នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧​ ខែកញ្ញានេះ រដ្ឋសភាថ្មី នឹងបើកកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍លើកដំបូង ដើម្បី​ពិនិត្យ​លើ​ការទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី ៣៨រូប

ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានប្រកាសថា នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩ព្រឹក សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ​ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា​។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា លើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ ដើម្បី​ពិនិត្យ​លើ​របៀបវារៈ នៃ​ការទទួលស្គាល់​តំណាងរាស្ត្រ​ថ្មី ៣៨រូប​។ ក្នុងនោះ បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា រដ្ឋសភា នឹង​ប្រជុំ​ពេញអង្គ ប្រកាស​ទទួលស្គាល់ និង​ផ្តល់​សុពលភាព​ជូន​អ្នកតំណាងរាស្ត្រទាំង ៣៨រូប​។​

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា បានទទួល​លិខិត​ពី ​គ​.​ជ​.​ប នូវ​ការប្រកាស​ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រទាំង ៣៨រូប​ហើយ​។ ក្នុងនោះ រដ្ឋសភា គ្រោង​នឹង​ប្រជុំ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែកញ្ញា ហើយ​បើ​គ្មានអ្វី​ប្រែប្រួល​ទេ រដ្ឋសភានឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​ប្រកាស​ទទួលស្គាល់ និង​ផ្តល់​សុពលភាព​ជូន​អ្នកតំណាងរាស្ត្រ​ថ្មី​ទាំង ៣៨​រូប​។ ដោយឡែក នៅពេល​រសៀល​ថ្ងៃ​ពុធ ទី​១៩​កញ្ញា តំណាងរាស្ត្រ​ថ្មី​ទាំង ៣៨រូប នឹង​ចូលធ្វើ​សច្ចាប្រណិធាន ក្នុង​ព្រះបរមរាជវាំង​។​

ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា ការផ្លាស់ប្តូរ​តំណាងរាស្ត្រ​នេះ រដ្ឋសភា ត្រូវ​ធ្វើជា​ការប្រញាប់ ដោយ​មិន​បង្អែរ​បង្អស់ នាំ​ឱ្យខាត​ពេល ព្រោះថា រដ្ឋសភា ត្រូវការ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បី​ដំណើរ​ការងារ​ទាំង​ក្នុង និង​ទាំង​ក្រៅប្រទេស​។ ក្នុងនោះ នៅពេល​តំណាងរាស្ត្រ​ថ្មីទាំង ៣៨រូប ចូលកាន់​តំណែង​ហើយ រដ្ឋសភា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង ១០​របស់​រដ្ឋសភា ដើម្បី​អាច​ដំណើរ​ការងារ​ដោយ​ពេញលេញ​បាន​។​

សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានសម្រេច​លុបឈ្មោះ និង​ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅក្នុង​មណ្ឌល​រាជធានី​ខេត្ត​ចំនួន១៥ តាម​ការស្នើសុំ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុងនោះ គ​.​ជ​.​ប បានសម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ ៣៨​រូប បេក្ខជន​បម្រុង ១២​រូប និង​ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ ៣៨​រូប នៅ ១៥ មណ្ឌល​រាជធានី ​ខេត្ត​។​

​សេចក្ដីប្រកាស​ព័ត៌មាន ចេញផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ គ​.​ជ​.​ប លើកឡើងថា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានទទួល​លិខិត​ស្នើសុំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ស្តីពី​ការសុំ​ប្រកាស​ទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជូនដំណឹង​មក គ​.​ជ​.​ប ថា “​ថ្មីៗ​នេះ មាន​អ្នកតំណាងរាស្ត្រ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស តាម​មណ្ឌល​រាជធានី​ខេត្ត​មួយចំនួន បានដាក់​ពាក្យ​លាលែង​”​។​

​គ​.​ជ​.​ប បន្តថា នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ គ​.​ជ​.​ប បាន​ឯកភាព និង​សម្រេច​លុបឈ្មោះ និង​ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ នីតិកាល​ទី​៦ អនុលោម​តាម​មាត្រា ១៣៩ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ចែងថា “​សមាជិក​រដ្ឋសភា ត្រូវ​បាត់បង់​សមាជិកភាព​របស់ខ្លួន ទៅតាម​ករណី​ជាច្រើន តួយ៉ាង សាមីខ្លួន​សុំ​លាឈប់​ជា​លាយលក្ខណ៍អក្សរ​ពី​សមាជិក​រដ្ឋសភា​។ សាមី​គណបក្ស​នោះ អាច​ស្នើ​ជ្រើសតាំង​សមាជិក​ថ្មី​ជំនួស ដោយ​ជ្រើសរើស​ក្នុងចំណោម​បេក្ខជន ដែលមាន​ឈ្មោះ​តាម​លំដាប់​លេខ​រៀង​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​មណ្ឌលបោះឆ្នោត​របស់​សាមីខ្លួន​នោះមក​ជំនួស ដោយ​មិនបាច់​បោះឆ្នោត​ឡើងវិញ​”​។​

​សូមបញ្ជាក់ថា តាមច្បាប់ អ្នកតំណាងរាស្ត្រ​ថ្មី ដែល​ត្រូវបាន​គជប ទទួលស្គាល់​ទាំង ៣៨ រូបនោះ នឹងត្រូវ​រដ្ឋសភា ប្រកាស​ផ្ដល់​សុពលភាព ជា​អ្នកតំណាងរាស្ត្រ មុននឹង​ចូលទៅ​ព្រះបរមរាជវាំង ដើម្បី​ស្បថ និង​សច្ចាប្រណិធាន ចូលកាន់​តួនាទី ជា​អ្នកតំណាងរាស្ត្រ នីតិកាល​ទី​៦​។ នៅ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា មាន​សមាជិក​សរុប ១២៥ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ នេះ​បើតាម​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជូន​លិខិត​ស្នើសុំ ​គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៦ ចំនួន ៣៨​រូប​។​

ចំពោះ​តំណាងរាស្ត្រទាំង ៣៨ រូប និង​បេក្ខជន​បម្រុង​តំណាងរាស្ត្រ ១២​រូប ដែល​បាន​លាលែង ហើយ​ត្រូវ​បាន គ​.​ជ​.​ប សម្រេច​លុបឈ្មោះ​នាពេលនេះ ត្រូវ​ទៅ​បំពេញការងារ​ក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ ដែល​ក្នុងនោះ រួមមានៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ នៅតាម​ក្រសួង​ស្ថាប័ន​នានា ហើយ​មួយចំនួនទៀត ជា​អភិបាលរង​រាជធានី ​ខេត្ត ជាដើម​៕​


អត្ថបទដែលជាប់ទាក់ទង