សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់ចាំបាច់នៃ វិស័យវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្ត ប្រកបដោយចីរភាព

កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវផ្តល់អាទិភាពខ្ពស់ដល់ការស្រាវជ្រាវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តដែលជាមូលដ្ឋានសំខាន់សម្រាប់ទ្រទ្រង់ឱ្យមាន កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតការងារធ្វើ និងជួយពង្រឹង ដល់ប្រព័ន្ធសន្តិសុខ សុខមាលភាពសង្គម។

លើសពីនេះទៅទៀត វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្ត គឺជាចលករ ដ៏សំខាន់ក្នុងការពន្លឿនសមាហរណកម្មតំបន់ ជំរុញទំនាក់ទំនងរវាង ប្រជាជននិងប្រជាជន និងបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើសហប្រតិបត្តិ ការវិស័យនានាក៏ដូចជាប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ប្រតិបត្តិការធនាគារ ការទូទាត់ហិរញ្ញវត្ថុ ។ល។

សម្ដេចតេជោ បានថ្លែងដូចនេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើកពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន លើកទី១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រ សតវត្សទី២១ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្ត» នៅខេត្តក្វាងស៊ី ប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការតភ្ជាប់ផ្នែកឌីជីថលគឺជា កត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងយុគសម័យឌីជីថលនេះ ដើម្បីឱ្យកិច្ច សហប្រតិបត្តិការរបស់យើងដំណើរការទៅដោយរលូន ជាពិសេស សម្រេចបានគោលដៅរួមក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រ សតវត្សទី២១ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្ត» បន្ថែមពីលើសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។

សម្ដេចតេជោ ហ៊ុន សែន មានក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តនឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត ហើយមិត្តចិនរបស់ យើងដែលមានការរីកចម្រើនខ្លាំងនៅក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត នឹងចែករំលែកនូវចំណេះដឹង និងចំណេះធ្វើ ដល់ភាគីអាស៊ាន ដែលប្រការនេះ នឹងជួយបណ្តាប្រទេសអាស៊ានឱ្យទទួលបាននូវអត្ថ ប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ ហើយយើងទាំងអស់គ្នានឹង សម្រេចបាននូវគោលដៅចុងក្រោយរបស់យើង គឺការកសាងសហគមន៍ ចិន-អាស៊ាន ប្រកបដោយនវានុវត្ត៕

អត្ថបទដែលជាប់ទាក់ទង