អាកាសធាតុនៅខេត្តកោះកុង អំណោយផលបន្តិច តម្លៃគ្រឿងសមុទ្រក៏បែរជាចុះថ្លៃភ្លាម

កោះកុង៖ ក្នុងរដូវវស្សាឆ្នាំ២០១៨នេះ ស្ថានភាពអាកាសធាតុនៅខេត្តកោះកុង មានការប្រែប្រួលជាបន្តបន្ទាប់ បង្កឱ្យមានភ្លៀង ខ្យល់បោកបក់នៅលើផ្ទៃសមុទ្រ និង រលកខ្ពស់ៗ ធ្វើឱ្យប្រជានេសាទបានជួបលំបាកយ៉ាងខ្លាំង ធ្វើឱ្យតម្លៃគ្រឿងសមុទ្រហក់ឡើងខ្ពស់ជាបន្តបន្ទាប់ផងដែរ។

តែទោះជាយ៉ាងនេះក្តី នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ តម្លៃគ្រឿងសមុទ្រនៅខេត្តកោះកុង គ្មានការហក់ឡើងដូចខែមុននោះទេ ដោយសារកត្តាអាកាសធាតុ បានអំណោយផលខ្លះៗ ធ្វើឱ្យទូកនេសាទមងអូស អាចចេញទៅនេសាទបាន ដើម្បីបំពេញតម្រូវការនៅលើទីផ្សារគ្រឿងសមុទ្រ។

ជាមួយនឹងអាកាសធាតុអំណោយផលនេះដែរ ក៏បានធ្វើឱ្យអ្នកនេសាទសមុទ្រ នៅខេត្តកោះកុង មានចិត្តសប្បាយរីករាយផងដែរ បើទោះជាតម្លៃគ្រឿងសមុទ្រ បែរជាចុះថ្លៃមកវិញ។

បើតាមសម្តីស្ត្រីឈ្មួញកណ្តាលម្នាក់ ដែលប្រមូលទិញគ្រឿងសមុទ្រប្រចាំកំពង់ដងទង់ ក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា សម្រាប់តម្លៃមឹកខ្នាតតូច ក្នុងសប្តាហ៍ ធ្លាក់ត្រឹមតែ១៩,០០០ ទៅ ២០,០០០រៀលប៉ុណ្ណោះ សម្រាប់ការទិញពីប្រជានេសាទ តែសម្រាប់តម្លៃបោះដុំ លើទីផ្សារវិញលក់ចេញបាន២៥,០០០រៀល។ ចំណែកឯមឹកខ្នាតធំ គឺស្ថិតក្នុងតម្លៃពី ៣២,០០០ ទៅ៣៣,០០០រៀល ពីប្រជានេសាទ និងតម្លៃបោះដុំនៅលើទីផ្សារវិញ បានតម្លៃ៣៥,០០០ ទៅ៤០,០០០រៀល ដែលតម្លៃទាំងនេះ បើប្រៀបធៀបនឹងខែកន្លងទៅ គឺបានធ្លាក់ចុះអស់ជិតពាក់កណ្តាលឯនោះ។

ចំពោះតម្លៃបង្គាវិញ គឺស្ថិតក្នុងតម្លៃថេរ គ្មានការប្រែប្រែទាំងទិន្នផល ទាំងតម្លៃនៅលើទីផ្សារ ដោយសារបង្គាច្រើនតែសម្បូរជាងគេ នៅរដូវវស្សា ហើយងាយស្រួលក្នុងការនេសាទ៕ ដោយ៖ ណារម្យ

អត្ថបទដែលជាប់ទាក់ទង