ជ្រុងមួយនៃការយល់ដឹងសង្ខេបពីដើមចមនៃការបង្កើតយុទ្ធសាស្រ្ត​ “ខ្សែ​ក្រវាត់​មួយ ​និង ​ផ្លូវ​មួយ​”​

ភ្នំពេញ​៖ កាលពី​ជាង​ពីរពាន់ឆ្នាំ​មុន ​មនុស្សជាតិដែលឧស្សាហ៍​ព្យាយាម​​និង​អង់អាចក្លាហាន​ដែល​រស់​នៅ​លើ​ទឹកដី​ទ្វីប​អាស៊ីអឺរ៉ុប​បាន​ស្វែងរក​ឃើញ​នូវផ្លូវ​ជា​ច្រើន​ខ្សែ​សម្រាប់​ផ្លាស់ប្តូរ​វិស័យ​ពាណិជ្ជកម្ម​និង​មនុស្សសាស្ត្រ​ ​ដោយ​បាន​តភ្ជាប់​នូវ​វប្បធម៌​ទ្វីប​អាស៊ី ​អឺរ៉ុប​និង​អាហ្វ្រិក ​ហើយដែលត្រូវ​កូនចៅ​ជំនាន់​ក្រោយ​ហៅ​កាត់​ថា​ “ផ្លូវ​សូត្រ”។ ​

អស់កាល​រាប់រយរាប់ពាន់​ឆ្នាំ​កន្លង​មក​នេះ ​ស្មារតី​​​ស្តីអំពី “​កិច្ចសហប្រតិបត្តិការ​​សន្តិភាព​ ​ការបើក​ទូលាយ​និង​យោគយល់​គ្នា​ ​​ការ​រៀន​សូត្រ​ពី​បទពិសោធន៍​​គ្នា​ទៅវិញទៅមក ​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ និង​ ឈ្នះ-ឈ្នះ​” ​ដែល​បាន​បន្ត​មរតក​ពី​ផ្លូវ​សូត្រ​ បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​​និង​ភាពរុងរឿង​ថ្កុំថ្កើង​របស់​បណ្តា​ប្រទេស​តាម​បណ្តោយ​ផ្លូវ​សូត្រ​ ​និង​បាន​ក្លាយ​ទៅ​ជា​ចំណង​សម្រាប់​ការតភ្ជាប់​គ្នា​រវាង​វប្បធម៌​ បូព៌ា​និង​បស្ចិម​។ ​ពេល​វេលា​បាន​កន្លងផុតទៅ ​ផ្លូវ​សូត្រ​នៅ​លើ​ភូមិសាស្ត្រ​បាន​បាត់​បង់​ទៅ​បន្តិច​ម្តង​ៗ​ ​ក៏ប៉ុន្តែ ​ការបន្ត​មរតក​នូវ​ស្មារតី​ផ្លូវ​សូត្រ​​គឺ​មាន​តម្លៃ​ក្រៃលែង​​ក្រោម​សភាពការណ៍​ពិភពលោក​ដ៏​ស្មគស្មាញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​

យើងអាច​និយាយ​បាន​ថា ​នេះ​គឺជា​កម្លាំង​ចលករ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​ការទទួល​បន្ត​នូវ​ស្មារតី​ “ផ្លូវ​សូត្រ​”។ ក្នុង​បរិបទ​​ប្រវត្តិសាស្ត្រ​បែប​នេះ ​កាលពី​ខែ​កញ្ញា​និង​ខែ​តុលា​ឆ្នាំ ២០១៣ ក្នុង​អំឡុង​ពេល​បំពេញ​ទស្សកិច្ច​នៅ​​អាស៊ី​កណ្តាល​និង​អាស៊ី​អាគ្នេយ៍​ ​​ឯកឧត្តម​ ស៊ី ជីនភីង ​ប្រធានរដ្ឋ​ចិន​បាន​លើកឡើង​ដោយឡែក​ពីគ្នា​នូវ​ការផ្តួចផ្តើម​ដ៏​មាន​សារៈ​​សំខាន់​សម្រាប់​ការរួម​គ្នា​កសាង​យុទ្ធសាស្ត្រ​​ “​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​តាម​បណ្តោយ​ផ្លូវ​សូត្រ​” និង “​ផ្លូវ​សូត្រ​លើ​សមុទ្រ​ប្រចាំ​សតវត្សរ៍​ទី ២១” ​ពោលគឺ​​ការផ្តួច​ផ្តើម​អំពី “ខ្សែក្រវាត់​មួយ ​និង ​ផ្លូវ​មួយ” ​ដែល​បាន​ធ្វើ​អោយ​សហគមន៍​អន្តរជាតិ​យកចិត្ត​ទុកដាក់​យ៉ាង​ទូលំទូលាយ។

“ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​តាម​ការយល់​ដឹង​របស់​យើង ​ខ្សែ​ក្រវាត់​សេដ្ឋកិច្ច​តាម​បណ្តោយ​ផ្លូវ​សូត្រ​​នឹង​តភ្ជាប់​ជា​សំខាន់​ទៅនឹង​ផ្លូវ​បី​ខ្សែ ​ខ្សែ​ទីមួយ ​ចេញពី​ប្រទេស​ចិន​ ឆ្លង​កាត់​អាស៊ី​កណ្តាល​ រុស្ស៊ី​ទៅដល់​ទ្វីប​អឺរ៉ុប​, ​ខ្សែ​ទីពីរ ​គឺ​ចេញពីរ​ប្រទេស​ចិន​ ឆ្លង​កាត់​អាស៊ីកណ្តាល ​អាស៊ី​ខាង​លិច​ទៅដល់​ឈូង​សមុទ្រ​ពែក្ស​និង​មេឌីទែរ៉ាណេ, ​ខ្សែ​ទីបី​គឺ​ពី​ប្រទេស​ចិន​ទៅដល់​អាស៊ី​អាគ្នេយ៍ ​អាស៊ី​ខាង​ត្បូង​ ​និង​មហាសមុទ្រ​ឥណ្ឌា។ ​ទិស​ដៅ​សំខាន់​នៃ​ផ្លូវសូត្រ​លើ​សមុទ្រ​ប្រចាំ​សតវត្សរ៍​ទី២១ ​គឺ ​ចេញពី​កំពង់ផែ​តាម​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ចិន​ ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ទៅដល់​មហាសមុទ្រ​ឥណ្ឌា ​ហើយ​លាត​សន្ធឹង​ទៅដល់​ទ្វីប​អឺរ៉ុប, ​ ​មួយ​ខ្សែ​ទៀត​ចេញពី​កំពង់ផែ​សមុទ្រ​ចិន​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​រហូត​ដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ ​បើ​ចោល​ភ្នែក​សម្លឹង​ទៅ​ផែនទី​បង្ហាញ​ផ្លូវ​មួយ​នេះ​អាច​ឃើញ​ថា ​តំបន់​ “ខ្សែ​ក្រវាត់​មួយ​និង​វិថី​មួយ​”​នឹង​ឆ្លង​កាត់​ទ្វីប​អាស៊ី​-​អឺរ៉ុប-​អាហ្វ្រិក ​និយាយ​ជា​ពិស្តារ​គឺ​ ​​ចុង​ម្ខាង​ជា​រង្វង់​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​ដ៏​រស់រវើក ​ឯ​ចុង​ម្ខាង​ទៀត​ជា​រង្វង់​សេដ្ឋកិច្ច​ទ្វីប​អឺរ៉ុប​ដ៏​ជឿនលឿន ​ហើយ​ផ្នែក​​កណ្តាល​គឺ​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​មាន​សក្តានុពល​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ធំសម្បើម។ ​យើង​អាច​បូកសរុប​ថា ​“ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”​គឺ​ហាក់បី​​ដូច​ជា​ស្លាប​យក្ស​ពីរ​ ​ដែល​ត្រដាង​ទន្ទឹម​គ្នា​ ​និង​ហោះ​ហើរ​ទៅ​រក​ការអភិវឌ្ឍជាមួយ​គ្នា​​ ដែល​នឹង​ដឹកនាំ​អោយ​​ទ្វីប​អាស៊ី​ទាំង​មូល​មាន​ការវិវឌ្ឍ​រីកចម្រើន​​ ហើយ​នឹង​ជំរុញ​ដល់​ការងើប​ឡើង​វិញ​ទាំង​ស្រុង​នៃ​ទ្វីប​អាស៊ី​អឺរ៉ុប​ក៏​ដូចជា​លំហ​សមុទ្រ​នៅ​ជុំវិញ​ផង​ដែរ​។

ជាបឋម​ ​ការកសាង “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”​ជា​តម្រូវការ​នៃការពង្រីក​និង​ធ្វើ​អោយ​​កាន់តែ​ជ្រាលជ្រៅ​នូវ​ការបើក​ទូលាយ​ចំពោះ​បរទេស​របស់​ប្រទេស​ចិន។ ​បន្ទាប់​ពី​បាន​ធ្វើ​កំណែទម្រង់​និង​ការបើក​ចំហ​អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំ ​ប្រទេស​ចិន​បាន​អភិវឌ្ឍន៍​ទៅជា​​អង្គភាព​សេដ្ឋកិច្ច​ធំ​ទី​ពីរ​លើ​ពិភពលោក​។

