បណ្ឌិត ជា មុនីឫទ្ធិ៖ ពិធីសែនក្បាលទឹក

ទស្សនៈសង្គម៖ ជនជាតិនីមួយៗមានទំនៀមទម្លាប់ វប្បធម៌រៀងៗខ្លួន។ ទាំងនេះអាចកើតឡើងដោយសារស្ថានភាពភូមិសាស្រ្ត អាកាសធាតុ ធម្មជាតិ ឬទស្សនៈយល់ឃើញរបស់បុគ្គល ឬក្រុម ហើយបានពន្លាតទម្លាប់នេះឱ្យក្លាយជាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្លួន។ ដោយឡែកតាមរយៈសំណេរនៅលើឆ្អឹង ថ្ម ស្បែកសត្វ ឬស្សី ក្រដាសដែលបានកត់ត្រាដោយបុព្វបុរសរបស់ខ្លួន ជនជាតិចិនបានកំណត់យ៉ាងច្បាស់លាស់ថា វប្បធម៌របស់ខ្លួនបានចាក់ឬសកែវនិងបន្តដុះលូតលាស់ជាប់ជានិច្ចនៅក្នុងសង្គមប្រទេសចិនមានរយៈពេលជាង៥០០០ឆ្នាំមកហើយ បើគិតមកដល់ពេលបច្ចុប្បន្ន។

ថ្ងៃនេះ យើងលើកយកជ្រុងមួយនៃវប្បធម៌ចិន គឺពិធីសែនក្បាលទឹក។ តាមពិតពិធីនេះជាភាសាចិនថា ពិធីចុងយាន ឬ ពិធីបុណ្យខ្មោច ប៉ុន្តែវាត្រូវបានបកប្រែនិងប្រើប្រាស់ជាសកលនៅក្នុងប្រទេសកម្ពុជារៀងរហូតមកថាជា ពិធីសែនក្បាលទឹក។ ពិធីនេះត្រូវបានគេប្រារព្វឡើងនាថ្ងៃទី១៥កើត ខែ៧ តាមច័ន្ទគតិរបស់ជនជាតិចិន ហើយដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ ជនជាតិចិនដែលតែងប្រតិបត្តិជំនឿនេះមានជនជាតិចិនទាជីវ ហុកគាង ខិ និងកន្តាំងជាដើម ដែលបានរស់នៅក្បែទន្លេ ឬសមុទ្រ។

ការរៀបចំរណ្តាប់សែនព្រេននៅក្នុងពិធីសែនក្បាលទឹកនេះ មិនខុសគ្នានឹងពិធីសែនឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះទេ។ ឆ្លងតាមការសិក្សាកន្លងមក យើងឃើញថាពិធីនេះរៀបចំក្នុងគោលគំនិតសំខាន់ចំនួន៤គឺ

  • ទី១-ឧទ្ទិសកុសលជូនដល់បុព្វការី និងប្រែត
  • ទី២-អរគុណចំពោះទឹកទន្លេ ឬសមុទ្រដែលតែងបានជួយលើកតម្កើងជីវភាពរស់នៅតាមរយៈភោគផលនេសាទ កសិកម្ម និងពាណិជ្ជកម្ម
  • ទី៣-ជួបជុំគ្នាឡើងវិញក្រោយពិធីចូលឆ្នាំថ្មីរយៈពេល៦ខែកន្លងមក ដើម្បីចែករំលែកនូវពុទ្ធិ និងបទពិសោធន៍នានាក្នុងជីវភាពប្រចាំថ្ងៃ ហើយបន្តទស្សនៈវិស័យសម្រាប់ពេលខាងមុខបន្តទៀត
  • ទី៤-ប្រកាសអាសន្ន ឬផ្តល់ព័ត៌មានបន្ទាន់ដល់អ្នកទាំងឡាយណាដែលរស់នៅជាប់នឹងមាត់ទឹកថា​ទឹកចាប់ផ្តើមតម្លើងកម្ពស់របស់ខ្លួន។

ទាំងនេះ ជាជ្រុងមួយនៃទស្សនវិជ្ជាចិនដែលបានបន្សល់ទុកពីបុរាណកាលមក ក្នុងការបង្រៀនដល់អ្នកជំនាន់ក្រោយឱ្យយល់ពីតម្លៃនៃការជួបជុំគ្នា ការចែករំលែកបទពិសោធន៍ ការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ការព្យាករណ៍ពីស្ថានភាពគ្រោះធម្មជាតិដែលយើងមិនអាចមើលរំលងបាន និងការពន្លាតវប្បធម៌នៃការដឹងគុណចំពោះទឹកដី និងបុព្វបុរសដែលបានបន្សល់ទុកនូវកេរមរតក និងទស្សនវិជ្ជាក្នុងការសាងជីវភាពរស់នៅកាន់តែប្រសើរឡើង។

ជារួម បើទោះបីជាយើងចូលរួមនៅក្នុងការប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ ដែលជាយន្តការដ៏សំខាន់នៅក្នុងបន្តវេន និងអភិរក្សនូវសម្បត្តិវប្បធម៌អរូបីរបស់មនុស្សជាតិក៏ដោយ ក៏យើងត្រូវពិនិត្យនិងពិចារណាបន្ថែមពីទស្សនៈថ្មីនៃការវិវឌ្ឍរបស់សង្គមស្របតាមកាលនិងលំហ ព្រមទាំងចូលរួមទប់ស្កាត់ និងកាត់បន្ថយហានិភ័យនានាដែលអាចបង្ក ឬបង្កើតឡើងពីពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង