សម្រស់រំជួលមួយសហស្សវត្សរ៍របស់គំនូរថាំងខាមកពីទីបេតិ៍ ប្រទេសចិន

ខ្ពង់រាបទីបេតិ៍ស្ថិតក្នុងភាគខាងជើងនៃជួរភ្នំហ៊ីម៉ាឡាយ៉ា មានកម្ពស់ជាមធ្យម៤៨៨០ ម៉ែត្រ។ តំបន់ខ្ពង់រាបទីបេតិ៍មានអាកាសធាតុរងាខ្លាំង ខ្វះអុកស៊ីហ្សែន និងដាច់ស្រយាលពីមនុស្សលោក ជនជាតិទីបេតិ៍ បានបង្កើតព្រះពុទ្ធសាសនាទីបេតិ៍ ដោយរួមផ្សំពុទ្ធសាសនាឥណ្ឌាបុរាណ និងសាសនាដែលមានដើមកំណើតក្នុងតំបន់ខ្ពង់រាបទីបេតិ៍ ។ គំនូរថាំងខា ជារបៀបគូរគំនូរដ៏ពិសេសនៃពុទ្ធសាសនាទីបេតិ៍ និងជាបេតិកភណ្ឌវប្បធម៌អរូបីលើពិភពលោក ដែលទទួលស្គាល់ពីអង្គការយូណេស្កូ (UNESCO)។ ក្នុងដំណើរវិឌ្ឍន៍ គំនូរថាំងខាបានទទួលឥទ្ធិពលពីរចនាប័ទ្មវិចិត្រសិល្បៈព្រះពុទ្ធសាសនា ក្នុងតំបន់ផ្សេងគ្នា ហើយបានលេចចេញទិដ្ឋភាពដ៏ពិសេសនៃវិចិត្រសិល្បៈជនជាតិទីបេតិ៍ ។ សិល្បៈគូរគំនូរថាំងខា ត្រូវបានស្នងពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយឪពុកបង្រៀនកូន ឬគ្រូបង្រៀនសិស្សក្នុងពេលអនុវត្ត។

ជនជាតិទីបេតិ៍ ជាជនជាតិបុរាណមួយដែលរស់នៅលើខ្ពង់រាបទីបេតិ៍ បច្ចុប្បន្នមានមនុស្សសរុបចំនួន៦.២៨២.១៨៧នាក់។ ជនជាតិនេះគូរគំនូរថាំងខាយ៉ាងសម្បូរបែប ដោយយករូបបដិមាព្រះពុទ្ធជាសំខាន់ ដែលបានគ្របដណ្ដប់លើរឿងព្រះពុទ្ធសាសនា ជីវប្រវត្តិរបស់អ្នកល្បីនិងព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្រ ដូចជារឿង‌ <សិរីមង្គលសម្បត្តិប្រាំបី> <វដ្តជីវិត> និង <ម៉ានដាឡា> ក៏ជាប្រធានបទដែលបង្ហាញញឹកញាប់ក្នុងគំនូរថាំងខាផងដែរ។ ទោះបីខ្លឹមសារសម្រាប់បង្ហាញត្រូវបានកំណត់ដោយទ្រឹស្ដីព្រះពុទ្ធសាសនាទីបេតិ៍ ក៏ដោយ ក៏ប៉ុន្តែខ្លឹមសារសាសនានៅបានបំភ្លឺគំនិតរចនារបស់ជាងគំនូរជាដរាប។
រចនាបថគំនូរថាំងខា មានលក្ខណៈល្អិតល្អនិងឆើតឆាយប្រណីត ដោយបង្ហាញពីគំនិតរៀបគំនូរយ៉ាងប្រណីតនិងជំនាញដ៏ខ្ពស់។

ដោយសារបានប្រើជាតិពណ៌រុក្ខជាតិនិងរ៉ែដ៏ថ្លៃ និងកម្រមាន ជាសម្ភារគូរគំនូរ បានធ្វើឲ្យគំនូរថាំងខាអាចរក្សាភាពថ្មីបានយូរ និងមិនប្រែពណ៌។ ជាងគំនូរថាំងខាតែងតែត្រូវការស្វែងរកនិងធ្វើផ្ទាំងក្រណាត់សមស្របគូរ កិនវត្ថុធាតុដើមជាតិពណ៌ ស្ល ទឹកកាវ រចនានិងកែសម្រួលឧបករណ៍សម្រាប់គូរ ដូចជា ក្របរូបភាព និងជក់។ល។ គំនូរថាំងខាមានភាពដូចគ្នាមួយចំនួននិងភាពខុសគេជាច្រើននឹងគំនូរបុរាណផ្សេង ទោះបីប្រើ បច្ចេកទេសគូរដូចគ្នាក៏ដោយ។ ការគូររបស់ជាងគំនូរទីបេតិ៍ នៅបង្ហាញលក្ខណៈពិសេស រីឯការប្រើបច្ចេកទេសគូរនិងជាតិពណ៌ផ្សេងគ្នា បានធ្វើឲ្យគំនូរថាំងខាមានទិដ្ឋភាពខុសគេ។
ភាពប្រិមប្រិយផ្នែកសិល្បៈដែលកប់ក្នុងគំនូរទីបេតិ៍ មិនគ្រាន់តែបង្ហាញអំពីការរស់នៅរបស់ជនជាតិទីបេតិ៍ ថែមទាំងបង្ហាញពីភាពសម្រស់និងរស់រវើកនៃពណ៌ឆើតឆាយ។ ជនជាតិ ទីបេត៍និយមប្រើពណ៌ស លឿង ខៀវ ក្រហម បៃតង ហើយជួនកាលប្រើពណ៌ក្រហម បៃតង និងខៀវឲ្យបានទន្ទឹមគ្នា ជួនកាលបន្ថែមពណ៌ទី៣ក្នុងពណ៌ទាំង២ដែលស៊ីសង្វាក់គ្នាឲ្យបញ្ចញភាពខុសស្រឡះ។

គំនូរថាំងខាពណ៌មាស គឺប្រើពណ៌មាសជាពណ៌ស្រទាប់ក្រោម ហើយប្រើជក់គូរខ្សែបន្ទាត់នៃរូបភាពទាំងអស់ ដោយប្រើពណ៌ខុសស្រឡះពីពណ៌ស្រទាប់ក្រោម។ ឧទាហរណ៍ថា ប្រើរ៉ែពណ៌ក្រហម ឬជាតិពណ៌ខ្មៅគូរខ្សែសរសៃយ៉ាងរលូន ផ្នែករបោះនិងផ្នែកញឹកស៊ីសង្វាក់គ្នា។ ជួនកាលក៏អាចប្រើពណ៌លើសពី២ប្រភេទមកគូរខ្សែ ជួនកាលយករ៉ែពណ៌ក្រហម ឬរ៉ែទង់ដែងពណ៌ខៀវស្រាលមកលាបផ្ទៃរូបឲ្យរាបស្មើ។ ដោយសារពណ៌ស្រទាប់ក្រោមជាពណ៌មាសយ៉ាងឆើតឆាយ បានធ្វើឲ្យរូបភាពដែលគូរដោយខ្សែឯកកាន់តែបំផុតចេញបានយ៉ាងរស់រវើក។

ទោះជាគំនូរថាំងខាយកព្រះពុទ្ធសាសនាជាខ្លឹមសារសំខាន់ក៏ដោយ ក៏ប៉ុន្តែសម្បូរទៅដោយភាពរស់រវើកដោយសារមានការបញ្ចូលជាបន្តបន្ទាប់នូវវិចិត្រសិល្បៈប្រជាប្រិយ។ ក្នុងប្រវត្តិវិវឌ្ឍដ៏យូរនៃគំនូរថាំងខា ជាងគំនូរថាំងខាជាច្រើនរូបបានបញ្ចូលរចនាប័ទ្មសម្បូរបែបយ៉ាងក្នុងគំនូរថាំងខា និងធ្វើកំណែឆ្នៃនិងនវានុវត្តន៍លើបច្ចេកទេសគូរ បានធ្វើឲ្យគំនូរថាំងខាបង្កប់មានបទពិសោធន៍ដ៏មានតម្លៃនិងមិនអាចជំនួសបាន។ គំនូរថាំងខាដែលជាទ្រព្យសម្បត្តិចម្រុះមួយ បានក្លាយទៅជាប្រភពបំភ្លឺគំនិតក្នុងការរចនានាសម័យទំនើបនេះ។

ដោយសារតែ កម្ពុជានិងចិន មានប្រវត្តិយូរយារមកហើយលើទំនាក់ទំនងវប្បធម៌ព្រះពុទ្ធសាសនា ដូចមានទឡ្ហីករណ៍បានបញ្ជាក់ស្រាប់ថា កាលពីឆ្នាំ៤២០ ព្រះតេជគុណ ហ្វា សៀន ដែលជាព្រះសង្ឃដ៏ល្បីនៅប្រទេសចិន បាននិមន្តទៅថ្វាយបង្គុំព្រះពុទ្ធ និងសុំធម៌នៅប្រទេសឥណ្ឌា ដោយធ្វើដំណើរឆ្លងកាត់អាណាចក្រហ្វូណន។ កាលពីសតវត្សរ៍ទី៧ ប្រទេសកម្ពុជានាសម័យចេនឡា ស្របពេលដែលប្រទេសចិនស្ថិតនៅក្នុងរជ្ជកាលសុងខាងត្បូង ព្រះពុទ្ធសាសនាហីនយានត្រូវបានចម្លងចូលក្នុងតំបន់យូណាន ប្រទេសចិន ហើយមានពុទ្ធសាសនិកជនច្រើននៅតំបន់ជនជាតិភាគតិចដែលស្ថិតក្នុងភាគនិរតីចិន។ ព្រះតេជគុណ សៀន ហ្សាំង ព្រះសង្ឃជាន់ខ្ពស់ក្នុងរជ្ជកាលថាំង ជាបេសកជនជំរុញការផ្លាស់ប្ដូរវប្បធម៌ព្រះពុទ្ធសាសនារវាងរាជវង្សថាំង ឥណ្ឌាបុរាណ និងអាណាចក្រចេនឡា។ ព្រះសង្ឃរបស់អាណាចក្រចេនឡាបានពេញនិយមនិមន្តមកអាណាចក្រថាំងក្នុងសម័យនោះ ដើម្បីចម្លងនិងបកប្រែធម៌។ សៀវភៅកំណត់ត្រារបស់រជ្ជកាលថាំងបានកត់ត្រាថា អាណាចក្រចេនឡាបានបញ្ជូនបេសកជនមកដល់អាណាចក្រថាំង ចំនួន១៨លើក នេះបានបង្ហាញឃើញពីសកម្មភាពផ្លាស់ប្ដូរវប្បធម៌ព្រះពុទ្ធសាសនាយ៉ាងសន្ធឹកសន្ធាប់។

ដើម្បីតភ្ជាប់និរន្តរភាពនៃទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន រួមជាមួយនឹងការចូលរួមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជានិងចិន ទើបសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានអញ្ជើញអ្នកជំនាញពុទ្ធសាសនាទាំងជនជាតិខ្មែរ ទាំងជនជាតិចិនមកចូលរួមផ្តល់ពុទ្ធិនាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និសីទរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា។ (បញ្ជាក់៖ សូមនិមន្ត និងអញ្ជើញចូលរួមដោយមេត្រីភាព)

អត្ថបទ៖ បណ្ឌិត ជា មុនីឫទ្ធិ

 

អត្ថបទដែលជាប់ទាក់ទង