ឱកាសល្អមកដល់ហើយ!!! ចំពោះសិស្សប្រឡងធ្លាក់បាក់ឌុបឆ្នាំនេះ ក្រសួងការងារលើកទឹកចិត្តឱ្យចូលរៀនជំនាញបំណិនជីវិត ដោយផ្តល់អាហារូបករណ៍ចំនួន១៣,៧៨៧កន្លែង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យសិស្សប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំនេះ ចូលរៀនជំនាញបំណិនជីវិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានា ដើម្បីមានជំនាញច្បាស់លាស់ងាយស្រួលរកប្រាក់ចំណូលចិញ្ចឹមជីវិត។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់សិស្សានុសិស្សទាំងអស់ ពិសេសសិស្សដែលប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំនេះ ត្រូវទៅចុះឈ្មោះចូលរួមប្រឡងយកអាហារូបករណ៍នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដើម្បីសិក្សាលើមុខជំនាញនានាស្របទៅតាមទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ឯកឧត្តម បានបន្តថា សម្រាប់ឆ្នាំសិក្សា២០១៨ និង២០១៩នេះ ក្រសួងការងារបានផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/ អនុបណ្ឌិត, បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/ សញ្ញាបត្រវិស្វករ, សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង, បច្ចេកទេស/ឯកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ១៣,៧៨៧កន្លែង ដែលសិក្សានៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៦៤ នៅទូទាំងប្រទេស។

លក្ខខណ្ឌនៃការជ្រើសរើសចូលរៀន រួមមានៈ

  • ទី១ ចំពោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ បេក្ខជនដែលបានរៀនចប់មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឬបានបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញថ្នាក់ទី៨ និងថ្នាក់ទី៩ ឬកម្រិតសមមូល។
  • ទី២ ចំពោះសញ្ញាបត្រជាន់ខ្ពស់/បរិបញ្ញាបត្ររង បច្ចេកទេស/ឯកទេស បេក្ខជនដែលបានរៀនចប់មធ្យមសិក្សាទុតិយភូមិ (ប្រឡងធ្លាក់ ឬជាប់) ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។
  • ទី៣ ចំពោះបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ/បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣  ឬសញ្ញាបត្រដែលមានតម្លៃសមមូល។
  • ទី៤ ចំពោះបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស/អនុបណ្ឌិត បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ និងបរិញ្ញាបត្រ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនរួសរាន់ទំនាក់ទំនងចុះឈ្មោះសិក្សាដោយផ្ទាល់ តាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានី ខេត្តនីមួយៗ តាមលក្ខខណ្ឌជ្រើសរើសឱ្យចូលរៀន៕

អត្ថបទដែលជាប់ទាក់ទង