ការស្ទង់មតិរបស់ RFA បន្តបង្ហាញថា ពលរដ្ឋខ្មែរទទួលស្គាល់រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់​៩០% ហើយមិនទទួលស្គាល់មានតែ១០%

ភ្នំពេញ៖ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំងអស់ នៅក្នុងរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនោះ វិទ្យុអាស៊ីសេរី (RFA) បានរៀបចំការស្ទង់មតិមួយ នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនរយៈពេល១សប្តាហ៍ ដើម្បីចង់ដឹងអំពីចំណាប់អារម្មណ៍របស់ប្រជាជនខ្មែរ។

គិតត្រឹមវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិមានរយៈពេល៧ថ្ងៃហើយ (នៅជាង១៦ម៉ោង​ទៀតបញ្ចប់) តារាងបានបង្ហាញថា ពលរដ្ឋខ្មែរទទួលស្គាល់ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់៩០% ហើយមិនទទួលស្គាល់មានតែ១០% ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៧.៥ម៉ឺននាក់ បានចូលរួមបោះឆ្នោត។

តាមរយៈការស្ទង់មតិ៦ថ្ងៃមកនេះ ហាក់បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលលទ្ធផលការស្ទង់មតិរបស់វិទ្យុប្រឆាំងមួយនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង ហើយក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន​ សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ។

ទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានជាច្រើនបានរិះគន់ថា ការរៀបចំការស្ទង់មតិរបស់វិទ្យុអាស៊ីសេរីនាពេលនេះ គ្រាន់តែជាការចង់ផ្ចាញ់ផ្ចាល់មកលើ រាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជាតែប៉ុណ្ណោះ ហើយទោះជាគ្មានលទ្ធផលការស្ទង់មតិនេះ ក៏រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានស្វាគមន៍ និងទទួលស្គាល់រួចទៅហើយ ដោយប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសសំខាន់ធំៗដូចជា ចិន រុស្ស៊ី ជប៉ុន អាល្លឺម៉ង់ កូរ៉េ អាស៊ាន បណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងអឺរ៉ុបជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង