រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយម្ចាស់មេដាយអាស៊ានហ្គេម នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ កីឡាករ-កីឡាការិនី ម្ចាស់មេដាយមាសកីឡាអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម្យ និងសំណេះសំណាលភ្លាមៗ បន្ទាប់ពីត្រឡប់មកដល់ប្រទេសវិញ នៅវេលាម៉ោង៤ ល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងនាយបេសកកម្ម ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងពីប្រទេសឥណ្ឌូនេស៊ីថា ស្របពេលកម្ពុជាដណ្តើមបានមេដាយមាស២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង នៅក្នុងការប្រកួតកីឡាអាស៊ី សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវរៀបចំនូវក្បួនដង្ហែរយ៉ាងអធិកអធមបំផុត ដោយមានម៉ូតូធំអម ដើម្បីទទួលស្វាគមន៍ពេលត្រឡប់មកវិញ។

ឯកឧត្តមបន្ដថា ជួសមុខឱ្យប្រតិភូ និងកីឡាករ គ្រូបង្វឹក បានសម្ដែងនូវការគោរពដឹងគុណ ហើយកាយវិការរបស់សម្តេចនាពេលនេះជំរុញឲ្យកីឡាករ-កីឡាការិនីកាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែងស្វែងរកមេដាយជូនប្រទេសជាតិបន្ថែមទៀត ។

ប្រទេសកម្ពុជាបានឈរលេខរៀងទី២២ ដោយមានមេដាយមាស២ និងសំរឹទ្ធ១ ដែលដណ្តើមបានដោយកីឡាការិនី ចាសា ខាន់ និងកីឡាករ អ៊ួមើត សាលី៕

អត្ថបទដែលជាប់ទាក់ទង