ច្បាប់កូនចៅ៖ លោកថាដែកផង ហៅរឹងកន្លង គេដុតដំបាន រួសកោសជាការ តាមចិត្តប្រមាណ ពុំដែលនឹងមាន ប្រកែកឡើយណា

ប្រភពផេច៖ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association

ក្នុងច្បាប់កូនចៅ មានកំណាព្យមួយវគ្គបានពោលថា៖ លោកថាដែកផង ហៅរឹងកន្លង គេដុតដំបាន រួសកោសជាការ តាមចិត្តប្រមាណ ពុំដែលនឹងមាន ប្រកែកឡើយណា។ ធម្មតាសារជាតិលោហធាតុទោះបីជារឹងកម្រិតណា ក៏គេនៅតែអាចដុត ពត់លត់ដុំឱ្យចេញជារូបរាងតាមសេចក្តីត្រូវការរបស់មនុស្សបានដែរ។ ចំណែកឯមនុស្សវិញ ក៏អាចកែប្រែចិត្តគំនិត ឬអត្តចរិត ពីអាក្រក់មកជាល្អវិញបាន។

ដូច្នេះដើម្បីជាគ្រឿងសម្អាងសូមលើកយករឿងក្នុងអក្សរសិល្ប៍មកធ្វើការឆ្លុះបញ្ចាំង ដើម្បីបង្ហាញពីបញ្ហានេះដូចខាងក្រោម៖

ក/ រឿងនាងបដាចារ 

តួអង្គនាងបដាចារត្រូវព្រាត់ប្រាសប្តីត្រូវពស់ចឹកស្លាប់នៅក្នុងព្រៃកូនទាំងពីរ ម្នាក់ស្លាប់ដោយសារតែសត្វពាំយកទៅស៊ី ម្នាក់ទៀតស្លាប់ដោយសារលង់ទឹក ចំណែក ឯគ្រួសារដែលមានឪពុកម្តាយនោះ ត្រូវភ្លើងឆេះផ្ទះ ។

ដំណើរជីវិតរបស់នាងបដាចារ បាត់ម្ចាស់ការលើខ្លួនឯង ដើរវង្វេងវង្វាន់ស្មារតី ក្លាយជាមនុស្សវិកលចរិត តែក្រោយមកនាងបានចូលទៅក្នុងព្រះវិហារ វត្តជេតពន បានចូលទៅអង្គុយស្តាប់ព្រះធម៌ព្រះសម្មាសម្ពុទ្ធទេសនា ពុទ្ធបរិស័ទដេញនាងចេញ តែព្រះសម្មាសម្ពុទ្ធបាន អនុញ្ញាតឱ្យនាងនៅជាមួយពុទ្ធបរិស័ទ ដើម្បីស្តាប់ព្រះធម៌ដែរ។

ក្រោយព្រះពុទ្ធសម្តែងព្រះធម៌ចប់ នាងបដាចារ បានពិចារណាខ្លឹមសារនៃពាក្យព្រះធម៌ទៅ នាងបានយល់សេចក្តីនៃដំណើរជីវិត នាងបានក្រាបសំពះបង្គំថ្វាយព្រះសម្មាសម្ពុទ្ធ ។ ខណៈពេលដែលនាងបានស្តាប់ធម៌ នាងបានសម្រេចធម៌ជាន់ខ្ពស់ពេលនោះតែម្តងទៅ ហើយនាងបានបួសក្នុងសំណាក់សាសនាព្រះពុទ្ធក្នុងវត្តជេតពនតែម្តង។

ខ/ រឿងអង្គុលីមារ

នៅក្នុងដំណើររឿងនេះ និយាយពីតួអង្គអង្គុលីមារ តាមពិតទៅឈ្មោះពិត ឬឈ្មោះដើមរបស់គាត់គឺឈ្មោះ អហិង្សកុមារ បានន័យថា កុមារមិនប្រើហិង្សា ដោយសារតែការសិក្សាជាមួយមិត្តអាក្រក់ បានធ្វើបាប ដោយសារតែក្តីច្រណែនជាមួយ អហិង្សកុមារ ព្រោះរឿងច្រណែនត្រង់ថា ប្រពន្ធរបស់គ្រូ ស្រឡាញ់ពេញចិត្តតែចំពោះអហិង្សកុមារតែម្នាក់ ទើបមានការថ្នឹងថ្នាក់ជាមួយគ្នា ពួកសិស្សរួមគ្រូបានខ្សឹបប្រាប់គ្រូក្នុងបំណងអាក្រក់ចំពោះអហិង្សកុមារ ទើបបានជាគ្រូខឹង ប្រើវិធីអាក្រក់មួយ ឱ្យអហិង្សកុមារ រកម្រាមដៃគ្រប់ចំនួន១០០០ ម្រាមដៃ បានក្លាយជាសិស្សខ្លាំងពូកែជាដើម។ អហិង្សកុមារ បានដេកគិត ក៏សម្រេចចិត្តធ្វើតាមបទបញ្ជាគ្រូ បានដើរកាត់ម្រាមដៃបានចំនួន៩៩៩ម្រាម ខ្វះតែ១ម្រាមទៀតនឹងបានជោគជ័យ។

