អាវុធហត្ថស្រុកស្ទោង បង្រ្កាបរថយន្តហាយឡែនឌឺមួយគ្រឿង ដែលដឹកឈើខុសច្បាប់

កំពង់ធំ៖ លោក វរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ឃាត់រថយន្តដឹកឈើដោយគ្មានច្បាប់អនុញ្ញាត បម្រុងលោតឆ័ត្រ តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង ចាប់បញ្ជូនឲ្យសមត្ថកិច្ចជំនាញមេព្រៃ។

តាមសេចក្តីរាយការណ៍របស់ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលឃាត់រថយន្តនេះបាន ត្រូវបានទទួលព័ត៌មាន ពីបណ្តាញសង្ងាត់ថា មានរថយន្តហាយឡែនឌឺមួយគ្រឿង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2V-4056 ស៊េរី២០០៣ ត្រូវបានថៅកែឈើឈ្មោះ តឿ ដែលជាមេឈ្មួញរកស៊ីដឹកឈើប្រចាំខេត្តសៀមរាប កំពង់ធំ ប្រើឲ្យដឹកឈើដែលមានឈើនាងនួន និងឈើគ្រញូង ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីទៅលក់នៅប្រទេសវៀតណាម។

លុះដឹកមកដល់ ចំណុចភូមិស្លាក់ក្រាញ់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ក៏ត្រូវបានលោក វរសេនីយ៍ត្រី ឃុន ភារៈ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង ដឹកនាំកម្លាំងបង្រ្កាប និងស្ទាក់ចាប់តែម្តង ដោយមានការឯកភាពពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅវេលាម៉ោង០០:១៦នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានកម្លាំងអ.ហស្រុកស្ទោងចំនួន ០៧នាក់ រថយន្ត ០៣គ្រឿង។

លោក វរសេនីយ៍ត្រី ឃុន ភារៈ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ ក៏បានសុំយោបល់ពីមេបញ្ជាការ ដឹកនាំកម្លាំងបង្រ្កាប បានរថយន្តហាយឡែនឌឺ ដែលបានដឹក បទល្មើសធនធានធម្មជាតិ ករណីដឹកជញ្ជូន ផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញាតិ ចំណែក អ្នកបើកបររត់គេចខ្លួនបាត់ សមត្ថកិច្ចបានប្រមូលវត្ថុតាង រួមមានប្រភេទឈើនាងនួនចំនួន ១៤ដុំ ស្មើនឹង ០.៥១០ម៉ែត្រគូប ហើយបានប្រគល់ជូន សង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

រំលឹកថា បញ្ហាដឹកជញ្ជូនបទល្មើស ឈើដោយខុសច្បាប់ គឺត្រូវបានកំរើកសារជាថ្មីវិញហើយ ដែលត្រូវបានគេដឹងថា ជាឈ្មួញឈើឈ្មោះ តឿ និងឈ្មួញឈើដ៏សកម្ម៣នាក់ទៀត កំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដែលជាប្រភេទឈើធ្នង់ នាងនួន និងឈើគ្រញូង ចេញពីខេត្តព្រះវិហារ និងខេត្តសៀមរាប តែកម្រនឹងឃើញសមត្ថកិច្ចឃាត់បានរថយន្តដឹកបទល្មើសទាំងនេះណាស់ តែសមត្ថកិច្ចឃាត់តែរថយន្តដឹកបទល្មើស ណាដែលថ្លើមធំហ៊ានរំលងម្ចាស់ទឹកម្ចាស់ដីតែប៉ុណ្ណោះ។ប៊ុនរិទ្ធី

 

 

អត្ថបទដែលជាប់ទាក់ទង