ព្រះរាជអាជ្ញាសម្រេចអនុញ្ញាតដោះលែងអាជីវករផ្សារព្រៃទា ដែលចាប់កោរសក់ជនសង្ស័យ ឱ្យត្រលប់ទៅផ្ទះវិញដោយសុវត្តិភាព

ភ្នំពេញ៖ នៅទីបំផុត ព្រះរាជអាជ្ញា បានសម្រេចអនុញ្ញាតឲ្យអាជីវផ្សារព្រៃទារចំនួន៤នាក់ ក្នុងនោះម្នាក់ជាសាក្សី ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំ និងពន្យល់ណែនាំអំពីនីតិវិធីច្បាប់ ក្រោយក្រុមអាជីវករបានប្រើ​អំពើហិង្សា និងចាប់កោរសក់ទៅលើនារីជាជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទនៅក្នុងផ្សារ។

សេចក្ដីរាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា បន្ទាប់ពីមានគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យក្រុមអាជីវករផ្សារព្រៃទារចំនួន៤នាក់ ក្នុងនោះម្នាក់ជាសាក្សីបំភ្លឺ ត្រឡប់ទៅវិញ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ។

ទន្ទឹមការឃាត់ខ្លួន​អាជីវករ៤នាក់នេះ ក្រុមអាជីវផ្សារព្រៃទាជាច្រើននាក់ផ្សេងទៀត នៅថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ ក៏បាននាំគ្នាតវ៉ាដើម្បីឲ្យមានការដោះលែង អាជីវករដូចគ្នាត្រឡប់ទៅផ្ទះវិញ​ ដោយលើកហេតុផលផ្សេងៗផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ទៅលើជនសង្ស័យ នៅពេលចាប់ខ្លួនបាន ពោលត្រូវបញ្ជូនទៅកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី ព្រោះថាពេលខ្លះការប្រើប្រាស់អាចបណ្ដាលឲ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ​ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយទេ។

សូមជម្រាបថា អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយ​ពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចម្នាក់ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ​ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​។

បន្ទាប់មកវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពនេះផងដែរ ដោយបញ្ចេញមតិថា មិនត្រូវប្រើហិង្សានោះទេ គឺត្រូវចាប់បញ្ជូនទៅសមត្ថកិច្ច ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង