លោក ទៀ សីហា អាចនឹងក្លាយជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវចូលនិវត្តន៍

សៀមរាប៖ លោក ទៀ សីហា កូនប្រុសបង្កើតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អាចនឹងក្លាយជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវចូលនិវត្តន៍។ លោក ឃឹម ប៊ុនសុង អាចទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំនួសលោក នូ ផល្លា ដែលជាប់ឆ្នោត ជាតំណាងរាស្ត្រ អាណត្តិទី៦។

គួរបញ្ជាក់ថា លោក ឃឹម ប៊ុនសុង អតីតមេបញ្ជាការតំបន់សឹករងខេត្តសៀមរាប ត្រូវបានមកកាន់តំណែងជាអភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ជំនួសលោក ស៊ូ ភិរិន្ទ ដែលរហូតមកដល់ឆ្នាំ២០១៨នេះ មានរយៈពេល៥ឆ្នាំមកហើយ។

លោក ទៀ សីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាអភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ និងប្រកាស់ចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។

មជ្ឍដ្ឋាននានា និងតាមបណ្ដាញសង្គមហ្វេប៊ុកបង្ហោះចែកចាយថា លោក ទៀ សីហា អាចត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង។

លោក ទៀ សីហា បានប្រាប់អ្នកសារព័ត៌មានយើងថា ខ្ញុំមិនទាន់ដឹងយ៉ាងណាទេ ខ្ញុំមិនមានសិទ្ធិណាសម្រេចទេ រឿងនេះសំខាន់គឺថ្នាក់ដឹកនាំរបស់ក្រសួងទេ ជាអ្នកសម្រេច។ យ៉ាងណាប្រជាពលរដ្ឋនៅខេត្តសៀមរាប ហាក់បីមានការគាំទ្រ ចំពោះវត្តមានលោក ទៀ សីហា បើតំណែងបានជាអភិបាលខេត្តសៀមរាប ដែលជាខេត្តតំបន់ទេសចណដ៍សំខាន់មួយរបស់កម្ពុជា។ ប្រជាពលរដ្ឋនៅខេត្តសៀមរាប ជាពិសេសនៅក្រុងសៀមរាប រំពឹងថា អភិបាលខេត្តសៀមរាប ថ្មីអាចនឹងធ្វើឱ្យល្អប្រសើរ ចំពោះផ្លូវនៅក្រុងសៀមរាប ដែលអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ហាក់មិនអើពើយកចិត្តទុកដាក់ ចំពោះផ្លូវដែលរងការខូចជាច្រើនខ្សែឡើយ៕ ដោយៈ BRT

អត្ថបទដែលជាប់ទាក់ទង