ភ្លើងឆេះសិប្បកម្មសម្ងួតចង្កឹះ ដែលមានស្លាកយីហោ “សិប្បកម្មផលិតចង្កឹះព្រះវិហារ”

ព្រះវិហារ៖ វេលាម៉ោង ៧ៈ១៥ នាទី ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ព្រឹក តាមប្រភពព័ត៏មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថានៅ  សិប្បកម្មសម្ងួតចង្កឹះ ដែលមានស្លាកយីហោ “សិប្បកម្មផលិតចង្កឹះព្រះវិហារ” ត្រូវបានភ្លើងឆេះចេញខាងក្នុងរោងសិប្បកម្មតែម្ដង ។ ក្រោយពីទទួលព័ត៌មានករណីឆាបឆេះកន្លែងសម្ងួតចង្កឹះ របស់ម្ចាស់សិប្បកម្មឈ្មោះ រីម រ៉េត ភេទស្រី អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កម្លាំងជំនាញ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់ចំនួន២គ្រឿង ទើបគ្រប់គ្រងបាន។

ប្រភពដដែលបន្តថា៖ កន្លែងសម្ងួតចង្កឹះ ដែលត្រូវរងការឆាបឆេះ មានទំហំទទឹង ១០ម៉ែត្រ បណ្តោយ ៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី កំរាលថ្ម  ការឆាបឆេះនេះ ខូចខាតសម្ភារ ដូចជា៖ ចង្កឹះ១តោនកន្លះ និងឧបករណ៍សម្រាប់សម្ងួតចង្កឹះមួយចំនួន។ រីឯមូលហេតុ មកពីលិចធ្លាយបំពង់សម្ងួត៕ដោយ៖BRT(CSC)

អត្ថបទដែលជាប់ទាក់ទង