ឯកឧត្ដម​​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​បាន​ប្តេជ្ញា​ចិត្ត​ថា ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះជាតិ ​សាសនា ​និង​ព្រះ​មហា​ក្សត្រ ​អស់​មួយ​ជីវិត

ភ្នំពេញ៖​ ឯកឧត្ដម​​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​ថ្លែង​បញ្ជាក់​ថា ​ផ្ទេរ​ភារកិច្ច​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​នេះ ​មិន​មែន​មាន​ន័យ​ថា ​ជា​ការ​ផ្ទេរ​សិទ្ធិ​ ឬ​ផ្ទេរ​អំណាច​នោះ​ទេ​ ប៉ុន្តែ​ជា​ការផ្ទេរ​នូវ​ការ​ទទួល​ខុស​ត្រូវ​បន្ត​មួយ​ និង​ផ្តល់​កិត្តិយស ​ផ្តល់​ឱកាស​ក៏​ដូច​ជា​លទ្ធភាព​ដ៏​ធំ​ធេង​បន្ថែម​ទៀត​សម្រាប់​រូប​លោក​បាន​ចូល​រួម​បម្រើ​ប្រទេស​ជាតិ​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ ពោល​គឺ​ចូល​រួម​បម្រើ​កង​យោធពល​ខេមរភូមិន្ទ ​ក្នុង​ការ​ធានា​បាន​សុខ​សន្តិភាព ​ស្ថិរភាព​ សន្តិសុខ ​អធិបតេយ្យ​ភាព ​បូរណ​ភាព​ទឹក​ដី​ និងការ​អភិវឌ្ឍ​មាតុភូមិ​។

ការ​ថ្លែង​បញ្ជាក់​នេះ ​នៅក្នុ​ង​ពិធី​ផ្ទេរ​ភារកិច្ច​មេ​បញ្ជាការ​កង​ទ័ពជើង​គោក​ នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​។

មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​បន្ត​ថា ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​មាន​តួនាទី​ចម្បង ​ក្នុង​កិច្ច​ការពារ​អធិបតេយ្យ​ភាព​ ឯករា​ជ្យ​ភាព​ និង​បូរភាព​ទឹក​ដី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​ព្រម​ទាំង​រួម​ចំណែក​នៅ​ក្នុង​ការ​ធានា​ស្ថិរភាព​ សុវត្ថិភាព​ និង​សន្តិសុខ ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ និង​ជា​មូល​ដ្ឋាន​ដ៏​ចម្បង ​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​។​ ជា​ពិសេស​នៅ​ក្នុង​យុទ្ធនាការ​អនុវត្ត​នយោបាយ​ឈ្នះ ​ឈ្នះ ​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​យុទ្ធ​សាស្ត្រ​បង្រួប​បង្រួម​ជាតិ​ ការ​បញ្ចប់​ទាំង​ស្រុង​នៅ​ទុក្ខ​វេទនា​របស់​ប្រជាជន​ខ្មែរ​ក្នុង​សម័យ​សង្គ្រាម ​និង​ការ​រំលាយ​ជា​ស្ថាពរ​នៃ​អង្គការ​ចាត់​តាំង​នយោបាយ ​និង​យោធា​របស់​ខ្មែរ​ក្រហម ​ក្នុង​ឆ្នាំ​១៩៩៨ ​ដោយ​បាន​នាំ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ​។

ជាមួយ​គ្នា​នេះ ​ឯកឧត្ដម​​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​បាន​ប្តេជ្ញា​ចិត្ត​ថា ​ស្មោះ​ត្រង់​ដាច់​ខាត​ចំពោះជាតិ ​សាសនា ​និង​ព្រះ​មហា​ក្សត្រ ​អស់​មួយ​ជីវិត​។ ​គោរព​ និង​អនុវត្ត​តាម​ជានិច្ច​នូវ​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។ ​ដើរ​តាម​មាគ៌ា​ដឹក​នាំ​​ដ៏​ថ្លៃ​ថ្លា​របស់​រាជ​រដ្ឋាភិបាល ​ជា​ពិសេស​គោរព​ និង​អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​។​ គោរព​ និង​អនុវត្ត​តាម​គោល​ការណ៍ ​និង​លក្ខន្តិកៈ​កង​យោធពល​ខេមរ​ភូមិន្ទ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​បំផុត ​និង​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ឲ្យបា​ន​ចំពោះ​តួនាទី​របស់​ខ្លួន​ និង​ហ៊ាន​បូជា​អាយុ​ជីវិត​ មិន​ស្តាយ​ស្រ​ណោះ​ ដើម្បី​បុព្វហេតុ​ការពារ​ប្រជាជន ​និង​ជាតិ​មាតុ​ភូមិ​៕

អត្ថបទដែលជាប់ទាក់ទង