សត្វកណ្តូបជាអាហារកំពុងតែពេញនិយមនៅផ្សារច្រកអានសេះ ព្រំដែនកម្ពុជា-ថៃ សម្រាប់ប្រជាជនថៃ

ព្រះវិហារ៖ នៅក្នុងរដូវវស្សានេះអាជីវករលក់ដូរ នៅផ្សារច្រកទ្វារអានសេះ ព្រំដែនកម្ពុជា-ថៃ នៃខេត្តព្រះវិហារ កំពុងកាក់កបនឹងការលក់សត្វកណ្តូបឱ្យប្រជាជន និងឈ្មួញថៃ រាប់រយគីឡូក្រាមក្នុងថ្ងៃ ព្រោះសត្វកណ្តូបនេះ ជាអាហារដ៏ពេញនិយមរបស់ជនជាតិថៃ។

អ្នកស្រី លី ដានីន ជាអាជីវករលក់ដូរនៅក្នុងផ្សារអានសេះ ព្រំដែនកម្ពុជា បានលើកឡើងថា ការប្រកបរបរលក់ដូរទំនិញឱ្យភាគីថៃ គឺលក់ទៅតាមរដូវ ដូចជា រដូវផ្សិតរងា ផ្សិតឈើ ចុងផ្តៅ ឬកសិផលផ្សេងៗ។ ដោយឡែកនៅក្នុងរដូវវស្សានេះ មានតែសត្វកណ្តូប កង្កែប ដំឡូងទៀន និងចុងផ្តៅតែប៉ុណ្ណោះ សម្រាប់លក់ទៅឱ្យជនជាតិថៃ ដែលចូលមកលេងកម្សាន្ត នៅច្រកទ្វារ អានសេះនៅរៀង ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ រៀងរាល់សប្តាហ៍។

អ្នកស្រី ថន ស្រីមុំ បានលើកឡើងថា ក្នុងមួយថ្ងៃៗអាជីវករម្នាក់ៗ អាចលក់សត្វកណ្តូបនេះទៅឱ្យប្រជាជនថៃ ក្នុងម្នាក់ចន្លោះពី២០ ទៅ២៥គីឡូក្រាម ក្នុងតម្លៃ ៣០០បាត ក្នុង១គីឡូក្រាម អាចឱ្យពួកគេចំណេញប្រាក់ ចន្លោះពី ៦ម៉ឺនរៀល ទៅ៨ម៉ឺនរៀល ក្នុងមួយថ្ងៃ។ អ្នកស្រីបន្ថែមថា ក្រោយពេលផុតរដូវសត្វកណ្តូប ពួកគាត់មាន បន្លែផ្សេងៗទៀតទៅតាមរដូវ របស់បន្លែព្រៃ ដូចជា ចុងផ្តៅ ស្លឹកព្រិច ផ្សិត និងកសិផលកសិកម្មផ្សេងៗ ជាដើម។

លោក ម៉ក់ បារាំង ជាអ្នកលក់កណ្តូប បានលើកឡើងថា ថ្ងៃខ្លះអាចនាំចេញសត្វកណ្តូបទៅថៃ ពី ២ទៅ ៣តោន ក៏មាន ប៉ុន្តែក្នុងឆ្នាំនេះ ពុំសូវមានសត្វកណ្តូបដូចឆ្នាំមុននោះទេ។ លោកថា នៅពេលរដូវរំហើយមកដល់ សត្វកណ្តូបក៏ចាប់ផ្តើមអស់ដែរ ហើយសត្វកណ្តូបដែលពួកគាត់យកមកលក់នេះ ភាគច្រើនឈ្មួញដឹកយកពីខេត្តកំពង់ធំ មកដល់លើភ្នំដងរែកតែម្តង។ សត្វកណ្តូបនេះភាគច្រើន មាននៅតាមចម្ការ ពិសេសចម្ការពោត។

ជនជាតិថៃម្នាក់ ដែលបានចូលមកទិញសត្វកណ្តូប នៅផ្សារអានសេះ បានប្រាប់ឱ្យដឹងថា ជនជាតិថៃ ពេញនិយមខ្លាំងណាស់ចំពោះសត្វកណ្តូប សម្រាប់យកទៅធ្វើជាអាហារ ព្រោះវាមានរសជាតិឆ្ងាញ់ ដូចជាយកទៅបំពង ហូបជាមួយបុកល្ហុងជាដើម។ ជនជាតិថៃដដែល លើកឡើងទៀតថា នៅប្រទេសថៃពុំមានសត្វកណ្តូបដូចកម្ពុជាទេ ព្រោះកសិករថៃប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើន៕

 

អត្ថបទដែលជាប់ទាក់ទង