ពិតជាសាហាវណាស់លោកព្រះ! សមត្ថកិច្ចបើកការបង្ក្រាបមុខសញ្ញាបង្ហោះការណូត បង្កការប៉ះពាល់សណ្តាប់ធ្នាប់ក្នុងសង្គម

ពោធិ៍សាត់៖ មុខសញ្ញាបង្ហោះការណូតបង្កផលប៉ះពាល់សណ្តាប់ធ្នាប់នៅលើផ្ទៃទឹកចំនួន៧នាក់ រួមនឹងម្ចាស់ការណូតដែលប្រើប្រាស់ម៉ាស៊ីនធំខុសលក្ខណៈបច្ចេកទេសចំនួន៩នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចសហការអញ្ចើញមកឱ្យធ្វើកិច្ចសន្យាអប់រំលើកទី១ ដោយតម្រូវឱ្យដោះដូរម៉ាស៊ីនចេញ និងបញ្ឈប់សកម្មភាពបើកការណូតបង្ហោះលើកក្រោយទៀត។

ប្រតិបត្តការណ៍នេះ បានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរប្រាប់ឱ្យដឹងថា សមត្ថកិច្ចសហការមាននគរបាលស្រុក នគរបាលប៉ុស្តិ៍នគរបាលការិយាល័យចរាចរណ៍ជើងទឹក និងអាជ្ញាធរភូមិឃុំ បានចុះដល់មូលដ្ឋានខាងលើអញ្ចើញមុខសញ្ញាដែលតែងបើកការណូតបង្ហោះដោះបំពង់ស៊ីម៉ាំងចេញ ប៉ះពាល់សណ្តាប់ធ្នាប់ បង្កការរំខានការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃទឹក ដោយហៅមកឱ្យធ្វើកិច្ចសន្យាបញ្ឈប់លើកទី១ បើមានលើកក្រោយទៀត និងត្រូវដកការណូតយកមកទុកជាការព្រមាន។

ដោយឡែកចំពោះម្ចាស់ការណូតដែលប្រើប្រាស់ម៉ាស៊ីនធំ ចាប់ពីបួនម៉ាស៊ីនឡើងទៅ គឺតម្រូវរុះរ៉ើកែសម្រួលដោយខ្លួនឯងដោយប្រើប្រាស់ម៉ាស៊ីនធុនតូចវិញ។

លោកថា ធ្វើយ៉ាងដូច្នេះ ដើម្បីឱ្យសណ្តាប់ធ្នាប់ល្អផងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកផង ដែលកន្លងបទល្មើសលួច ប្លន់សមត្ថកិច្ចតាមជនប្រព្រឹត្តមិនដែលទាន់ ដោយសារតែពួកនេះប្រើប្រាស់ការណូតបំពាក់ដោយម៉ាស៊ីនធុនធំៗ ល្បឿនលឿនជាងសមត្ថកិច្ច។

លោកបញ្ជាក់ថា ប្រតិបត្តការណ៍នេះ គឺធ្វើតែចំពោះមុខសញ្ញាដែលសមត្ថកិច្ចកំណត់ទុកតែប៉ុណ្ណោះ ទៅតាមការណែនាំរបស់អភិបាលខេត្ត ក៏ដូចជាលោកស្នងការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង