ពលរដ្ឋនៅខេត្តកំពង់ធំ កំពុងតែមមាញឹកក្នុងការចុះប្រមូលផលដំឡូងមី ស្របពេលមានហាងឆេងខ្ពស់ជាងឆ្នាំមុន និងឈ្មួញមកទិញ ដល់មូលដ្ឋានរបស់ពួកគាត់

កំពង់ធំ៖ ស្របពេលដែលហាងឆេងដំឡូងមីស្រស់ កំពុងតែមានហាងឆេងខ្ពស់ជាងរយៈពេល២ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានញាប់ដៃញាប់ជើងសម្រុកចុះទៅប្រមូលផលដំឡូងមី ដើម្បីដឹកយកទៅលក់ឲ្យទាន់ហាងឆេង ខណៈដែលឈ្មួញបានដាក់ទីតាំងប្រមូលទិញដំឡូងមីនៅជិតមូលដ្ឋានរបស់គាត់។

ថ្លែងប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទា យឿង និងប្រជាពលរដ្ឋជាច្រើនទៀត រស់នៅភូមិត្រពាំជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយ ខេត្តកំពង់ធំ បានសម្តែងទឹកមុខសប្បាយរីរាយ ព្រោះតែឆ្នាំនេះ ដំឡូងមីស្រស់ មានតម្លៃខ្ពស់ជាងរយៈពេល២ឆ្នាំមុន កាលណោះដំឡូងមីស្រស់មានតម្លៃត្រឹមតែ២០០រៀលទៅ៣០០រៀលក្នុងមួយគីឡូក្រាម។

ហើយមកដល់ឆ្នាំ២០១៨នេះ ដំឡូងមីស្រស់មានតម្លៃ៤១០រ ទៅ៤៣០រៀលក្នុង១គីឡូក្រាម លោកបានបន្តថាឆ្នាំ២០១៨នេះ លោកបានដាំដំឡូងមី លើផ្ទៃដីជិត២ហិកតាហើយក្នុង១ហិតា ទទួលបានទិន្នផលជាមធ្យមចាប់ពី២០តោទៅ២៥តោន ទៅតាមសណ្ឋានដីសរ ដីខ្មៅ រឺដីក្រហម ដែលធ្វើឲ្យពួកគាត់អាចរកប្រាក់បានពីការធ្វើដំឡូងមីក្នុង១ហិកតា ចាប់ពី២៥០០ដុល្លារទៅ៣០០០ដុល្លារ! ហើយលោកក៏បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណាសុំឲ្យ ទីផ្សារដំឡូងមីមានស្ថេរភាពរឺឡើងថ្លៃជាងនេះបន្តិចទៀតកាន់តែល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់កសិករ ក្នុងការពង្រីកផ្ទៃដីដាំដុះបន្តទៅមុខទៀត។

អ្នកស្រី ម៉េង ម៉ារុណ ជាម្ចាស់ទីតាំងប្រមូលទិញដំឡូងមី នៅក្នុងភូមិស្រឡៅទោង ឃុំបល្ល័ង្កស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងថា!អ្នកស្រីបានមកដាក់ទីតាំងទិញដំឡួងមី ចំនួនបីកន្លែងនៅក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ ហើយរយៈពីរឆ្នាំមុននេះ អ្នកស្រីបានប្រមូលទិញដំឡូងមីស្រស់ក្នុងតម្លៃ តែ១៨០រៀលទៅ៣២០រៀលក្នុង១គីឡូ តែពុំសូវមានអ្នកយកមកលក់ទេ ព្រោះប្រជាពលរដ្ឋធ្វើមិនចំណេញ តែមកដល់ឆ្នាំ២០១៨នេះ មានអ្នកដាំដំឡូងមី ច្រើនជាងឆ្នាំមុន ហើយបានសម្រុកដឹកមកលក់ឲ្យក្នុង១ថ្ងៃចាប់ពី៥០ទៅ៦០គោយន្តមិនក្រោមពី៦០តទៅ៧០តោនទេ និងត្រូវដឹកជញ្ជូនបន្តទៅលក់ប្រទេសវៀតណាម។

យោងតាមរបាយការពីមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា នៅរដូវវស្សានេះប្រជាពលរដ្ឋដាំដំណាំរួមផ្សំបានចំនួន៥០៥៤២ហិកតា ក្នុងនោះសណ្តែកដីចំនួន២២ហិកតា ពោត២៧៨ហិកតា អំពៅ៤៤ហិកតា ល្ង១០ហិកតា សណ្តែកបាយ១៧៣០ហិកតា សណ្តែកសៀង៤១ ហិកតានិងដំឡូងមី១៤៨១១ហិកតា។ CSB

អត្ថបទដែលជាប់ទាក់ទង