រួមគ្នាថែរក្សាសោភណ្ឌភាពបរិស្ថានតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖​ ដើមី្បឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមថែរក្សា និង លើកកម្ពស់នូវសោភណ្ឌភាពបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយព័ណ៌បៃតង និង ការទ្រទ្រង់ការពារថែរក្សាប្រាង្គប្រាសាទ កុំឱ្យមានការរេចសិកពីឥទ្ធិពលនៃធម្មជាតិ នៅចុងសប្តាហ៍ថ្ងៃ សៅរ៍ទី​១ ខែកញ្ញា ឆ្នាំ២០១៨នេះ សមាគមធនធាន មនុស្សខេត្តសៀមរាប រួមសហការជាមួយអាជ្ញាធរជាតិអប្សរា បាននាំយកកូនឈើចំនួន ២ពាន់៣០០ដើម ជាប្រភេទឈើទាល ​ គគីរ និង កកោះ ទៅ​ដាំនៅលើផ្ទៃដី៣ហិចតា នៅខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីបុគ្គលិកមកពីក្រុមហ៊ុន ចំនួន ២៤ ដែលបម្រើវិស័យទេសចរណ៍ នៅក្នុងខេត្តចំនួន ៣១០នាក់ចូលរួម ។

តាមការបញ្ជាក់របស់តំណាងសមាគមធនធានមនុស្ស បានឱ្យដឹងថា៖ ការដាំកូនឈើនេះ បានសម្តែងនូវការចាប់អារម្មណ៍ថា កិច្ចទាំងនេះគឺជាស្មារតីរបស់យើងត្រូវចូលរួមទាំងអស់គ្នាដាំដើមឈើ ព្រោះវាបានទាំងការពារបរិស្ថានផង ជាការចែករំលែកគំរូល្អដល់សង្គមផង និង ជួយលើកស្ទួយតម្លៃទេសចរណ៍ផង ក្នុងការថែរក្សាសម្បត្តិវប្បធម៌របស់ មនុស្សជាតិនៅលើពិភពលោក ។

លោក យិត សូវ៉ាត ប្រធានគ្រប់គ្រងឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរជាតិអប្សា បានឱ្យដឹងថា កូនឈើដែលយកមកដាំសរុបទាំងអស់ចំនួន២​៣០០ដើម មាន ឈើ ទាល ១ពាន់ដើម គគីរ ៧០០ដើម និងកកោះ ៥០០ដើម ។ កូនឈើទាំងអស់នឹងរស់គ្រប់ដើម ព្រោះមជ្ឈដ្ឋានជុំវិញមិនមានការបំផ្លាញ ហើយប្រហែលជា៧ទៅ១០ឆ្នាំ ព្រៃពូជនេះនឹងលូតលាស់ល្អបំផុត ក្រោមការថែទាំពីបុគ្គលិកព្រៃឈើក្នុងឧទ្យានអង្គរក្រោយពេលដាំរួច។ ដូច្នេះហើយ ក្រុមការងារព្រៃឈើក្រៅពីមានតួនាទីទ្រទ្រង់ប្រាសាទ គឺយកចិត្តទុកដាក់ខ្លាំងលើការការពារបរិស្ថាននៅជុំវិញប្រាសាទ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និង តម្កល់ឯកសារអង្គរ ក៏បានឱ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធីដាំកូនឈើនេះថា អាជ្ញាធរជាតិអប្សរាតែងតែប្រារព្ធពិធីដាំដើមឈើជារៀងរាល់ឆ្នាំ តែនេះជាករណីពិសេសដែលអាជ្ញាធរជាតិអប្សរា សហការជាមួយភ្នាក់ងារឯកជនជាច្រើន ក្នុងការបំផុសដល់យុវជនយើងឱ្យចូលរួមចំណែកថែរក្សាបរិស្ថាន អភិរក្សពូជឈើដែលជិតផុតពូជ ដើម្បីតបស្នងទៅអង្គរវិញ ព្រោះពួកគាត់អាស្រ័យផលនឹងអង្គរ ។ លើសពីនេះទៅទៀត កម្មវិធីនេះជាការចំណែកមួយនៃការបម្រើដល់ការអប់រំបេតិកភណ្ឌ តាមរយៈការបណ្តុះបណ្តាលដល់សិស្សកម្ពុជាគ្រប់រូបឱ្យពួកគេចេះស្រឡាញ់ ថែរក្សា ស្រាវជ្រាវមរតកបេតិកភណ្ឌ ក្នុងតំបន់ឱ្យបានប្រសើរដើមី្បជាអ្នកបន្តវេនពីមនុស្សចាស់ ។

លោកក៏បានលើកផងដែរអំពីអត្ថប្រយោជន៍នៃព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ដែលជាជម្រកដ៏សុខសាន្តមួយសម្រាប់ប្រាង្គប្រាសាទរបស់យើង ក្នុងការការពារគ្រោះធម្មជាតិ និង ទ្រទ្រង់គ្រឹះនៃប្រាសាទឱ្យបានរឹងមាំយូអង្វែង និង ភាពរិចសិកប្រាង្គប្រាសាទជាដើម ។ ម៉្យាងទៀតការដាំកូនឈើឡើងវិញនេះ ក៏ជា កាលើកកម្ពស់នូវសោភណ្ឌភាពតំបន់រមណីយដ្ឋានវប្បធម៌នៃយើងឱ្យប្រកបទៅដោយពណ៌បៃតង ។ លោកក៏បានធ្វើការ បញ្ជាក់ផងដែរថា កម្ពុជាយើងមានភ័ពវាសនាធ្វើជាម្ចាស់ នៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ នៅលើពិភពលោកយើងនេះ ។ ការដាំកូនឈើនេះ នឹងធ្វើឱ្យទីនេះប្រែក្លាយជាតំបន់ទេសចរណ៍ប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកទាំងថែរក្សាបរិស្ថាន ការទ្រទ្រង់ប្រាសាទ ទាក់ទាញទេសចរ ដែលប្រតិបត្តិករទេសចរណ៍ទាំងអស់គួរធ្វើដើម្បីសងគុណទៅដល់ប្រាង្គប្រាសាទអង្គរយើង បានឈរនៅបង្ហាញនូវភាពមហាអស្ចារ្យដ៏ល្បីល្បាញនៅលើពិភព លោកបានយូអង្វែងទៅអនាគត ៕ដោយ៖ប៊ុនរិទ្ធី(CSC)

 

អត្ថបទដែលជាប់ទាក់ទង