នៅពេលនោះអហិង្សកុមារ ក៏ក្លាយទៅជាមនុស្សដែលមានឈ្មោះថាអង្គុលីមារ គឺអ្នកដែលមានកម្រងជាម្រាមដៃ។ ថ្ងៃមួយ អង្គុលីមារ បានឃើញម្តាយរបស់ខ្លួន បម្រុងនឹងចូលទៅកាត់ម្រាមដៃលោក តែព្រះសម្មាសម្ពុទ្ធ បាននិមន្តមកទាន់ អង្គុលីមារ ក៏ងាកមកដេញកាត់ម្រាមដៃរបស់ព្រះពុទ្ធវិញ។ អង្គុលីមារដេញតាមកាត់ម្រាមដៃព្រះពុទ្ធ ប្រៀបបានដូចកម្លាំងសេះដ៏ខ្លាំងពូកែ តែដេញមិនទាន់ ទើបអង្គុលីមារ បាននិយាយទៅព្រះពុទ្ធថា ឈប់សិន!សមណ ឈប់សិនសមណ! ព្រះពុទ្ធតបវិញថា តថាគតឈប់ហើយ នៅឡើយតែអង្គុលីមារទេ ដែលមិនទាន់ឈប់នោះ។ អង្គុលីមារ បានស្តាប់ព្រះធម៌របស់ព្រះអង្គ បានយល់ច្បាស់ក្នុងធម៌ បានថ្វាយបង្គំ ព្រះពុទ្ធ បួសក្នុងសាសនារហូតបានសម្រេចធម៌ជាន់ខ្ពស់មួយអង្គក្នុងព្រះពុទ្ធសាសនា។

គ/រឿងកុលាប៉ៃលិន

នៅក្នុងរឿងនេះ សុំនិយាយតែតួអង្គនាងខុននារី ដែលជាកូនរបស់លោកហ្លូងរតនសម្បត្តិ ដែលជាមហាសេដ្ឋីត្បូងនៅប៉ៃលិន កាលដើមឡើយនាងជានារីចិត្តរឹង ឆ្នាស់ កាច តែក្រោយមក នៅពេលដែលចៅចិត្រ បានមករស់នៅជាមួយគ្រួសារនាង ចរិតកោងកាចរបស់នាង បានរលត់បាត់បន្តិចម្តងៗ ដែលក្លាយពីនារីឆ្មើងឆ្មៃ មកជានារីស្រគត់ស្រគុំ ដ៏គួរឱ្យស្រឡាញ់ម្នាក់។ ដូចជានៅត្រង់ វគ្គមួយ កាលដែលនាងបានជួបចៅចិត្រគ្រាដំបូង ម៉ាកងាយចៅចិត្តបាត់ទៅហើយថា កម្មករនេះស្គមដូចអ្នកញៀនអាភៀន ទ្រាំធ្វើការជីកត្បូងម្តេចនឹងបាន?

ឃ/ រឿងតេជោយ៉ត

ក្រោយពីប្តីនាងជំទាវស្រែន បានស្លាប់ទៅ នាងបានប្រកាន់ភាពរឹងរួសមិនព្រមយកតេជោយ៉ត ដោយសារព្រោះតែនាងគិតថា តេជោយ៉ត ជាអ្នកបម្រើរបស់ខ្លួនកាលកន្លងមក។ តេជោយ៉តបានបម្រើជំទាវដូចបាវបម្រើ។ នៅពេលដែលតេជោយ៉ត បានពឹងពាក់ឱ្យចាស់ទុំចូលស្តីនាង នាងរអារចិត្តខ្លាចគេពេបជ្រាយ ហើយគិតថាវាមិនសម។ បើនាងទទួលយកតេជោយ៉ត ជាប្តី នាងត្រូវបម្រើប្តី តាមតួនាទីជាប្រពន្ធ។ ហេតុនេះទើបជំទាវស្រែន បដិសេធម្តងហើយម្តងទៀត។ តែភាពប្រកាន់រឹងរួសនេះ ត្រូវបានកែប្រែក្រោមហេតុផលដ៏សមរម្យមួយ គឺជណ្តើរផ្ទះខ្លួនឯង អ្នកលត់ជង្គង់សំពះបាន ចុះប្តីធ្លាប់ជាបាវបម្រើ ហេតុអ្វីបម្រើមិនបាន? នៅទីបំផុតនាងក្លាយជាប្រពន្ធតេជោយ៉ត។

សរុបសេចក្តីមកដែកទោះរឹងក៏គេអាចពត់លត់បាន ចំណែកឯមនុស្សក៏គង់អាចកែប្រែអត្តចរិតរបស់ខ្លួនបានដូចគ្នា ព្រោះសារជាតិរបស់មនុស្សកើតមកទទេស្អាត បរិសុទ្ធទាំងកាយ និងចិត្ត។
…………………………………………………
ស្មេរអត្ថបទ៖ លោក គិន ធារ៉ា

អត្ថបទដែលជាប់ទាក់ទង