​ឯកឧត្តម សុខ ឥសាន ៖ គ្មានទេ​ការចរចារ​ ជន​ណា គណបក្ស​ណា ​ប្រព្រឹត្ត​ល្មើសច្បាប់ ​និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨នេះ ឯកឧត្តម សុខ ឥសាន សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ជាថ្មី ថា ដើម្បី​ធានា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ជូន​ប្រទេសជាតិ ទាមទារ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ និងនីតិរដ្ឋ​។ ជន​ណា គណបក្ស​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ​និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​។

ឯកឧត្តម បញ្ជាក់ថា “​គណបក្ស​កាន់​អំ​ណាច និង​រាជរដ្ឋាភិបាល​កម្ពុជា មិន​លូកដៃ​ចូល​កិច្ចការ​តុលាការ​ជាដាច់ខាត​។ រាជរដ្ឋាភិបាល​កម្ពុជា មិន​ធ្វើ​ការចរចា​ណាមួយ​ជាមួយ​អ្នករំលោភ​ច្បាប់​ឡើយ​។ ការប្រព្រឹត្ត​ល្មើសច្បាប់ មិនមែនជា​រឿងន​យោ​បាយ ដែល​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ចរចា​ឡើយ ត្រូវតែទៅ​ដោះស្រាយ​ជាមួយ​តុលាការ​ជា​ចាំបាច់​”​។

ឯកឧត្តម សុខ ឥសាន បាន​គូសបញ្ជាក់ថា “​ដូច្នេះ ស្នើ​មជ្ឈដ្ឋាន​នានា កុំ​បំភាន់​មតិសាធារណៈ​ឱ្យសោះ មិនអាច​ឱ្យរាជរដ្ឋាភិបាល​​កម្ពុជា ទោរទន់​តាម​បានជា​ដាច់ខាត​។ ហេតុនេះ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្ត​ច្បាប់ ចំពោះ​អ្នក​ល្មើសច្បាប់ ហើយ​គ្មានទេ​ការចរចារ​នយោបាយ​នោះ កុំ​សង្ឃឹម​ឡើយ​”​។​

ការលើកឡើងខាងលើនេះ ខណៈដែល​មានការ​ផ្សព្វផ្សាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា បើកផ្លូវ​ឱ្យមានការ​ចរចា​ជាមួយ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​កិច្ចប្រជុំ​របស់​សភា​សហ​ភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។

យ៉ាងណាក៏ដោយ កិច្ចប្រជុំ​របស់​សភា​ស​ហ​ភាព​អឺរ៉ុប មិនបាន​សម្រេច​អ្វី ពាក់ព័ន្ធ​នឹង​ការស្នើ​របស់​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​ឱ្យសភា​សហភាព​អឺរ៉ុប ដាក់​ការកាប​សង្កត់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​លើ​ការផ្តាច់​កត្តា​នាំចូល​ទំនិញ​ពី​កម្ពុជា​ទៅ​សហភាពអឺរ៉ុប លើ​វិស័យ​កាត់ដេរ​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង