ផ្ទុះអាវុធមួយប្រាវ នៅភាគខាងត្បូងប្រទេសថៃ ស្លាប់ក្រុមរកសុីគ្រឿងញៀន២នាក់ និងបន្សល់នូវគ្រឿងញៀនចំនួន ២៦ការ៉ុង

ប្រទេសថៃ៖ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចតម្រួតថៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ក្រោយពីបានបង្រ្កាប់ក្រុមរកសុីគ្រឿងញៀនឆ្លងដែន ២នាក់ ដែលត្រូវបានសមត្ថកិច្ចថៃបាញ់ប្រហារ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ក្នុងចំណោមបក្ខពួកប្រមាណ ២០នាក់ ខណៈដែលពួកគេបាននឹងកំពុងដឹកជញ្ជូនថ្នាំញៀន ៣ប្រភេទ ដែលមានចំនួនរាប់លានគ្រាប់ តាមខ្សែបន្ទាត់ព្រំដែន ភាគខាងត្បូង នៃប្រទេសថៃ ជាប់ ភូមា ។

តាមរបាយការណ៍បានបញ្ជាក់ថា ការផ្ទុះអាវុធនេះបានកើតឡើងនៅយប់ ថ្ងៃទី១០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ តាមខ្សែបន្ទាត់ព្រំដែនថៃ ភូមា ក្នុងខេត្ត ឈៀងរ៉ាយ គឺមានជនសង្ស័យប្រមាណ ២០នាក់ ដែលពួកគេបានដឹកជញ្ជូនថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីឆ្លងដែន ចូលមកក្នុងប្រទេសថៃ ។បន្ទាប់ពីឃើញហេតុការបែបនេះ កម្លាំងតម្រួតព្រំដែនថៃ ដែលមានគ្នាចំនួន ៧នាក់ បានលបស្ទាក់ធ្វើការវាយប្រហារ ប៉ុន្តែត្រូវបានក្រុមជនសង្ស័យបាញ់រះមកមុន ព្រមទាំងបានគប់គ្រាប់បែកមកលើកម្លាំងសមត្ថកិច្ចផងដែរ ទើបសមត្ថកិច្ចថៃធ្វើការបាញ់ប្រហារតបតទៅវិញអស់រយៈពេលប្រមាណជាង ២០នាទី ទើបមានការស្ងប់ស្ងាត់ជាធម្មតា។

នៅលើទីតាំងសមរភូមិ គឺគេបានសង្គេតឃើញថា ជនសង្ស័យបានស្លាប់ចំនួន ២នាក់ដោយឡែកអ្នកដែលនៅសេសសល់បានរត់គេចខ្លួនបាត់ស្រមោល ដោយបានបន្សល់នូវគ្រឿងញៀនចំនួន ២៦ការ៉ុង ដែលក្នុងនោះមានៈ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន២ ៦៩២ ០០០ គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៦០គីឡូក្រាម និង ហេរ៉ូអុីន ប្រភេទម្សៅចំនួន ៦ប្រអប់ និងប្រភេទរឹងចំនួន ៤ដុំ ។

បច្ចុប្បន្នវត្ថុតាងដ៏ច្រើនលើសលុបទាំងនេះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យអង្គភាពជំនាញ ដើម្បីយកទៅរក្សាទុក និងចាត់ការតាមនីតិវិធី៕ BRT

អត្ថបទដែលជាប់ទាក់ទង