ស្គរមហោរធឹកសំរឹទ្ធ តំណាងវិស័យកសិកម្ម

ស្គរមហោរធឹក(១) ដែលត្រូវបានគេស្គាល់ជាទូទៅថា ស្គរសំរឹទ្ធ មានវត្តមាននៅរាយប៉ាយយ៉ាងច្រើននៅតំបន់ភាគខាងត្បូងប្រទេសចិន និងនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសកម្ពុជាប្រមាណជា៣០០០ឆ្នាំមកហើយ។ ជនជាតិចិនបានទទួលស្គាល់ថា ស្គរមហោរធឹកតំណាងឱ្យវប្បធម៌ស្រូវ ដែលបានក្លាយជាវត្ថុបុរាណ និងជានិមិត្តរូបដ៏សំខាន់ នៅក្នុងជីវភាពរស់នៅពឹងផ្អែកលើរបរកសិកម្មរបស់ប្រជាជាតិចិន។

ស្គរនេះក៏ត្រូវបានជនជាតិចិនប្រគុំក្នុងពិធីបុណ្យសាសនានានា ដូចជាការសុំសេចក្តីសុខសិរីមង្គល និងការជម្រះគ្រោះកាចចង្រៃ (YU LI, ស្គរសំរឹទ្ធចិន-អាស៊ីអាគ្នេយ៍, គ្រឹះស្ថានបោះពុម្ពផ្សាយខេត្តក្វាងស៊ី ភ្នំពេញ ទំព័រទី១៥)។ ដោយឡែក ជនជាតិខ្មែរបុរាណមានការប្រាស្រ័យទាក់ទងជាមួយជនជាតិចិនបានទទួលឥទ្ធិពលវប្បធម៌ពីចិន បានចាត់ទុកថាសត្វកង្កែបដែលមានឆ្លាក់នៅក្នុងស្គរមហោរធឹក គឺជានិមិត្តរូបនៃទឹកភ្លៀង ព្រោះពេលភ្លៀងធ្លាក់ម្តងៗ សត្វកង្កែបបាននាំគ្នាស្រែកយំកងរំពងទ្រហឹង ហាក់បីដូចជាសម្តែងសេចក្តីសប្បាយរីករាយ ឬក៏អង្វរកសុំទឹកភ្លៀងឱ្យឆាប់ធ្លាក់ចុះមក។

ប្រវត្តិវិទូជាច្រើនបានស្រាវជ្រាវឃើញថា ការប្រើស្គរមហោរធឹក ហៅទឹកភ្លៀងកើតមានឡើងចាប់តាំងពីសម័យវប្បធម៌លោហធាតុដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជ។ ក្នុងន័យនេះ មនុស្សខ្មែរចាស់បុរាណបានឱ្យឈ្មោះ ស្គរមហោរធឹក ធ្វើពីសំរឹទ្ធទាំងនោះថា ស្គរហៅទឹកភ្លៀង។

ការតាំងឈ្មោះបែបនេះបានឆ្លុះបញ្ចាំងឱ្យយើងឃើញនូវប្រព័ន្ធជំនឿរបស់ជនជាតិខ្មែរ ដើមដែលជឿបែបជំនឿជីវចលនិយម។ និយាយម៉្យាងទៀត សម្ព័ន្ធភាពជិតស្និទ្ធរវាងសត្វកង្កែបដែលមនុស្សជាតិបានឆ្លាក់នៅលើស្គរមហោរធឹកនេះ ក៏ជាវត្ថុបំណង ឬសេចក្តីប្រាថ្នារបស់អ្នកស្រុកស្រែចម្ការ នាសម័យបុរាណផងដែរ ព្រោះក្រៅពីរូបកង្កែប យើងឃើញមានរូបព្រះអាទិត្យទៀតផង។

យើងអាចបញ្ជាក់ពីអត្ថន័យរបស់ស្គរមហោរធឹកដែលមានឥទ្ធិពលលើចិត្តសាស្រ្តសង្គមរបស់មនុស្សខ្មែរបុរាណបានអត្ថិភាពនៅក្នុងប្រព័ន្ធគំនិតនិងទស្សនវិជ្ជាខ្មែរអស់រាប់ពាន់ឆ្នាំ ដែលបានបញ្ជាក់នូវប្រព័ន្ធគំនិតរបស់ជនជាតិខ្មែរដូចជា៖

  • ភាពរុងរឿងថ្កើងថ្កាននៃឧស្សាហកម្មលោហធាតុរបស់ខ្មែរ។
  • សិល្បៈបេតិកភណ្ឌអរូបីនៃការបង្កប់នូវខ្លឹមសារនៃរូបភាពកង្កែប រូបព្រះអាទិត្យដែលបញ្ជាក់ពីតម្រូវការទឹក និងពន្លឺ ដើម្បីបម្រើដល់វិស័យកសិកម្ម។ វិស័យកសិកម្មនេះក៏មានលក្ខណៈជឿនលឿនផងដែរ។
  • វត្តមានឆ្អឹងលលាដ៍និងធ្មេញ នៅក្នុងស្គរមហោរធឹក ក៏អាចជាប្រពៃណីកប់សពលើកទី២ ព្រោះដំណាក់កាលទី១ គេបញ្ចុះសពក្នុងដី រួចហើយកគេរើសយកឆ្អឹង ឬបំណែកសម្រាប់មកបញ្ចុះក្នុងស្គរម្តងទៀត។ ប្រពៃណីបែបនេះ គឺជនជាតិខ្មែរនៅភូមិភាគឦសានបាននិងកំពុងពេញនិយម។
  • វត្តមានរបស់រូបព្រះអាទិត្យរះនៅលើថាសរបស់ស្គរមហោរធឹក បញ្ជាក់ពីលក្ខណៈពិសិដ្ឋរបស់ស្គរដែលអាចជួយឱ្យអ្នកស្លាប់អាចនឹងកើតឡើងវិញម្តងទៀត ដូចព្រះអាទិត្យដែលបានរះនាថ្ងៃស្អែកបន្ទាប់ពីលិចបាត់នាថ្ងៃនេះ។

ជារួម យើងត្រូវកត់សម្គាល់ផងដែរថា ស្គរមហោរធឹកមិនមែនជាស្គរធម្មតានោះទេ តែវាឧបករណ៍សក្តិសិទ្ធបំផុតមួយប្រភេទដែលគេប្រើក្នុងពិធីសុំទឹកភ្លៀងដោយសហគមន៍មនុស្សនាសម័យបុរាណ ដើម្បីដាស់សតិព្រលឹងធម្មជាតិទៅតាមសូរសៀងសំឡេងដែលគេទូងម្តងៗ ប្រយោជន៍ឱ្យជីវិតប្រកបដោយភាពត្រជាក់ត្រជុំផូរផង់ចម្រុងចម្រើនលូតលាស់ក្រោយពេលព្រះភិរុណបានបង្អុរចុះមកស្រោចស្រពផែនពសុធារ។

ហេតុនេះ សំឡេងទូងស្គរមហោរធឹកពិតជាបានបង្កប់ទុកនូវលក្ខណៈដ៏ពិសិដ្ឋអស្ចារ្យក្នុងទស្សនវិជ្ជារបស់ជនជាតិខ្មែរមុនពេលទទួលបានឥទ្ធិពលពីវប្បធម៌ឥណ្ឌា។ លើសពីនេះ យើងក៏សង្កេតឃើញមានឆ្អឹងរបស់មនុស្សកប់នៅក្នុងស្គរមហោរធឹក ដែលអាចបញ្ជាក់ពីការកប់សពលើកទី២ក្រោយពីពេលបូជាសព ឬជីកយកឆ្អឹងសពមកវិញក្រោយពេលដែលកប់សពលើកទី១។

រូបភាព និងអត្ថបទ៖ បណ្ឌិត ជា មុនីឫទ្ធិ

………………………………..

(១) មហោរធឹក មៈហោរៈ– ស. ( ន. ) (មហោរះទឹក អ. ថ. ម៉ៈហូរ៉ៈធឹក) ឈ្មោះ​ស្គរ​ឬ​ឃ្មោះ​មួយ​ប្រភេទ​ធ្វើ​ដោយ​ស្ពាន់ ឬ ទង់ដែង មាន​រាង​ស្រដៀង​នឹង​ត្បាល់​បុក​ស្រូវ​សម្រាប់​ប្រើ​ជា​គ្រឿង​ប្រគំ (ច្រើន​ប្រើ​តែ​ក្នុង​ព្រះ​រាជ​ពិធី​នីមួយ​ៗ) ។

 

អត្ថបទដែលជាប់ទាក់ទង