​ទីពីរ-​ការបង្កើត​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”​ជា​តម្រូវការ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី។ ​​​បន្ទាប់​ពី​ការអភិវឌ្ឍ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ​​ទ្វីបអាស៊ី​នា​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​តំបន់​មួយ​ដែល​ពោរពេញ​ដោយ​កម្លាំង​រស់រវើក​និង​សក្តានុពល​ខាង​អភិវឌ្ឍដ៏​ទូលំ​ទូលាយ​លើ​ពិភពលោក​ ​​តែ​ក៏​ប្រឈម​មុខ​នឹង​ការសាកល្បង​ជាក់ស្តែង​មួយ​ចំនួន​ផង​ដែរ​ដូចជា ​​ការគ្មាន​អតុល្យាភាព​នៃ​ការអភិវឌ្ឍ​ ​ភាពទន់​ខ្សោយ​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​កង្វះ​ខាត​ខ្លាំង​ផ្នែក​មូលធន​ ​កម្រិត​នៃ​ការធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​នៅ​ទាប​នៅ​ឡើយ។ ​ផែនទី​បង្ហាញ​ផ្លូវ​ “ខ្សែ​ក្រវ៉ាត់​មួយ ​និង ​​ផ្លូវ​មួយ​” គឺ​បង្កើត​ឡើង​ដោយ​ផ្តោតទៅលើ​បញ្ហា​ដូចពោល​ខាង​លើ​នេះ ​ដែល​នឹង​តភ្ជាប់​បណ្តា​មហាអនុតំបន់​នៃ​អាស៊ី​ ​កែលម្អ​បរិយាកាស​វិនិយោគ​ផ្នែក​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ​ជំរុញ​អោយ​កត្តា​ផលិតកម្ម​ក្នុង​តំបន់​សម្រេច​​បាន​នូវ​ចរាចរណ៍​ដោយ​មាន​សណ្តាប់ធ្នាប់​និង​កែ​លម្អ​ការផ្គូ​ផ្គង​ចាត់​ចែង​ ​ដើម្បី​សម្រេច​ការផ្លាស់ប្តូរ​និង​ភាពស៊ីសង្វាក់​គ្នា​នៃ​ឧត្តម​ភាព​រៀង​ខ្លួន ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការអភិវឌ្ឍ​​ទាំង​ស្រុង​នៃ​ទ្វីប​អាស៊ី។​

ទីបី-ការ​កសាងយុទ្ធសាស្រ្ត ​”ខ្សែក្រវាត់មួយ ​និង ​ផ្លូវមួយ​” ​ក៏​ជា​តម្រូវការ​នៃប្រទេស​​តាម​បណ្តោយ​ផ្លូវ​សូត្រ​​​ក្នុង​ការ​រួម​គ្នា​ធ្វើ​​ការ​​អភិវឌ្ឍផង​ដែរ​។

ទីបួន-សេចក្តី​ផ្តួច​ផ្តើម​អំពី​ ”ខ្សែក្រវាត់មួយ​ និង ​ផ្លូវមួយ​” គប្បី​​​សម​ស្រប​ទៅ​នឹង​ចរន្ត​ពិភពលោក​នា​​ពេល​បច្ចុប្បន្ន​ គឺ​ពហុប៉ូលនីយកម្ម​​​ ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច​ ពិពិធកម្ម​ផ្នែក​​វប្បធម៌​ និង​ព័ត៌មាន​វិទ្យា​សង្គម​ ដែល​សម​ស្រប​ទៅ​នឹង​សំណូមពរ​នៃ​សម័យ​កាល​ដែល​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ សម​ស្រប​នឹង​ក្តី​ប្រាថ្នា​របស់​ប្រជាជន​នៃ​បណ្តា​ប្រទេស​ ​ និង​សម្រេច​​ការ​រួម​​គ្នា​អភិវឌ្ឍ​ មាន​អំណោយ​ផល​ដល់​ការ​ស្វែង​រក​ រូបមន្ត​ថ្មី​សម្រាប់​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​​និង​ការ​គ្រប់​គ្រង​ពិភពលោក​ទាំង​មូល​ ជំរុញ​ឲ្យ​ជាតិសាសន៍ ​ ជំនឿ​ វប្បធម៌​ដែល​មាន​ភាព​ខុសៗ​គ្នា​មាន​ភាពសុខដុមនីយកម្ម​​ សម្រេច​ការ​ អភិវឌ្ឍរបស់​បណ្តា​ប្រទេស​តាម​បណ្តោយផ្លូវ​សូត្រ​ជា​ពហុប៉ូល​​ ម្ចាស់​ការ​ តុល្យភាព​ និង​មាន​និរន្តរភាព​ ជា​សេចក្តី​ផ្តួច​ផ្តើម​អាច​អភិវឌ្ឍន៍​ដោយ​ មាន​និរន្តរភាព​ដែល​មាន​អំណោយ​ផល​ដល់​ប្រទេស​នានា​និង​ប្រជាជន​ទាំង​អស់​។ (អត្ថបទលើកក្រោយ យើងនឹងបន្តបង្ហាញពីខ្លឹមសាររួមនៃយុទ្ធសាស្រ្តខ្សែក្រវាត់មួយ និង ផ្លូវមួយ)

បណ្ឌិត ជា មុនីឫទ្ធិ

អត្ថបទដែលជាប់ទាក់ទង