ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង​ឱកាស​ទទួល​ស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជា នាំ​​មេដាយមាសពីអាស៊ី Asian Games

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង​ទទួល​ស្វាគមន៍​ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និង​អត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយការ​ស្ពាយ​មកនូវកិត្តិយសដ៏ធំធេងសម្រាប់ជាតិមាតុភូមិមិនធ្លាប់មាននៅក្នុង​ប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំមកហើយនោះ។ ការទទួល​ស្វាគមន៍​ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិក​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅវិមានសន្តិភាព។

ក្នុងកិច្ចស្វាគមន៍នោះ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍​សំខាន់ៗ​មួយចំនួនដូចខាងក្រោមនេះ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា លោក សាលីត អ៊ូមើត និងកញ្ញា ខាន់ ចេសា មិនបានធ្វើឲ្យការរង់ចាំរបស់សម្តេច និងជាតិខ្មែរទាំងមូលខកបំណងនោះឡើយ។

* សម្តេចតេជោបានថ្លែងថា កញ្ញា ស៊ន សៀវម៉ី, លោក សាលីត អ៊ូមើត និងកញ្ញា ខាន់ ចេសា បានបំបែក​ប្រវត្តិសាស្ត្រ​ថ្មីបន្ទាប់​ពីបានរង់ចាំអស់រយៈពេលជាង ៦០ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិន​មែន​នរណា​ក៏​ចេះ​តែ​ឲ្យគេសរសេរប្រវត្តិរបស់ខ្លួនបាននោះឡើយ ពោលវា​ស្ថិត​នៅ​លើខ្លួនឯងផ្ទាល់តែម្តង។ ដូចជាកញ្ញា ស៊ន សៀវម៉ី លោក សាម៉ីត អ៊ូមើត និងកញ្ញា ខាន់ ចេសា ជាដើម ពួកគេបាន​បំបែក​កំណត់​ត្រាប្រវត្តិសាស្ត្ររបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេល​៦៤​ឆ្នាំ​ទម្រាំ​ដណ្តើម​បានមេដាយមាសនេះ គឺជាជោគ​ជ័យ​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា។ សម្តេចតេជោ បន្តថា ជនបរទេសទាំងឡាយ ដែលបាន​ជួយបណ្តុះបណ្តាលហ្វឹកហាត់កីឡាករ កីឡាការិនី​ដណ្តើម​មេដាយមាសពីកីឡាអាស៊ីនេះ គឺជា​ការ​នាំ​មក​នូវ​មោទនភាព​ជាតិកម្ពុជាទាំងមូល។

* សម្តេចតេជោ បន្ថែមថា បើទោះបី​កម្ពុជា​ដណ្តើម​មេដាយ​ពី​កីឡា​អាស៊ី និងកីឡាក្នុងតំបន់ដទៃទៀត ប៉ុន្តែ​កីឡា​អូឡាំ​ពិក​កម្ពុជាមិនទាន់ដណ្តើមបាននៅឡើយទេ។

* សម្តេចតេជោ ហ៊ុន សែន តាមរយៈកញ្ញា ខាន់ ចេសា ម្ចាស់​មេដាយ​មាសកីឡាអាស៊ី បានថ្លែង​អំណរ​គុណ​ដល់​អាណា​ព្យាបាល​របស់ពួកគេ ដែលបានអនុញ្ញាតឲ្យកញ្ញា​មក​ជួយ​ដណ្តើម​មោទនភាពសម្រាប់ជាតិកម្ពុជា។ សម្តេចតេជោ រំពឹង​ថា កញ្ញា ខាន់ ចេសា នឹង​បន្ត​ចូល​រួម​ប្រកួត​ក្នុង​ជា​ពលរដ្ឋ​កម្ពុជា​​ទៅមុខទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិត្តិយស​ដែល​ដណ្តើម​បាន​នេះមិនមែនត្រឹមតែជាកិត្តិយសរបស់លោក សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា នោះទេ តែជាមោទនភាព​របស់​ជាតិ​ទាំង​មូល។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរំពឹងថា គណបក្ស​នយោបាយនានា នឹងមិនកំណាញ់ត្រឹមការអបអរសាទរចំពោះ​ជោគ​ជ័យរបស់កីឡាករ និងកីឡារិនីទាំងពីររូបនោះទេ។

* សម្តេចតេជោ បានលើកឡើងថា ពីអតីតកាល​គណបក្ស​នយោបាយប្រឆាំងរាជរដ្ឋាភិបាល គេមិនហ៊ាន​អបអរ​សាទរ​ចំពោះជោគជ័យរបស់កីឡាករ កីឡាការិនីរបស់​ខ្មែរ​នោះ​ទេ ព្រោះគេខ្លាចលើកមុខលើក​មាត់រាជ

រដ្ឋាភិបាល​របស់​សម្តេច។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និង​ព្រះមហាក្សត្រី ក៏បានសម្តែង​ទឹកព្រះទ័យ​អបអរសាទរ​ផងដែរ​ចំពោះ​ដំណឹងដ៏រីករាយនេះ។ សម្តេចតេជោ សង្ឃឹមថា ខ្មែរ​គ្រប់​​រូបនឹង​​មានមោទនភាពចំពោះជោគជ័យនេះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅដល់កីឡាករ កីឡា​ការិនី ដែលមិនទាន់ទទួលបានជ័យលាភី​ត្រូវបន្តប្រឹងប្រែង​ហ្វឹក​ហាត់បន្តទៅទៀត ហើយក្រសួងអប់រំ និងគណៈកម្មាធិការ​អូឡាំពិក ត្រូវខិតខំបន្តទៅទៀត ព្រោះការ​ទទួល​បាន​មេដាយ​នេះ​មិនទាន់គ្រប់គ្រាន់នៅឡើយទេ។

* សម្តេចតេជោ បានថ្លែងថា សម្តេច​ធុញទ្រាន់​នឹង​ការ​ប្រមាថ​មើលងាយរបស់បរទេសទាំងឡាយ ហើយសម្តេច​បាន​គូសបញ្ជាក់ថា ពួកគេគ្រាន់តែមានវាសនាបានកើត នៅក្នុង​ប្រទេស​​​អ្នកមានតែប៉ុណ្ណោះ ប៉ុន្តែមិន​ប្រាកដថា​ខួក្បាល​ឆ្លាត​ជាង​សម្តេច និងពលរដ្ឋកម្ពុជានោះឡើយ។

* សម្តេចតេជោ បានថ្លែងថា ដើមអាណត្តិទី៥ រាជរដ្ឋាភិបាលរបស់សម្តេចដណ្តើមបានមេដាយមាសមួយ គ្រឿងពីកីឡាកាអាស៊ី ដោយកញ្ញា ស៊ន សៀវម៉ី ហើយនៅចុង អាណត្តិដណ្តើមបានមេដាយមាសពីរគ្រឿងទៀត។ សម្តេច​តេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាជោគជ័យ​របស់រាជរដ្ឋាភិបាល តាមរយៈនៃការប្រឹងប្រែងរួមគ្នា របស់​រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ សម្តេចនឹងក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​នៃ​អាណត្តិទី៦ហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ដែល​​បានជួយសម្របសម្រួលដល់កីឡាករ កីឡាការិនី និង​ប្រតិភូកីឡាខ្មែរក្នុងការចូលរួមប្រកួតកីឡាអាស៊ីនៅឥណ្ឌូនេស៊ី។

* ក្រៅពីប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ៨០លាន​រៀល​ហើយ​នោះ កញ្ញា ខាន់ ចេសា ក៏ទទួលបានប្រាក់ឧបត្ថម្ភពីសម្តេច ១០,០០០ដុល្លារ​​ផងដែរ។ ជាមួយគ្នានេះ គ្រូបង្វឹកទទួលបាន​ប្រាក់​រង្វាន់របស់រាជរដ្ឋាភិបាល ៨០លានរៀល និងប្រាក់​ឧបត្ថម្ភដោយផ្ទាល់របស់សម្តេច ១ម៉ឺនដុល្លារផងដែរ។

* កីឡាករ សាលីត អ៊ូមើត ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិ​បាល១០៤លានរៀល និងប្រាក់ឧបត្ថម្ភពីសម្តេច ១៣,០០០ដុល្លារ​។ គ្រូបង្វឹកទទួលបានពីរាជរដ្ឋាភិបាល ៨០លាន​​រៀល និងពីសម្តេច ១ម៉ឺនដុល្លារ។

* សម្តេចតេជោ បានលើកឡើងថា អាណត្តិថ្មី​នឹង​ពិនិត្យ​លើ​ការ​ផ្តល់​ប្រាក់រង្វាន់ដល់កីឡាករ កីឡាការិនី ដែល​ដណ្តើម​បាន​ជ័យ​លាភី។ តែសម្តេចបានសង្កត់ធ្ងន់ថា ប្រាក់រង្វាន់​ជា​រឿង​មួយ​ ប៉ុន្តែអ្វីដែលសំខាន់គឺការនាំកិត្តិយសសម្រាប់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនស្អប់​អាមេរិក​ទេ តែសម្តេចស្អប់​តែអ្នក​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​កម្ពុជា​តែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសសម្តេច​ចំនួន​ពីរ​​រូប គឺឯកឧត្ដម ហ៊ុន ម៉ាណែត និងឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ចប់​ការ​សិក្សានៅសហរដ្ឋអាមេរិក។ ឯកឧត្ដម ហ៊ុន ម៉ានី បញ្ចប់​ការ​សិក្សា​អនុបណ្ឌិតផ្នែកការពារជាតិ ហើយការសិក្សា​នេះ​គឺ​អាមេរិក​ជាអ្នកផ្តល់ឲ្យមិនមែនសម្តេចសុំនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចៅរបស់​សម្តេច​មួយ​មាន​សញ្ជាតិអាមេរិក ត្រូវបានផ្តាច់វិញហើយ៕

 

អត្ថបទដែលជាប់ទាក់ទង