ម្តាយចុងធ្វើទារុណកម្មដាក់កូនដើមយ៉ាងព្រៃផ្សៃ រត់បាន២ថ្ងៃត្រូវ សមត្ថកិច្ចឃាត់ខ្លួន!

បន្ទាយមានជ័យ៖ ម្តាយចុងធ្វើទារុណកម្មដាក់កូនដើមយ៉ាងព្រៃផ្សៃ សើ្ទរស្លាប់ ស្ទើររស់ រត់បាន២ថ្ងៃត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

នាងចុងខាងលើឈ្មោះ លី ស្រីនីត អាយុ១៦ឆ្នាំ ជាកម្មករអូសរទេះស្នាក់នៅផ្សាររុងក្លឿទឹកដីថៃ និងមានទីលំនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត។

ក្មេងស្រីរងគ្រោះឈ្មោះ ណាត ស្រីម៉ី អាយុ៥ឆ្នាំបានធ្វើទារុណកម្មជាំមុខជាច្រើនកន្លែង និងស្នាមរបួសចំណុច ក ហើមបបូរមាត់ ដែលធ្វើបាបក្នុងព្រៃខាងក្រោយផ្សារឥណ្ឌូចិន ចំណុចផ្សាររ៉ុងក្លឿ ឃុំ ខ្លងលឹក ស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ជាប់ជាយដែនច្រកទ្វារអន្តរជាតិប៉ោយប៉េត។

ជួបសម្ភាសន៍ជាមួយតាយាយក្មេងរងគ្រោះបានប្រាប់ថា ក្មេងស្រីរងគ្រោះ រស់នៅជាមួយពួគគាត់នៅស្រុកអរញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃ នៅថ្ងៃកើតហេតុកាលពីថ្ងៃទី១៦ ខែកញ្ញា ពីថ្ងៃមុននេះ លោកបានមកតបណ្ណព្រំដែន នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយចៅស្រីដែលរងគ្រោះក៏សុំមកដែរ ហើយកូនប្រសារឈ្មោះ សុខ ឆាយ ត្រូវជាឪពុកបង្កើតរបស់នាង សុំយកនាងទៅលេងបន្ទប់ស្នាក់ក្នុងផ្សាររ៉ុងក្លឿ ហើយបានផ្ញើនាងនឹងម្តាយចុង រួចទៅអូសរទេះ ត្រលប់មកវិញ បានសួររកកូន ម្តាយចុងនោះកុហកថា ទៅតាមយាយបាត់ហើយ តែសួរយាយ យាយថាមិនបានមកទេ ក៏តាមរកក្មេងរងគ្រោះត្រូវបានសន្តិសុខផ្សាររ៉ុងក្លឿប្រាប់ថា ក្មេងនោះត្រូវគេធ្វើបាបដឹកទៅពេទ្យស្រុកអារញ្ញាបាត់ហើយ។

បញ្ហានេះគេសង្ស័យម្តាយចុង ចិត្តអប្រិយនោះប៉ុនប៉ងសម្លាប់បំបិទមាត់តែសំណាងហើយក្មេងនៅមានជីវិត ក៏រត់ចេញពីព្រៃត្រូវអាជីវករខ្មែរប្រទះឃើញនាំគ្នាថតបង្ហោះហ្វេសប៊ុកប្រកាស រកសាច់ញាតិបន្ទាប់មកដឹងដល់សមត្ថកិច្ចថៃ ក៏អន្តរាគមន៍ហៅរថយន្តសង្រ្គោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកអារញ្ញតែម្តង។

លោកវរសេនីយ៍ត្រី អោក សំណុក នាយរងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ថា បន្ទាប់ពីឃើញក្មេងរងគ្រោះត្រូវបានគេបង្ហោះស្វែងរកសាច់ញាតិហើយថាត្រូវម្តាយចុងធ្វើទារុណកម្ម លោកក៏ទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្ត ក៏ដូចជានាយការិយាល័យចុះស្រាវជ្រាវ សហការជាមួយអង្គការដៃគូរហូតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៨ ខែកញ្ញា។

លោកបន្តថា ជនសង្ស័យក្រោយសួរនាំបានសារភាពថា នាងពិតជាបានធ្វើទារុណកម្មលើក្មេងរងគ្រោះខាងលើពិតប្រាកដមែន។ នាងរៀបរាប់ថា ដោយមានជម្លោះក្នុងគ្រួសារផង គាប់ជួនប្តីយកកូនដើមទៅលេងឈ្លៀតឱកាសប្តីមិននៅនាង ខឹងក៏នាំក្មេងស្រីខាងលើទៅក្នុងព្រៃខាងក្រោយផ្សាររុងក្លឿ វាយធ្វើបាប និងយកស្មៅញ៉ុកមាត់នាងកុំឲ្យស្រែកឮដល់គេ។

នាងចិត្តអប្រិយ៌រូបនេះបន្តថា នាងបានយកដៃឆ្វេងច្របាច់កជនរងគ្រោះ និងទះមាត់ជាច្រើនដៃរហូតដួលសន្លប់ នាងក៏ទុកក្មេងនោះចោលនៅកន្លែងកើតហេតុ។

លោកវរសេនីយ៍ត្រី អោក សំណុក បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យហើយ ពេលនេះបានបញ្ជូនពីក្រុងប៉ោយប៉ែតទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ SN

អត្ថបទដែលជាប់ទាក់ទង