កុមារចំនួន២២៥នាក់ រស់នៅក្នុងជិវភាពក្រីក្រ ត្រូវបាន​​​សហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ ជួយបណ្តុះបណ្តាល​ឱ្យមានចំណេះវិជ្ជា

ស្ទឹងត្រែង៖ ដោយពិនិត្យឃើញថា ​កុមារចំនួន ២២៥នាក់ ស្ថិតក្នុងត្រកូលក្រីក្រគ្មានលទ្ធភាពក្នុងការសិក្សា ​សហគមន៍ជីវិត​ស្រស់​ត្រកាល​គ្រប់រដូវ បានជ្រើសរើសយកកុមារទាំងនេះ​មកជួយបណ្តុះបណ្តាល​ឱ្យមានចំណេះវិជ្ជា និង​អប់រំឱ្យនាំគ្នាស្អ​ប់ខ្ពើ​មគ្រឿងញៀន ដើម្បី​​​ជីវិតមានអនាគត​ល្អ។

ក្នុងគម្រោងលើកកម្ពស់វិស័យអប់រំ ​របស់សហគមន៍ជីវិតស្រស់​ត្រកាល​គ្រប់រដូវ ​នៅខេត្តស្ទឹងត្រែង នាថ្ងៃទី១៤​ ខែកញ្ញា ​ឆ្នាំ​២០១៨​​នេះ ​លោក ឡុង លីប៉ូ​ នាយកប្រតិបត្តិ​​សហគមន៍នេះ បានបញ្ជាក់ថា សហគមន៍ជួយ​បណ្តុះ​បណ្តាល​កុមារជាង២០០នាក់ ដែលមានវ័យក្រោម១៥ឆ្នាំ ​​​ដែលរស់នៅជាមួយឪពុកម្តាយ ខ្វះការបីបាច់ថែរក្សា​យកមកឱ្យសិក្សា​រៀន​សូត្រ​ ផ្តល់​អាហាររូបត្ថម្ភ​​ ​និងអប់រំឱ្យ​ក្លាយជាកូនល្អ សិស្សល្អ នឹងប្រជាពលរដ្ឋល្អនៅក្នុងសង្គម។

លោកបន្តថា នេះជាការគួបផ្សំគ្នាដើម្បីកូនខ្មែរយើងដែលស្ថិតនៅក្នុងត្រកូល មានជីវភាពក្រីក្រ ក្លាយទៅជាដុំ​គ្រាប់ពេជ្រដ៏ល្អមួយ នៅក្នុងគ្រូសារ​ និងនៅក្នុងភូមិ​ឃុំរបស់យើង​​ ក្នុងពេលដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ណែនាំ​ធ្វើឱ្យភូមិសគ្មានគ្រឿងញៀន​។

លោក ញាំ ឆ្វេត ប្រជាពលរដ្ឋនៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង ​បានគាំទ្រចំពោះការដាស់តឿននេះ​ ព្រោះបានជម្រុញឱ្យមាតាបីតាគ្រប់រូប ឱ្យបង្កើនកាតព្វកិច្ចអប់រំកូន​ ​បង្ហាត់បង្រៀនកូនឱ្យមានចំណេះវិជ្ជាជីវៈ​ត្រឹម​ត្រូវ កសាង​សម​ត្ថភាពក្នុងការរស់នៅ។ ​​

លោកទទួលស្គាល់ថា ​ការផ្តល់ពហុ​​អប់រំប្រកបដោយសីលធម៌​ល្អនេះ ជាថាមពលមួយធ្វើឱ្យអ្នកទន់ខ្សោយ កាន់តែមានភាពទទួលខុសត្រួវក្នុងគ្រួសារ និងបានជួយសង្គមឱ្យមានភាព ល្អប្រសើរ។ ​

លោក​ មៃខល គ្រូបង្រៀនមកពីប្រទេសអូទ្រីស បានបញ្ជាក់ថា នេះជាការយល់ដឹងល្អ​​ ដែលអាចធ្វើឱ្យ​សហគមន៍​​ជីវិតស្រស់​ត្រកាល​គ្រប់រដូវ ​ធ្វើដំណើរទៅបានយូរអង្វែង ​ការពារអនាគតកូនចៅផង និងបានលើកស្ទួយ​ដល់វិស័យ​អប់រំផង ។

លោកបានបន្ត​ថា អង្គការកុមារសកល នៃប្រទេសអូទ្រីស នៅតែបន្តគាំទ្រផ្នែកស្មារតី និងថវិកាជួយមកសហគមន៍​​នេះ ដើម្បី​ផ្តល់លទ្ធភាពជួយកូនចៅប្រជាពលរដ្ឋ​បានសិក្សារៀនសូត្រមានចំណេះដឹងឆ្លងផុតពីភាពអវិជ្ជា​៕ EKH

អត្ថបទដែលជាប់ទាក់ទង