បាឋកថាស្ដីពី “ព្រះពុទ្ធសាសនានៅទីបេតិ៍” ក្រោមកិច្ចសហការរវាង សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ជាមួយមជ្ឈមណ្ឌលវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ០៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានការរៀបចំបាឋកថាស្តីពី «ព្រះពុទ្ធសាសនានៅទីបេតិ៍» ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា រួមជាមួយសារមន្ទីរជនជាតិភាគតិចរបស់ប្រទេសចិន មជ្ឈមណ្ឌលវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិទទួលបន្ទុកជនជាតិភាគតិចរបស់ប្រទេសចិន ស្ថានទូតចិនប្រចាំកម្ពុជា។

កម្មវិធីបាឋកថានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមុនីកោសល្យ ឃឹម សន ព្រះចតុម្មុខមង្គលរង្សី មេគណរាជធានីភ្នំពេញ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) និងឯកឧត្តម ចាង ឈីងអាន អគ្គនាយកក្រុមប្រឹក្សាជាតិទទួលបន្ទុកជនជាតិភាគតិចរបស់ប្រទេសចិន ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ សាស្ត្រាចារ្យ បុគ្គលិក រួមទាំងនិស្សិតថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទាំងអស់ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

បាឋកថានេះរៀបចំឡើងក្នុងគោលបំណងសំខាន់៤យ៉ាងគឺ

  • ១-ចូលរួមអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន
  • ២-ចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ព្រះពុទ្ធសាសនាមហាយាននៅទីបេតិ៍និងព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជា
  • ៣-ចែករំលែកសន្តិភាពវប្បធម៌រវាងប្រជាជាតិយើងទាំងពីរដែលមានការគោរពបូជាចំពោះព្រពុទ្ធសាសនា
  • ៤-ពន្លាតមិត្តភាពជាប្រពៃណីរវាងប្រជាជាតិយើងទាំងពីរតាមយុទ្ធសាស្រ្តខ្សែក្រវាត់១ ផ្លូវ១។

ក្នុងស្មារតីចូលរួមលើកទឹកចិត្ត និងជំរុញការសិក្សាស្រាវជ្រាវកម្រិតក្រោយឧត្តមសិក្សា លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានមានប្រសាសន៍ថា បាឋកថានាថ្ងៃនេះគឺរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើននូវចំណងមិត្តភាពរបស់មនុស្សជាតិនិយាយរួម ចំណងភ្ជាប់ដួងចិត្តនៃប្រជាជាតិខ្មែរ និងចិននិយាយដោយឡែក ហើយក៏ជាការចូលរួមអបអរសាទរការប្រសូតឡើងនៃរដ្ឋសភាជាតិនីតិកាលទី៦ ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តម្លាភាព និងយុត្តិធម៌។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានបញ្ជាក់ថា សម្បត្តិវប្បធម៌អរូបី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាអត្តសញ្ញាណវប្បធម៌រូបវន្តនៅក្នុងការយល់ដឹងពីពុទ្ធិ និងបទពិសោធន៍ ទំនៀមទម្លាប់មនុស្សជាតិ និងការចែករំលែកគោលការណ៍សង្គមធម៌នេះដល់ជាតិសាសន៍ដទែទៀត។ ថ្វីត្បិតតែព្រះពុទ្ធសាសនាមហាយាននៅទីបេតិ៍មានលក្ខណៈដូច និងមានលក្ខណៈខុសគ្នាជាមួយព្រះពុទ្ធសាសនាថេរវាទនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏ព្រះពុទ្ធសាសនាទាំងពីរមានប្រភពដូចគ្នា ហើយផ្តល់នៅទស្សនវិជ្ជា និងគតិបណ្ឌិតរបស់ព្រះពុទ្ធដល់ពុទ្ធបរិស័ទទាំងឡាយនិយាយដោយឡែក ដល់មនុស្សជាតិនិយាយជារួម។ តាមរយៈការសិក្សាស្រាវជ្រាវរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន យើងបានឃើញថា កម្ពុជា និងចិនមានទំនាក់ទំនងជាមួយគ្នាមិនតិចជាង ២០០០ឆ្នាំនោះទេ ហើយទំនាក់ទំនងលើវិស័យព្រះពុទ្ធសាសនាបានទាក់ទងគ្នា និងចែករំលែកពុទ្ធិជាមួយគ្នាតាំងពិសតវត្សទី៥ នៃគ្រឹស្គសករាជមកម៉្លេះ។

