នៅថ្ងៃស្អែកនេះ!!! សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំបាឋកថាស្ដីពី “ព្រះពុទ្ធសាសនានៅទីបេតិ៍” ក្រោមការគាំទ្រពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ដោយមានកិច្ចសហការរវាង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ជាមួយមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំនៅកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំនូវកម្មវិធីបាឋកថាស្ដីពី “ព្រះពុទ្ធសាសនានៅទីបេតិ៍” ក្រោមការគាំទ្រពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាជាតិទទួលបន្ទុកជនជាតិភាគតិចរបស់ប្រទេសចិន ក្រសួងរប្បធម៌ និងទេសចរណ៍ប្រទេសចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា។

កម្មវិធីបាឋកថានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមុនីកោសល្យ ឃឹម សន ព្រះចតុម្មុខមង្គលរង្សី មេគណរាជធានីភ្នំពេញ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) និងឯកឧត្តម ចាង ឈីងអាន អគ្គនាយកក្រុមប្រឹក្សាជាតិទទួលបន្ទុកជនជាតិភាគតិចរបស់ប្រទេសចិន ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ សាស្ត្រាចារ្យ បុគ្គលិក រួមទាំងនិស្សិតថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទាំងអស់ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

កម្មវិធីនេះធ្វើនៅវេលាម៉ោង៥ៈ០០នាទីល្ងាច ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (សាលសន្និសីទ ជាន់ទី៤) ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២)។

គោលបំណងនៃ ការរៀបចំកម្មវិធីបាឋកថាស្ដីពី “ព្រះពុទ្ធសាសនានៅទីបេតិ៍” នេះធ្វើឡើង ដើម្បីតភ្ជាប់និរន្តរភាពនៃទំនាក់ទំនងរវាងប្រជាជាតិយើងទាំងពីរ (កម្ពុជា-ចិន) រួមជាមួយនឹងការចូលរួមអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ទើបសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានអញ្ជើញអ្នកជំនាញពុទ្ធសាសនាទាំងជនជាតិខ្មែរ ទាំងជនជាតិចិន មកចូលរួមផ្តល់ពុទ្ធិ ដែលជាអត្តប្រយោជន៍ដ៏សំខាន់មួយ សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង