អ្នកវិនិយោគិនធំៗ បង្ហាញទំនុកចិត្តខ្ពស់បំផុត ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមអ្នកវិនិយោគធំៗ និងល្បាញល្បីរបស់ចិនប្រមាណជា ៧០រូប បានចូលជួបសម្តែងការគួរសម និងបានទទួលយកនូវអនុសាសន៍មួយចំនួន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ក្រុមអ្នកវិនិយោគទាំងនេះ ចង់ឃើញសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកាន់តែយូរទៅមុខទៀត ដើម្បីភាពរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជា។

នាឱកាសនោះ លោកជំទាវ ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ប្រតិភូអ្នកវិនិយោគចិនដែលជួបសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺជាអ្នកវិនិយោគល្បីៗមកពីសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក (TXCS) ក្នុងនោះក៏មានការចូលរួមពីឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិនផងដែរ។ បើតាមលោកជំទាវ ថាមរុង្គ អ្នកវិនិយោគរបស់ចិន ដែលជួបសម្ដេចតេជោ ហ៊ុន សែន នាពេលនេះសុទ្ធតែជាអ្នកវិនិយោគលំដាប់កំពូលក្នុងប្រទេសចិន ហើយខ្លះទៀតលំដាប់កំពូលលើពិភពលោកថែមទៀតផង។ លោកជំទាវ បន្តថា អ្នកវិនិយោគទាំងនេះ បាននឹងកំពុងរកស៊ីលើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការដឹកជញ្ជូន ដែកថែប ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប វេជ្ជសាស្ត្រ ថាមពល គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ ទេសចរណ៍ សណ្ឋាគារជាដើម។ល។

បើតាមលោកជំទាវ ថាមរុង្គ នៅចំពោះមុខអ្នកវិនិយោគចិននេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវជោគជ័យជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រច្រើនលើសលុប រហូតដល់គ្រប់អាសនៈនៅក្នុងរដ្ឋសភាទាំងអស់តែម្តង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅអ្នកវិនិយោគរបស់ចិនថា ជោគជ័យនេះ បានមកដោយសារតែការធ្វើកំណែទម្រង់ជាច្រើន របស់រាជរដ្ឋាភិបាល ដូចជាបញ្ហាដីធ្លី ការផ្តល់សេវាសាធារណៈ សេវាសង្គម ជាពិសេសការខិតខំដោះស្រាយលើជីវភាព និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើតាមការបញ្ជាក់របស់លោកជំទាវ ថាមរុង្គ នៅក្នុងជំនួបរយៈពេលប្រមាណជា២ម៉ោង មានប្រធានបទជាច្រើន ត្រូវបានលើកឡើងរវាង សម្ដេចតេជោ ហ៊ុន សែន និងអ្នកវិនិយោគរបស់ចិន ដោយផ្តោតជាសំខាន់ទៅលើការវិនិយោគនៅក្នុងប្រទេស។

លោកជំទាវ ថាមរុង្គ បានអះអាងថា បើទោះបីបញ្ហាវិនិយោគជាច្រើនត្រូវបានលើកឡើងយ៉ាងណាក្តី តែសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកវិនិយោគចិនថា វិស័យអាទិភាពដែលរាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់នោះ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែលវិស័យទាំងនេះទោះបីអភិវឌ្ឍន៍ ២០-៣០ឆ្នាំទៅមុខទៀត ក៏មិនត្រូវអាចគ្រប់គ្រាន់សម្រាប់កម្ពុជានោះឡើយ។

ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ការវិនិយោគទៅលើវិស័យទាំងអស់នេះ។ ពាក់ព័ន្ធការវិនិយោគនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានអះអាងប្រាប់អ្នកវិនិយោគចិនថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគបរទេសទាំងអស់ មិនថាជាអ្នកវិនិយោគតូចឬធំនោះទេ ពោលក្រុមហ៊ុនណាមកមុនទទួលបានឱកាសវិនិយោគមុនគេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកវិនិយោគរបស់ចិនសម្លឹងមើល ការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាផងដែរ ដ្បិតវិស័យទេសចរណ៍នៅកម្ពុជាកំពុងមានភាពល្អប្រសើរ ជាពិសេសបច្ចុប្បន្នទទួលបានអ្នកទេសចរចិនកាន់តែច្រើន បន្ទាប់ពីប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាកាន់តែច្រើន។

បន្ទាប់ពីបានស្តាប់នូវចក្ខុវិស័យមួយចំនួនលើការអភិវឌ្ឍប្រទេសចិន ក៏ដូចគោលការណ៍ផ្សេងពាក់ព័ន្ធលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយនោះ គណៈប្រតិភូអ្នកវិនិយោគចិន បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេសចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជា។

នៅចំពោះមុខប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រុមអ្នកវិនិយោគរបស់ប្រទេសចិន បានគូសបញ្ជាក់ថា ពួកគេមានទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសការធ្វើឲ្យមានស្ថេរភាពនយោបាយ និងការៀបចំឲ្យច្បាប់វិនិយោគល្អៗ ដែលជាការផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគ។ ជាពិសេសការធ្វើឲ្យចំណងមិត្តភាពកម្ពុជា និងចិន កាន់តែល្អប្រសើរ។ គណៈប្រតិភូ បានថ្លែងថា ពួកគេចង់ឃើញសម្ដេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជាបានយូរទៅមុខទៀត ដើម្បីធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា បច្ចុប្បន្នចិនបានឈរនៅដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអាចលនទ្រព្យ វារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រសហគ្រាសជាដើម។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ទំហំវិនិយោគរបស់ចិននៅកម្ពុជាមានជិត ២ពាន់លានដុល្លារអាមេរិក។
ការវិនិយោគរបស់ចិននៅកម្ពុជា ត្រូវបានក្រុមអ្នកវិនិយោគធំមើលឃើញថា កំពុងរួមចំណែកជួយដល់ភាពរីកចម្រើនរបស់កម្ពុជា និងឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាបានវិវឌ្ឍន៍ទៅរកភាពល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង