គោលដៅជាយុទ្ធសាស្រ្ត សម្រាប់អាណត្តិថ្មី នឹងផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ

សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានថ្លែងថា គោលដៅជាយុទ្ធសាស្រ្ត សម្រាប់អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើមូលធនមនុស្ស ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងការពង្រឹងភាពជាដៃគូ ក្នុងការអភិវឌ្ឍជាមួយគ្រប់ដៃគូដែលមានការពាក់ព័ន្ធ ពិសេសការពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក ដែលទាំងអស់នេះ នឹងធ្វើឱ្យប្រជាជនគ្រប់ៗរូបមានកម្រិតជីវភាពកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយរស់នៅយ៉ាងសុខដុមរមនានៅក្នុងសង្គមកម្ពុជាមួយ ដែលគោរពតម្លៃមនុស្ស សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងយុត្តិធម៌សង្គម។

សម្ដេចតេជោបានថ្លែងដូចនេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើកពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន លើកទី១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្ត» នៅខេត្តក្វាងស៊ី ប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តអនុវត្តនូវវិធានការណ៍មុតស្រួច និងជាក់ស្តែងនានា សំដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាជារួមមាន កាត់បន្ថយតម្លៃឡូជីស្ទីក ជំរុញការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល កាត់បន្ថយថ្លៃអគ្គិសនី និងការធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ បន្តធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្ម នីតិវិធីគយ កាត់បន្ថយចំណាយនៃការធ្វើធុរកិច្ចទាំងផ្លូវការ និងក្រៅផ្លូវការ ជំរុញការកែទម្រង់ និងទំនើបកម្មនៃប្រព័ន្ធពន្ធដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ សេវាល្អ អភិបាលកិច្ចល្អ និងអនុលោមភាព និងជំរុញការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល នឹងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ក៏នឹងក្លាយទៅជាទិសដៅអាទិភាពដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាលក្នុងអាណត្ថិថ្មីនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំបង្កើតមូលដ្ឋាន និងថ្នាលសម្រាប់ការពង្រីកផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដោយផ្តោតជាសំខាន់ ទៅលើការអភិវឌ្ឍវិស័យឌីជីថល ទាំងផ្នែករឹង និងទន់។ ការរៀបចំការអភិវឌ្ឍធនធានមនុស្ស និងជំនាញ ស្របតាមបរិការថ្មីព្រមទាំងបង្កើតក្របខណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិគាំទ្រដែលមានការពាក់ព័ន្ធ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យវិនិយោគិនបរទេសទាំងអស់ ទៅស្វែងយល់ពីកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅក្នុងសង្គមគួរឱ្យកត់សម្គាល់។ លើមូលដ្ឋាននេះ កម្ពុជាបានប្រែក្លាយខ្លួន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥កន្លងមក។ សមិទ្ធផលទាំងអស់នេះ បានជំរុញឱ្យកម្ពុជាកំណត់ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេលវែងរបស់ខ្លួន សំដៅឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង