សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ចូលរួមដាក់តាំងបង្ហាញស្តង់ពិព័រណ៍ ក្នុងវេទិកាតម្រង់ទិសការសិក្សា និងអបអរសាទរដល់សិស្សដែលទើបប្រឡងជាប់បាក់ឌុប ដែលរៀបចំដោយ ស.ស.យ.ក រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អមដោយវេទិកាតម្រង់ទិសការសិក្សាជូនដល់សិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

ពិធីនេះ បានធ្វើឡើងនៅអគារខេមរានី ទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាយ​ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអាជ្ញាធររាជធានីភ្នំពេញ ព្រមទាំងសិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង ៧០០នាក់ និងមានការដាក់តាំងបង្ហាញស្តង់ពិព័រណ៍ចំនួន ៥២ស្តង់ ដែលជា គ្រឹស្ថានឧត្តមសិក្សា និងសាលាវិជ្ជាជីវៈ ធនាគារ មីក្រូហិរញ្ញវត្ថុផ្តល់កម្ចីសិក្សា ក្រុមហ៊ុន និងសហគ្រាសដៃគូវគ្គបំប៉នបាក់ឌុប និងសមាគម អង្គការយុវជននានា។

ស្របពេលជាមួយគ្នានេះដែរ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ក៏បានចូលរួមដាក់តាំងបង្ហាញស្តង់ពិព័រណ៍ នៃកម្មវិធីសិក្សាដែលមានចាប់ពីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយក៏មានវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗជាច្រើនទៀតផងដែរ។ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក៏បានបង្ហាញឱ្យសិស្សនិស្សិតប្រើប្រាស់កម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile App) របស់សាកលវិទ្យាល័យផ្ទាល់ សម្រាប់ IOS ដោយគ្រាន់តែចូលទៅកាន់ App Store រួចវាយ CHN News សម្រាប់ Android ដោយគ្រាន់តែចូលទៅកាន់ Play Store រួចវាយ CHN News និងអ៊ីម៉ែលៈ info@ui.edu.kh គេហទំព័រៈ www.ui.edu.kh ព្រមទាំងហ្វេសប៊ុកផេកៈ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា University of Indrawichea ។

គួរបញ្ជាក់ដែរថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិត លើគ្រប់វិស័យក្នុងផ្នែកវប្បធម៌ សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ។

ការរៀបចំពិធីអបអរសាទរលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ បានផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស និងវិទ្យាល័យដែលបានជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨។ ជាពិសេសក៏មានការរៀបចំនូវវេទិកាតម្រង់ទិសការសិក្សាដោយផ្តោតសំខាន់លើការតម្រង់ទិសសម្រាប់ការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ការតម្រង់ទិសសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈ យន្តការទ្រទ្រង់សម្រាប់តម្រង់ទិសការសិក្សា  ដោយមានវាគ្មិនសំខាន់ៗចូលរួមឧទ្ទេសនាម ដើម្បីចែករំលែងគំនិតយោបល់ ក៏ដូចជាបទពិសោធន៍ល្អៗ ជាមូលដ្ឋានក្នុងការសម្រេចចិត្តសម្រាប់ការបន្តការសិក្សា សំដៅឈានឆ្ពោះទៅការចាប់យកអាជីពការងារប្រកបដោយភាពជោគជ័យ។

គួររំលឹកផងដែរថា នៅពេលមុនប្រឡងមធ្យមសិក្សាទុតិយភូមិនោះដែរ ដើម្បីជាការត្រៀមបំប៉នបន្ថែមដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប បានរៀបចំវគ្គបំប៉នដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន ៣៧៨នាក់ និងមានសិស្សចូលរៀនចំនួន ៧ ៣៦៦នាក់។ វគ្គបំប៉ននេះត្រូវបានរៀបចំឡើងនៅតាមវិទ្យាល័យទាំង ៣៤ នៅទូទាំងរាជធានីភ្នំពេញ អស់រយៈពេល ៧សប្តាហ៍ ដោយផ្តោតលើមុខវិជ្ជាចំនួន៥ រួមមាន គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ហើយមានការបង្រៀនសរុបចំនួន ៨ ២៦៨ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង