ម្ដងនេះអាជ្ញាធរប្រើធម៌ក្ដៅ ទៅលើជនណាដែលឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋខុសច្បាប់ ត្រូវប្រឈមនឹងច្បាប់ ដោយគ្មានការលើកលែង

ព្រះសីហនុ៖ ក្រសួងបរិស្ថាន សង្កេតឃើញថា បទល្មើសការឈូសឆាយ កាប់ឆ្ការដុតរុករានទន្ទ្រានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីខុសច្បាប់ នៅបន្តកើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ រាម។ ឧទ្យានជាតិព្រះមុនីវង្ស បូកគោឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គីរីរម្យ តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែលជាជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពក។

ក្នុងនោះផងដែរ មានបុគ្គលមួយចំនួនបានយកឯកសារពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី តើរាជរដ្ឋាភិបាលបានប្រកាសជាមោឃៈរួចហើយមកធ្វើជាលលេស ដើម្បីធ្វើសកម្មភាពឈូសឆាយកាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ នៅក្នុងតំបន់ការពារធម្មជាតិទាំងនេះ និងនៅលើដីស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ ដែលរាជរដ្ឋាភិបាលផ្ដល់ការអនុញ្ញាតជាគោលការណ៍។

ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ក្រសួងបរិស្ថានសូមដាក់ចេញនូវប្រធាននៃការនិងការណែនាំដូចខាងក្រោម៖

  • ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់ ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម រោង ការដាំដុះដំណាំ និងការអាស្រ័យផលលើដីរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។
  • ត្រូវឈប់ជាបន្ទាន់ នៅរាល់ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ ដីរដ្ឋដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

ទទួលបានសេចក្ដីជូនដំណឹងនេះ សូមក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ ជួយធ្វើការផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយមិនប្រព្រឹត្តសកម្មភាពល្មើសគ្រប់រូបភាព នៅក្នុងតំបន់ការពារធម្មជាតិ ហើយសូមផ្ដល់កិច្ចសហការក្នុងការអនុវត្តវិធានការចាំបាច់នានា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ដោយៈ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង