មន្ទីរកសិកម្មខេត្តសៀមរាបត្រៀមសង្រ្គោះស្រូវជាង២ពាន់ហិកតា នៅស្រុកចំនួន៣​ដែលរងគ្រោះដោយសារភាពរាំងស្ងួត

សៀមរាប៖ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបអះអាងថា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករជាង២ពាន់ហិកតា ដែលរងគ្រោះដោយសារភាពរាំងស្ងួត នៅស្រុកចំនួន៣ក្នុងខេត្តសៀមរាបរួមមាន ស្រុកក្រឡាញ់  ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ហើយប៉ះពាល់ដល់ដំណាំស្រូវជាង២ពាន់ហិកតា ព្រោះដោយសារតំបន់ទាំងនោះមិនមានប្រភពទឹកគ្រប់គ្រាន់សំរាប់ការងារបង្កបង្កើនផល។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា អាជ្ញាធរខេត្តសៀមរាបបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយប្រជាកសិករ ខណៈដែលដំណាំស្រូវរបស់ពួកគាត់បានជួបគ្រោះរាំងស្ងួត ដែលគ្រោះរាំងស្ងួតនេះ បានកើតឡើងនៅស្រុកចំនួន៣ គឺស្រុកក្រឡាញ់​  ស្រុកស្រីស្នំ និងស្រុកអង្គរជុំ ហើយប៉ះពាល់ដល់ដំណាំស្រូវជាង២ពាន់ហិកតា ព្រោះដោយសារតំបន់ទាំងនោះមិនមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផល ។

លោកបានមានប្រសាសន៍បន្តថា៖ មន្ទីរកសិកម្មខេត្តបានសហការជាមួយមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលរងការខូចខាត ហើយមកទល់ពេលនេះស្ថានភាពរងគ្រោះហាក់មានភាពល្អប្រសើរជាងមុន ដោយសាមានភ្លៀងធ្លាក់នៅតំបន់ទាំងនោះខ្លះហើយកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ហើយសម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតស្រូវទាំងស្រុង មន្ទីរក៏បានត្រៀមគ្រាប់ពូជសម្រាប់ចែកជូនប្រជាពលរដ្ឋឱ្យអនុវត្តការងារបង្កបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយជីវភាពប្រជាពលរដ្ឋនៅពេលខាងមុខ ។

លោក លុក ផុស អភិបាលស្រុកអង្គរជុំបានមានប្រសាសន៍ថា៖ ដំណាំស្រូវដែលរងផលប៉ះពាល់នេះ មិនបានខូចទាំងស្រុងនោះទេហើយក៏អាចទទួលបានផលមួយចំនួនដែរ ប៉ុន្តែទិន្នផលស្រូវអាចនឹងធ្លាក់ចុះជាងឆ្នាំមុន ខណៈពេលនេះក្នុងស្រុកអង្គរជុំ ហាក់មិនសូវមានទឹកភ្លៀងធ្លាក់មកគ្រប់គ្រាន់សម្រាប់សម្រួលដល់ការដាំដុះទេ ម្យ៉ាងដោយសាប្រព័ន្ធធារាស្ត្រប្រឡាយមេ ដែលធ្លាប់ហូរធ្លាក់ពីស្រុកវ៉ារិន មកនោះ មិនមានទឹកគ្រប់គ្រាន់ទៀត ទើបធ្វើឱ្យប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតបែបនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុកបានសហការជាមួយមន្ទីរកសិកម្មរួចរាល់ហើយដែរ ដើម្បីជួយប្រជាកសិករដែលរងគ្រោះ ៕ដោយ៖ប៊ុនរិទ្ធី(CSC)

អត្ថបទដែលជាប់ទាក់ទង