កូនឈើចំនួន​៥.៥០០ដើម ជាប្រភេទឈើគរគី និងកូនក្រញូង ត្រូវបានដាំឡើងវិញ នៅតំបន់ដែនព្រៃការពារ​ក្បាលឆាយ​

ព្រះសីហនុ៖ នៅរៀលថ្ងៃសុក្រទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរកសិកម្ម​ បានរៀបចំដាំកូនឈើឡើងវិញនៅតំបន់ក្បាលឆាយ ចំណុច អូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីទីនេះត្រូវបានជនខិលខូចខ្លះបានលួចកាប់ឆ្ការ ដើម្បីយកដីកាន់កាប់ដោយខុសច្បាប់។

ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញនាពេលនេះដែរ ឯកឧត្ដម យន្ត មីន ព្រមានជាថ្មីទៀតថា អ្នកណាក៏ដោយ ដែលជាប់ពាក់ព័ន្ធក្នុងអំពើបំផ្លាញព្រៃនៅតំបន់ក្បាលឆាយ​ នឹងចាត់ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។​ ធ្វើយ៉ាងណាត្រូវតែការពាព្រៃនេះអោយបានដាច់ខាត​ ដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ។

អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ព្រៃនៅតំបន់ក្បាលឆាយនេះគឺជាប្រភពទឹកសាបដ៏សំខាន់បំផុត មិនអាចខ្វះបានទេដូច្នេះត្រូវតែការពារអោយបានទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយ។

ទីតាំងដែលស្ថិកនៅក្នុងតំបន់ហាមឃាត់ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាល ដែលត្រូវជនខិលខូចមួយចំនួនលួចកាប់ឆ្ការរានព្រៃយកដីកាន់កាន់កាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារឡើងវិញដោយសហការជាមួយជំនាញកសិកម្មដាំកូនឈើឡើងវិញទាំងអស់។ឯកឧត្ដម យន្ត មីន​ បានព្រមានធ្ងន់ៗចំពោះអ្នកដែលនៅតែមានមហិច្ឆតាទន្ទ្រានព្រៃក្បាលឆាយទាំងឡាយ សូមដកខ្លួនចេញជាបន្ទាន់។

សូមបញ្ជាក់ថា​ ដោយមើលឃើញការលំបាកចាំបាច់របស់ប្រជាជនរស់នៅជាក់ស្តែងក្នុងតំបន់ក្បាលឆាយ រដ្ឋាភិបាលក៏បានសម្រេចកាត់ឆ្វៀលដីមួយផ្នែកតូច​ ដើម្បីអោយរដ្ឋបាលខេត្តព្រះសីហនុ បែងចែកជូនពលរដ្ឋជាចំណែកគោលនយោបាយ ៥ម x ២០ម ។
តែទោះជាបែបនេះក្តី ក៏សង្គេតឃើញថានៅមានបុគ្គលខ្លះនៅតែបន្តលបលួចកាប់ឆ្ការដុតរានព្រៃយកដីកាន់កាប់ជាបន្តបន្ទាប់ តាមការអូសទាញពីមេខ្យល់មួយចំនួន។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង