សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ប្រគល់បណ្ណអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២០រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលសន្និសីទរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា មានរៀបចំកម្មវិធីប្រគល់បណ្ណអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២០រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិនសម្រាប់ ឆ្នាំសិក្សា ២០១៨-២០២២។

លោក លីវ វៃតុង ប្រធានមជ្ឈមណ្ឌលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានគូសបញ្ជាក់ថា ក្រោយពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានចុះហត្ថលេខាជាមួយសាកលវិទ្យាល័យចំនួន១៨ របស់ប្រទេសចិនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ទើបនិស្សិតសាកលវិទ្យាល័យឥន្ទ្រវិជ្ជាចំនួន២០រូប ត្រូវបានសាកលវិទ្យាល័យនានា របស់ប្រទេសចិនផ្តល់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០១៨-២០២២។

លោកបណ្ឌិត ស៊ុ ឈុំឡុង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងថា ក្រោមកិច្ចសហការដ៏ល្អជាមួយសាកលវិទ្យាល័យទាំង១៨ របស់ប្រទេសចិន គឺជាការបើកឱកាសកាន់តែទូលាយបន្ថែមទៀត ដល់និស្សិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា និយាយដោយឡែក ដល់និស្សិតកម្ពុជាទាំងអស់និយាយរួមទៅបន្តការសិក្សានៅប្រទេសចិនតាមរយៈសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

ការរៀបចំនូវកម្មវិធីនាថ្ងៃនេះ ក្នុងគោលបំណងសំខាន់ ៤យ៉ាង គឺ

  • ១-ចូលរួមអបអរសាទរសិស្ស និស្សិតជ័យលាភីចំនួន២០រូបដែលត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ទៅបន្តការសិក្សា
  • ២-បង្កើនកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយបណ្តាសាកលវិទ្យាល័យនានារបស់ប្រទេសចិន
  • ៣-ការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្ស និស្សិត
  • ៤-ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការពង្រឹងនិងពង្រីកគុណភាពអប់រំនៅកម្ពុជា។

លោក ឈាន យានកាង (Quan Yangang) ក្នុងនាមមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានថ្លែងគាំទ្រដល់កិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យអប់រំរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន។

ទំនាក់ទំនងដ៏ល្អនេះបានសាយភាពពីអតីតកាលទៅអនាគត ពីទីក្រុងដល់ជនបទ ពីថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋ។ លើសពីនេះ យើងទាំងអស់គ្នាបាននឹងកំពុងរួមចំណែកជាមួយគ្នា ដើម្បីបង្កើនឥស្សរភាព និងឧត្តមភាពនៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃ ប្រទេសយើងទាំងពីរ និងការចែករំលែកពុទ្ធិ និងបទពិសោធន៍ផ្នែកវប្បធម៌ នៃប្រជាជាតិយើងទាំងពីរ ពិតជាពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមេត្រីភាព និងចីរភាពនៃទំនាក់ទំនងដ៏ស្អិតរមួត និងជាប្រពៃណីនៃប្រជាជាតិយើងទាំងពីរ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានសក្តានុពលមួយរបស់កម្ពុជាដែលទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹង ពីសាកលវិទ្យាល័យជាច្រើនរបស់ប្រទេសចិន ក្នុងការផ្តល់នូវអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន ហើយសាកលវិទ្យាល័យក៏បានសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិត បន្តការសិក្សានៅសាកលវិទ្យាល័យជីណាន (Jinan) នៅក្រុងក្វាងចូវ របស់ប្រទេសចិនទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង