គិតមកដល់ថ្ងៃទី១៦ ខែកញ្ញានេះ ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម រងគ្រោះដោយសារពស់ចឹក និងសត្វល្អិតទិច ឬខាំ មានចំនួន១០៥នាក់

កំពង់ចាម៖ គិតមកដល់ម៉ោង៦ព្រឹក ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម បានរងគ្រោះដោយករណីពស់ចឹក ចំនួន ៨៤នាក់ (ស្រី២៩) និងករណីសត្វល្អិតទិច ឬខាំ មានចំនួន ២១នាក់ (ស្រី៥នាក់) សរុបរួមទាំងអស់មានចំនួន ១០៥នាក់ (ស្រី៣៤នាក់) នៅក្នុងរដូវទឹកឡើងនេះ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

អាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីពស់ចឹក២នាក់ រួមមានៈ

  • ទី១. ឈ្មោះ សែន សេង ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចូលសម្រាកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង១៨ៈ៥៥នាទី ដោយសារពស់ចឹកចំម្រាមដៃកណ្តាលខាងស្តាំ ចឹកពេលគាត់កំពុងរើគំនរអូស (ចឹក៧ម៉ោងមុន ចូលសម្រាកពេទ្យ) ហើមឈឺចុកចាប់ ប៉ុន្តែក្រោយពីបានទទួលការព្យាបាលអ្នកជម្ងឺបានធូរស្រាលវិញហើយ។
  • ទី២. ឈ្មោះ សាន ស្រីធាន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិក្តារផ្សារឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ ចូលសម្រាកនៅផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង១៧ៈ០០នាទី ដោយសារពស់ចឹកចំខ្នងដៃខាងស្តាំ ពេលកំពុងរើសផ្លែត្របែក (ចឹក៥ម៉ោងកន្លះមុន ចូលសម្រាកពេទ្យ) ហើមឈឺចុកចាប់ ក្រោយពីបានទទួលការព្យាបាលអ្នកជម្ងឺបានធូរស្រាលវិញហើយ។

គួររំលឹកថា រាល់កម្មវិធីពេលចែកអំណោយ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម តែងតែអំពាវនាវ និងធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស ទិចឬខាំ និងគ្រោះថ្នាក់ដោយសារលង់ទឹកជាដើម ។

សូមបញ្ជាក់ថា សម្រាប់ព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ កម្ពស់ទឹកនៅក្នុងខេត្តកំពង់ចាម ១៤.៧០ម៉ែត្រ ហក់ឡើង ០.០៦ម៉ែត្រ បើប្រៀបធៀបទៅនឹងថ្ងៃម្សិលម៉ិញ ខណៈ កម្ពស់ទឹកដែលត្រូវប្រកាសអាសន្នមានកម្ពស់ ១៥.២០ម៉ែត្រ៕

 

អត្ថបទដែលជាប់ទាក់ទង