ពុទ្ធិដែលទទួលបានពីបាឋកថានេះបានរួមចំណែកយល់ដឹងកាន់តែទូលំទូលាយពីសាវតារ ដំណើរវិវត្តន៍ ភាពដោយឡែកពីគ្នានៃទស្សនវិជ្ជារបស់និកាយមហាយាននិងថេរវាទ ហើយជាពិសេសគឺបានបង្កើនការយល់ដឹងដល់និស្សិតឥស្សរជនកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត បានទាក់ទងដោយផ្ទាល់ជាមួយមន្ត្រី និងអ្នកជំនាញពីប្រទេសចិន ដើម្បីចែករំលែកនិងពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវបន្ថែមទៀត។

លោកស្រីបណ្ឌិត ចាង យ៉ាសា សាស្ត្រាចារ្យ វិទ្យាស្ថានសង្គមសាស្រ្ត និងការសិក្សាពីជនជាតិភាគតិចរបស់សាកលវិទ្យាល័យជនជាតិភាគតិចប្រទេសចិន ដែលជាវាគ្មិនកិត្តិយសបានថ្លែងថា ទាំងប្រទេសចិន និងទាំងប្រទេសកម្ពុជា សុទ្ធសឹងគឺជាប្រទេសដែលមានអរិយធម៌យូរអង្វែងនិងវប្បធម៌ដ៏សម្បូរបែប។

នៅក្នុងវប្បធម៌ជាតិដ៏វែងឆ្ងាយ និងភាពរុងរឿងជាច្រើននៅក្នុងប្រទេសចិន ហើយបាឋកថានាថ្ងៃនេះ យើងបានអញ្ជើញបុរាណវិទូជនជាតិចិនចំនួន៣នាក់ដែលរស់នៅក្នុងតំបន់ភាគនិរតី មកចែករំលែកពុទ្ធិនិងបទពិសោធន៍។ បុរាណវិទូទាំង៣រូបនេះនឹងខិតខំបង្ហាញពីវប្បធម៌អរូបីរបស់មនុស្សជាតិនៅតំបន់ទីបេតិ៍ ដោយរាប់បញ្ចូលទាំងព្រះពុទ្ធសាសនាបែបមហាយាន (ថាំងខា)។ សិល្បៈគំនូរនៅទីបេតិ៍ (រួមទាំងរូបគំនូរថាំងខា និងវិធីដេរប៉ាក់) និងវប្បធម៌របស់ជនជាតិយីត្រូវបានចុះបញ្ជីដោយអង្គការសហប្រជាជាតិក្នុង “បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក” ក្នុងឆ្នាំ២០០៩។

គួរបញ្ជាក់ផងដែរថា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលមានទីស្នាក់ការនៅក្នុងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាអង្គភាពប្រមូលផ្តុំនូវអ្នកសិក្សាស្រាវជ្រាវទាំងជនជាតិខ្មែរ ទាំងជនជាតិចិននិងជនបរទេសជាច្រើនដែលបាននិងកំពុងសិក្សាស្រាវជ្រាវពីទំនាក់ទំនងកម្ពុជានិងចិនដែលមានតាំងពីបុរាណកាលរៀងមក។

សមាគមមានបេសកកម្មការងាររបស់ខ្លួនចំនួន៤ គឺ

  • ១-ស្រាវជ្រាវនិងចងក្រងពីទំនាក់ទំនងកម្ពុជានិងចិន
  • ២-រៀបចំនូវវេទិកាវិទ្យាសាស្រ្តនានាស្តីពីទំនាក់ទំនងកម្ពុជានិងចិន
  • ៣-បោះពុម្ពផ្សាយជាសាធារណៈយ៉ាងទូលំទូលាយពីទំនាក់ទំនងកម្ពុជានិងចិន
  • ៤-បង្អួចនៃទំនាក់ទំនងរវាងអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ៕

នាល្ងាច​ថ្ងៃ​អង្គារ ០៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានការរៀបចំបាឋកថាស្តីពី «ព្រះពុទ្ធសាសនានៅទីបេតិ៍» ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យឥន្ទ្រវិជ្ជា រួមជាមួយសារមន្ទីរជនជាតិភាគតិចរបស់ប្រទេសចិន មជ្ឈមណ្ឌលវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិទទួលបន្ទុកជនជាតិភាគតិចរបស់ប្រទេសចិន ស្ថានទូតចិនប្រចាំកម្ពុជា។

Geplaatst door CHN Channel News op Dinsdag 4 september 2018

 

អត្ថបទដែលជាប់ទាក់ទង