បុរសម្នាក់បានរងរបួស ពេលច្រកសាំងដាក់ដបក្បែរចង្រ្កានបាយ កើតជាអគ្គិភ័យឆេះផ្ទះអស់១ខ្នង

ក្រចេះ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីម្ចាស់ផ្ទះបានបូមសាំងច្រកចូលដបនៅក្បែរចង្រ្កានបាយ​ ក៏ឆាបឆេះអស់ផ្ទះឈើលក់គ្រឿងទេស១ខ្នង ក្នុងនោះបុរសជាម្ចាស់ផ្ទះក៏ត្រូវរងរបួសរលាកលើរាងកាយ។

អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានឲ្យដឹងថា ផ្ទះឈើមួយខ្នងមានទំហំ៤គុណ៨ម៉ែត្រ ត្រូវបានឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គិភ័យកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ដែលជាផ្ទះលក់គ្រឿងទេស នៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

លោកអធិការបន្តថា ហេតុការណ៍ដែលផ្តើមចេញដោយសារតែការធ្វេសប្រហេសនេះ បានបង្កឲ្យបុរសជាម្ចាស់ផ្ទះឈ្មោះ កាន់ រឿន អាយុ៥៥ឆ្នាំ បានរងរបួសរលាកលើជើងខាងស្តាំ តែយ៉ាងណាករណីអគ្គីភ័យនេះ មិនបានបង្កការឆាបឆេះរាលដាលដល់ផ្ទះអ្នកដទៃនៅក្បែរនោះទៀតទេ។ លោកថា អគិ្គភ័យនេះ បានបណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ២៣លានរៀល៕

 

អត្ថបទដែលជាប់ទាក់ទង