រថយន្តហ៊ីយ៉ាន់ដាយធុនធំ បើកបុកគូទរថយន្តហ៊ីយ៉ាន់ដាយខ្នាតធំដូចគ្នា រងការខូចខាតរថយន្តយ៉ាងដំណំ

ពោធិ៍សាត់៖ រថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខព្រះសីហនុ 3A5399 បើកមកបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយខ្នាតធំដូចគ្នា ពណ៌ខៀវ ពាក់ស្លាក់លេខត្បូងឃ្មុំ 3 A0359 ដែលចតនៅផ្លូវស្របទិសគ្នា មិនមានដាក់សញ្ញាសម្គាល់សំណាងល្អគ្រាន់តែរងរបួសស្រាលអ្នកបើកបរម្នាក់ និងខូចខាតរថយន្តតែប៉ុណ្នោះ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ៈ១០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២១៦-២១៧ ក្នុងភូមិ-អូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍អូរតាប៉ោងប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថន ផាន់និត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិពាក់បង្អោង ឃុំត្រពាំងខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បើកបរថយន្តមកបុកគូទរថយន្តចតនៅស្ងៀមលើផ្លូវ គ្រាន់តែរងរបួសស្រាលដឹកយកទៅសង្គ្រោះនៅមណ្ឌល់សុខភាពឃុំអូរតាប៉ោងភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំ ពណ៌ស បើកបរក្នុងទឹសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ បានមកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំដូចគ្នា ចំពីក្រោយពេញទំហឹង ខណៈចតនៅលើផ្លូវស្របទិសគ្នា ដោយមិនមានដាក់សញ្ញាសម្គាល់អ្វីទាំងអស់ បណ្តាលអោយអ្នកបើកបរម្នាក់រងរបួសស្រាល។

សមត្ថកិច្ចនិយាយថា នេះសំណាងល្អហើយ រថយន្តធំដូចគ្នា បើសិនជារថយន្តប្រភេទតូចវិញ មកបុកពីក្រោយយ៉ាងដូច្នេះ ច្បាស់ជាចូលក្រោមកន្ទុយរថយន្តមានអ្នកស្លាប់មិនខានឡើយ។ ដែលករណីគ្រោះថ្នាក់ចរាចរណ៌នេះគឺដើមចមដោយសាររថយន្តដែលចតស្ងៀមពេលយប់នៅលើផ្លូវមិនបានដាក់សញ្ញាសម្គាល់ ឱ្យអ្នកធ្វើចរាចរណ៍ទទៃទៀតបានឃើញជាកំហុសមួយដែលអ្នកបើកបរទាំងឡាយត្រូវចងចាំ។

ចំពោះរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍អូរតាប៉ោង ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង