ការពិតត្រូវលាតត្រដាង! ក្មេងស្រីដែលចងកសម្លាប់ខ្លួន នៅខេត្តសៀមរាប ​បញ្ជាក់ការពិតថា ដោយសារវិបត្តិក្នុងគ្រួសារទើបបានជាកូនស្រីសម្លាប់ខ្លួន

សៀមរាប៖  អ្វីដែលមហាជនហាក់កំពុងមានមន្ទិលសង្ស័យ រឿងយុវតីម្នាក់ចងកសម្លាប់ខ្លួន នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប ហើយគេអះអាងថា ស្លាប់ដោយសារតូចចិត្តរឿងប្រឡងធ្លាក់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នោះ ឥឡូវម្ដាយរបស់យុវតីរងគ្រោះ បានចេញបញ្ជាក់ការពិតថា កូនស្រីរបស់គាត់បានចងកសម្លាប់ខ្លួនមិនមែនរឿងប្រឡងធ្លាក់​ទេ គឺដោយសារមានវិបត្តិគ្រួសារ ​។

ម្ដាយរបស់ជនរងគ្រោះបានបញ្ជាក់ថា កូនស្រីរបស់គាត់ បានយកក្រមាចងក​នៅក្នុងបន្ទប់​ កាលថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៨ ពោលមានរយៈពេលជាង៣ខែហើយ មិនមែនទើបតែស្លាប់ ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបនោះទេ ដូច្នេះសូមអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំបន្ដចែកចាយ ព័ត៌មានមិនពិតនេះ ដែលនាំឲ្យព្រលឹងកូនរបស់គាត់វិលវល់ មិនបានស្ងប់។

ជាមួយគ្នានេះ បងស្រីបង្កើតក្មេងរងគ្រោះបានឲ្យដឹងថា ខ្ញុំសូមសំណូមពរដល់អ្នកដែលចុះផ្សាយព័ត៌មានទាំងអស់ ​សូមបញ្ឈប់ទៅ ព្រោះប្អូនស្រីខ្ញុំវាបានស្លាប់យូរហើយអត់មានពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបធ្លាក់នោះទេ ឯការយករូបភាពនៅបង្ហោះ ហើយសរសេរខ្លឹមសារដែលមិនពិតធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសារខ្ញុំ ចំណែក ជនរងគ្រោះក៏បានឈប់រៀន និងរៀបការរួចរាល់ហើយដែរ តាំងអំឡុងខែមេសា ឆ្នាំ២០១៨ម្ល៉េះ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានថ្លែងថា «ដើម្បីបញ្ចៀសការយលច្រឡំ ខ្ញុំបាទសូមបញ្ជាក់ជូនឲ្យបានដឹងថា ​​យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ ចិត្រ ម៉ាឡា អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចងកដោយក្រម៉ានៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់មកម្ល៉េះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហានៅក្នុងគ្រួសារបន្តិចបន្តួច ។

លោកបានបន្ដថាថា តាមដំណើររឿង ពេលប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ទៅហៅជនរងគ្រោះឲ្យចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាតចងករស្លាប់បាត់ហើយៗក៏រត់មកស្រែក ហៅម្តាយឲ្យទៅមើលពេលទៅដល់ កូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ៕ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង