ពលរដ្ឋមានការព្រួយបារម្ភខ្លាចខូចផ្លូវបេតុង ខណៈពេលអាជ្ញាធរមិនមានវិធានការទប់ស្កាត់រថយន្តធំពេលទឹកកំពុងលិច

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមានការព្រួយបារម្ភខ្លាចខូចផ្លូវបេតុង ខណៈពេលអាជ្ញាធរមិនមានវិធានការទប់ស្កាត់រថយន្តធំៗ ធ្វើចរាចរណ៍ពេលផ្លូវបេតុង និងផ្លូវជាតិកំពុងរងគ្រោះលង់លិច។

ផ្ទះប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ជាពិសេសសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល កំពុងរងការលិចលង់ដោយគ្រោះធម្មជាតិទឹកភ្លៀងជន់លិចផ្លូវជាតិ ប្រវែងជិតមួយគីឡូម៉ែត នៅចំណុចខាងលិចស្តង់តាងួន ដល់មុខសណ្ឋាគារសុងដារ៉ា និងផ្លូវបេតុងនៅតាមភូមិជាច្រើនខ្សែ រហូតមកដល់ថ្ងៃទី១៦មានរយៈពេល៦ថ្ងៃដែលមេឃនៅតែបន្តភ្លៀង ដែលបណ្តាលអោយក្រុងប៉ោយប៉ែតនៅតែបន្តលិចលង់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ផ្លូវបេតុងនៅតាមមុខផ្ទះរបស់គាត់នីមួយៗ គឺជាថវិការបស់ពួកគាត់១០០ភាគរយ តែនៅពេលផ្លូវកំពុងតែលិចលង់ ម្ចាស់សំណង់ និងក្រុមហ៊ុន ឈ្មួញមួយចំនួនដែលមានខ្នងធំៗ ដឹកខ្សាច់ ដឹកស៊ីម៉ងត៍ និងដឹកថ្ម ដឹកទំនិញផ្សេងៗ មិនខ្វល់ផលប៉ះពាល់ទៅលើផ្លូវបេតុងរបស់ប្រជាពលរដ្ឋ និងមិនខ្វល់ពីសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងឡើយ។

ប្រជាពលរដ្ឋលោកបានសំណូមពរ ដល់លោកអភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បើលោកចេញសេចក្តីជូនដំណឹងផ្អាកជាបណ្តោះអាសន្ន នូវរថយន្តដឹកទំនិញ រថយន្តធំៗធ្វើចរាចរណ៍លើផ្លូវបេតុង និងផ្លូវជាតិដែលកំពុងរងនូវការលិចទឹកហើយនោះ សូមលោកមានវិធានការផង ព្រោះថាសេចក្តីជូនដំណឹងដែលអាជ្ញាធរដាក់ប្រកាសនេះ ក្រុមហ៊ុន ឈ្មួញ ដែលមានខ្នងធំៗទាំងនោះ មិនយកត្រចៀកស្តាប់ និងមិនកោតញញើតឡើយ៕SN

អត្ថបទដែលជាប់ទាក់ទង