មន្ត្រីជាន់ខ្ពស់ស្ថានទូតថៃប្រចាំកម្ពុជា បានបង្ហាញបំណងចង់បង្កើនការផលិតភាពយន្តរួមគ្នាជាមួយកម្ពុជា ឱ្យបានកាន់តែច្រើនរឿង 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ស្ថានទូតថៃប្រចាំកម្ពុជា មានបំណងបង្កើនផលិតភាពយន្តរួមគ្នាជាមួយកម្ពុជា ឱ្យបាន​កាន់តែ​ច្រើនរឿង ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យផលិតភាពយន្តកម្ពុជាឱ្យកាន់តែមានគុណភាព និងបង្ហាញពី​​កិច្ច​​សហ​ប្រតិ​ប​ត្តិការ​ល្អរវាងប្រទេសទាំងពីរ។ ការបង្ហាញបំណងរបស់ភាគីថៃចង់សហការផលិតភាពយន្តរួមគ្នាជាមួយកម្ពុជានេះ បានធ្វើឡើងក្នុង​​ព្រឹត្តិការណ៍មហោស្រពភាពយន្តថៃ លើកទី៣ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយមានការចាក់បញ្ចាំង​​ខ្សែភាពយន្តល្បីៗ ចំនួន ៤រឿង ក្រោមកិច្ចសហការផលិតរួមគ្នារវាងផលិតករកម្ពុជា- ថៃ កាលពីពេលថ្មីៗនេះ នៅផ្សារ​ទំនើប អ៊ីអនម៉លសែនសុខ ដែលបើកឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។

លោក ជីរ៉ាវុទ្ធ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រុមពាណិជ្ជករ​ថៃ​ផ្នែក​​ភាពយន្តគ្រោង សហការជាមួយក្រុមផលិតករភាពយន្តកម្ពុជា ដើម្បីរួមគ្នាផលិតភាពយន្តជាច្រើន​​រឿង ឱ្យកាន់​​តែមានគុណភាពល្អព្រមទំាងបច្ចេកទេស ល្អដែលអាចចាក់បញ្ចាំងនៅក្នុងតំបន់អាស៊ាន អាស៊ី និងពិភពលោក។

លោកបានបញ្ជាក់ថា ការជំរុញកិច្ចសហការផលិតភាពយន្តរវាងប្រទេសទំាង២នេះ ខណៈដែលបច្ចុប្បន្នមាន​​ភាពយន្ត ២ឬ ៣រឿងហើយ ដែលផលិតករខ្មែរបានសហការផលិតជាមួយផលិតក​រថៃ ហើយស្នាដៃទំាង​នោះទទួល​បាន​ការ​គាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទំាងសងខាង។

លោកអៈអាងថា នៅថ្ងៃអនាគតថៃនឹងជំរុញនាំយកភាពយន្តកម្ពុជាទៅចាក់បញ្ចាំង​​នៅប្រទេសថៃ ឱ្យបានកាន់តែ​ច្រើនរឿង ដោយមិនត្រឹមតែជំរុញការផ្លាស់ប្តូរភាពយន្តនៃប្រទេសទំាង២ប៉ុណ្ណោះទេ គឺបានបម្រើដល់​​ប្រជាពលរដ្ឋខ្មែរ​​​​ដែលកំពុង ស្នាក់នៅ និងធ្វើការធ្វើប្រទេសថៃរហូតដល់ជាង ១លាន៥សែននាក់ផងដែរ ​​អាចទស្សនាភាពយន្តខ្មែរបាន។

ខាងក្រោមនេះ ជាមក្រងរូបភាព នៃពិធីក្រុងពាលីភាគយន្តខ្នាតធំ រឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ពិធីក្រុងពាលីថតជាផ្លូវការនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក ដែលស្ថិតនៅឯភូមិគ្រិះរបស់លោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្ម មហាហង្ស ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នេះគឺជាស្នាដៃទី១ ដែលផលិតកម្ម មហាហង្ស បានសហការផលិតរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ជាមួយអ្នកជំនាញ និងតារាសម្ដែងមកពី ៣ ប្រទេសរួមគ្នា ក្នុងតំបន់អាស៊ី មានដូចជា ប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង