ទំនប់ទឹកអភិវឌ្ឍន៍ ម្លប់ពោធិ៍ ឃុំស្រឡៅ កំពុងតែបង្ហាញការទាក់ទាញដល់ភ្ញៀងទេសចរណ៍

កំពង់ធំ៖ រយៈពេលជាងមួយខែ បន្ទាប់ពី រដូវវស្សាឈានចូលមកដល់ គេបានភ្ញាក់ផ្អើលនឹងនាំគ្នាទៅលេងកម្សាន្តយ៉ាងសប្បាយកុះករ នៅតំបន់អភិវឌ្ឃន៍ ម្លប់ពោធិ៍ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខណៈដែលតំបន់នេះពីមុនមកពុំធ្លាប់មានភ្ញៀវទៅកម្សាន្តឡើយ តែបច្ចុប្បន្ននេះ ត្រូវបានគេសង្កេតឃើញមានភ្ញៀវទេសចរចូលទៅលេងកម្សាន្ត ក្នុង១ថ្ងៃៗ យ៉ាងតិចចាប់ពី១៥០នាក់ឡើងទៅ តែបើថ្ងៃចុងសប្តាហ៍វិញ គឺមានអ្នកទៅកម្សាន្តច្រើនជាងថ្ងៃធម្មតាទ្វេដង។

លោក តិច ឆេង ជាអ្នកលក់ម្ហូបអាហារ និងគ្រឿងក្លែម តំបន់ទំនប់ទឹកអភិវឌ្ឍន៍ថ្មីបានឱ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ឈានចូលមកដល់រដូវវស្សានេះ គេបានសង្កេតឃើញអ្នកទេសចរណ៍បានសម្រុកចូលទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ជាពិសេសនោះគឺនៅថ្ងៃចុងសប្តាហ៍វិញ មានភ្ញៀវចូលទៅលេងកម្សាន្ត មិនក្រោមពី៤០០នាក់ទៅ៥០០នាក់ឡើយ ហើយចំនួនអ្នកទេសចរណ៍ទាំងនេះបានធ្វើឱ្យពួកគាត់លក់ម្ហូបអាហារនិងគ្រឿងក្លែមស្ទើរតែពុំទាន់ផង។

ចំណែកអ្នករត់ទូកដរនិងកាណូតវិញពួកគេ អាចរកប្រាក់បានចាប់ពី៣ទៅ៥ម៉ឺនរៀលក្នុង១ថ្ងៃ លោក ឡុញស៊ុយ ប្រធានសហគមន៍ ម្លប់ពោធិ៍អណ្តូងបានឱ្យដឹងថា កាលពីដើមឡើយមិនដែលមានអ្នកទេសចរណ៍ ចូលទៅកម្សាន្តទេ ទើបតែនៅរដូវវស្សាឆ្នាំនេះ គួបផ្សំនិងទឹកជំនន់ទន្លេឡើងជាងឆ្នាំមុន គឺឡើងមកដល់ចំណុចទំនប់ទឹកម្លប់ពោធិ៍ ដែលកសាងឡើងដោយរាជរដ្ឋាភិបាល នាពេលកន្លងមកនេះ បានធ្វើឱ្យមានភាពទាក់ទាញអ្នកទេសចរណ៍ឱ្យចូលទៅកម្សាន្ត យ៉ាងច្រើនកុះករ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងកំឡុងរយៈពេលជាងមួយខែនេះ។

តែលោកសូមសំណូពរឱ្យអាជ្ញាធរ និងមន្ទីរជំនាញ ជួយកសាងប្រព័ន្ធសាស្ត្របន្ថែម។  លោក សេងអាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងថា តំបន់ទេសចរណ៍តូចៗនេះ គឺពិតជាមានច្រើនកន្លែងនៅខេត្តកំពង់ធំ ហើយក៏សំបូរភ្ញៀវចូលទៅកម្សាន្តមែន ពីព្រោះតំបន់នោះវាប្លែក មិនមានយកប្រាក់កម្រៃសេវាឡើយ ហើយម្យ៉ាងវិញនោះគឺអ្នកទេសចរណ៍ច្រើនតែទៅកម្សាន្តនៅតំបន់ដែលមានទឹកលេងច្រើន ដូចជានៅស្ទឹង៦មករា ស្ទឹងព្រៃប្រស់ អូរមាន់ អូរម្កាក់ ដងអន្ទាក់និងទំនប់អភិវឌ្ឍន៍ម្លប់ពោធិ៍នេះ ហើយតំបន់ទាំងនេះមន្ទីរទេសចរណ៍ខេត្ត កំពុងតែពិនិត្យឱ្យបានច្បាស់លាស់ និងស្នើទៅអាជ្ញាធរខេត្តកំពង់ធំ ដាក់បញ្ចូលទៅជាតំបន់ទេសចរណ៍ក្នុងខេត្ត ដើម្បីជួយឱ្យប្រជាពលរដ្ឋរស់នៅតាមរមណីយដ្ឋាននីមួយៗរកចំណួលពីការលក់ដូរ និងជួលទូក សម្រាប់ជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ៕ ដោយៈ CSB

អត្ថបទដែលជាប់ទាក់ទង