ក្រសួងអប់រំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សារជាថ្មីហើយ

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សារជាថ្មី បន្ទាប់ពីបានបង្កើតគណៈកម្មការកោសល្យវិច័យ ដើម្បីត្រួតពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នាពេលកន្លងទៅថ្មីៗនេះរួចហើយ។

គណៈកម្មការបានរកឃើញថា ដំណើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេស ដែលបានប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រ ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០បន្ទាប់។ ក្រោយដោះស្រាយបញ្ហាបច្ចេតទេសរួច លទ្ធផលនៃការប្រឡងមានៈ

  • បេក្ខជនជាប់សរុបចំនួន ៧៦ ០៣៤នាក់ ស្មើនឹង ៦៧,០៧%
  • បេក្ខជនជាប់និទ្ទេសA  មានចំនួន ៤០៨នាក់
  • បេក្ខជនជាប់និទ្ទេសB  មានចំនួន ២ ២២២នាក់
  • បេក្ខជនជាប់និទ្ទេសC  មានចំនួន ៦ ០៤១នាក់
  • បេក្ខជនជាប់និទ្ទេសD មានចំនួន ១៥ ១៨០នាក់
  • បេក្ខជនជាប់និទ្ទេសE  មានចំនួន ៥២ ១៨៣នាក់

ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ។

ក្រសួងអប់រំ យុវជន និងកីឡា  នឹងចេញលទ្ធផលប្រឡងថ្មីនេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំ យុវជន និងកីឡា៕

 

អត្ថបទដែលជាប់ទាក់ទង