង ហើយគាត់ក៏បានបំរាស់ខ្លួនរត់ចេញមកខាងក្រៅតែម្នាក់ឯងដើម្បីយករួចខ្លួនសិន។ ខណៈពេលដែលចេញមកដល់ខាងក្រៅគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តគមន៍ ព្រោះមិត្តភក្តិគាត់ចំនួនបីនាក់ត្រូវបានសន្តិសុខយាមក្លឹបខាងលើចាប់ឃាត់ទុកនៅខាងក្នុងមិនឱ្យចេញមកខាងក្រៅនោះទេ។ មួយសន្ទុះក្រោយមកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានចុះមកកន្លែងកើតហេតុ។ ហើយក៏បានជិះម៉ូតូចេញទៅវិញដោយមិនមានចំណាត់ការអ្វីនោះទេ ខណៈពេលនោះដែលក៏មានភាគីខាងក្លឹបកំសាន្តខាងលើបានទូរស័ព្ទទាក់ទងមកគាត់ឱ្យចូលទៅដោះស្រាយគ្នានៅខាងក្នុងក្លឹប តែគាត់មិនព្រមចូលទៅនោះទេ ព្រោះដោយគ្មានសមត្ថកិច្ចមូលដ្ឋានចូលរួមជាមួយ គឺគាត់បានត្រឹមតែឈរនៅខាងក្រៅក្លឹបដោយគ្មានសមត្ថកិច្ចរូបណាមកអន្តរាគមន៍នោះទេ។ ដោយឡែកចំពោះករណីខាងលើនោះគឺមិនមានតំណាងភាគីខាងក្លឹបកំសាន្តម្នាក់ណាចេញមកបញ្ជាក់ឱ្យបានដឹងពីរឿងហេតុនោះទេ។ អស់រយៈពេលជាងមួយម៉ោងក្រោយមកក៏ឃើញកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខចុះមកកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហ្ថតក៏បាននាំបុរសខាងលើនិងមិត្តភក្តិចំនួនបីនាក់របស់បុរសខាងលើចេញពីក្នុងក្លឹបយកទៅសាកសួរនាំនៅកងរាជអាវុធហ្ថតខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នាជាមួយនិងភាគីខាងក្លឹបកំសាន្ត ហ៊្សូក ក្លឹបខាងលើ។ដោយ៖Hak Edy(CSC)

អត្ថបទដែលជាប់ទាក់ទង