តើអ្វីទៅ​ជា​សាលារៀន​ជំនាន់​ថ្មី​ NGS? ហេតុអ្វីគ្រូៗសាលាព្រះស៊ីសុវត្ថិព្យាយាមរាំងខ្ទប់ការប្រឹងប្រែងលើកកម្ពស់គុណភាពអប់រំរបស់ក្រសួងទៅវិញ?

ភ្នំពេញ៖ ក្នុងរយៈពេលពីរថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរកំពុងមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យថា «សាលារៀនជំនាន់ថ្មី NGS» ហើយក៏កំពុងតែងឿងឆ្ងល់ផងដែរថាតើអ្វីទៅជាសាលារៀនជំនាន់ថ្មី NGS?

ការងឿងឆ្ងល់ និងភ្ញាក់ផ្អើលនេះ បានកើតឡើងក្រោយពេលគ្រូៗបង្រៀននៅសាលាព្រះស៊ីសុវត្ថិ និងសិស្សមួយចំនួននៅថ្ងៃទី១៨ និង១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំគ្នាចេញមកលើកបដាតវ៉ាជាបន្តបន្ទាប់ ដោយមិនចង់ឲ្យមានកម្មវិធី «សាលាជំនាន់ថ្មី NGS» នៅក្នុងសាលាព្រះស៊ីសុវត្ថិ ក្រោមហេតុផលថាកម្មវិធីនេះនាំឲ្យមានការបែងចែករវាងគ្រូ និងគ្រូ សិស្ស និងសិស្ស។

តើអ្វីទៅជាសាលារៀនជំនាន់ថ្មី NGS? សាលារៀន​ជំនាន់​ថ្មី​ គឺជា​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​ជា​មាគ៌ា​អភិវឌ្ឍថ្មី​មួយ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នា​ពេល​បច្ចុប្បន្ន​ដែល​ជួយ​បង្កើត​សាលារៀន​សាធារណៈ​ស្វយ័ត​។

គំនិត​សម្រាប់​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ត្រូវ​ផ្តួចផ្តើម​ឡើង​ដំបូង​ដោយ​អង្គការ KAPE ដែល​ជា​អង្គការ​ក្នុង​ស្រុក​ធំ​បំផុតផ្តោត​សំខាន់​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​ក្រោយ​មកអង្គការ​នេះ​ត្រូវ​បាន​អនុម័ត និង​ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កម្មវិធី​សាកល្បង​របស់​ពួកគេ​ដែល​ជា​គំនិត​ផ្តួចផ្តើម​សាលា Beacon ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​២០១៤ នៅ​ខេត្ត​កំពង់ចាម​ ហើយ​នៅពេល​ដែល​កម្មវិធី​មាន​ការ​ពង្រីក​ធំ​ទៅៗ សាលា​នេះ​ក៏​ក្លាយ​ជា​សាលា​រៀនជំនាន់​ថ្មី​នេះ​ឯង​។

គោលបំណង​របស់សាលារៀនជំនាន់ថ្មី គឺ​ការ​បង្កើត​សាលា​រដ្ឋ​ដែល​រក្សា​បាន​​ស្តង់ដារ​នៃ​ការ​អប់រំ​បាន​ខ្ពង់ខ្ពស់​បំផុត​តាមរយៈ​ការ​វិនិយោគ​ថវិកា​ច្រើន​ និងផ្តោត​ទៅ​លើ​ការ​ពង្រឹង​តម្លាភាព និង​ទទួល​ខុសត្រូវ​ដោយ​ការ​ផ្លាស់ប្តូរ​វិធី​គ្រប់គ្រង​សាលា​។ នេះ​គឺជា​ការ​ខុស​ប្លែក​ពី​វិធីសាស្ត្រ​ប្រពៃណី​របស់​រដ្ឋាភិបាល​ដែល​រមែង​តែងតែ​បែង​ចែក​មូលនិធិ​ស្មើៗ​គ្នា​ទាំង​អស់​។

ប្រសិន​បើ​មិន​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង​សាលារៀន​ទេ​នោះ សម្ភារបរិក្ខារ​ដូចជា​បន្ទប់​ពិសោធ​វិទ្យាសាស្ដ្រ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឲ្យ​អស់​ពី​សមត្ថភាព​ទេ​ពីព្រោះ​គ្រូបង្រៀន​រវល់​តែ​ស្វិតស្វាញ​ក្នុង​ការ​បង្រៀន​គួរ​យក​លុយ​ក្រៅ​ម៉ោង​វិញ និង​មាន​ភាព​លម្អៀង​ទៅ​លើ​សិស្ស​រៀន​គួរ​ជាង​សិស្ស​ដែល​មិន​មាន​លុយ​រៀន​គួរ​។

សាលា​រៀនជំនាន់​ថ្មី​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ការ​លុប​បំបាត់​ការ​អនុវត្ត​បែប​នេះ​ទាំង​ស្រុង​។ គ្រូបង្រៀន​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ល្អិតល្អន់ និង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ការ​ផ្តល់​អាហារូបករណ៍​ដើម្បី​ពង្រឹង​គុណធម៌​ក្នុង​ការ​បង្រៀន និង​សុចរិតភាព​។ គេ​បាន​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​បរិយាកាស​ថ្មី​នេះ​គ្រូបង្រៀន​លែង​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​គ្នា​ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ជា​សិស្ស​នោះ​ទេ ហើយ​វា​ធ្វើឲ្យ​ការ​ពង្រឹង​គុណភាព​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយដែលក្រសួងអប់រំបានដាក់ឲ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។

បើតាមលោក ឌី ខាំបូលី បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឲ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យសម្តេចជាស៊ីមព្រែកអញ្ចាញ វិទ្យាល័យហ៊ុនសែនពាមជីកង អនុវិទ្យាល័យគោកព្រីង សាលាបឋមសិក្សាហ៊ុនសែនកំពង់ចាម សាលាបឋមសិក្សាព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។

អ្នកនាំពាក្យរូបនេះ ក៏បានអះអាងដែរថា កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី ត្រូវបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់។

អ្វីដែលនាំឲ្យមានការចាប់អារម្មណ៍ខ្ពស់នោះ កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី បានយកចិត្តទុកដាក់ខ្ពស់លើការលុបបំបាត់ការរៀនក្រៅម៉ោង ឬហៅថារៀនគួរ និងការលក់ឯកសារផ្សេងៗ ដែលនាំឲ្យសិស្សចំណាយក្រៅផ្លូវការលើការសិក្សារបស់ពួកគេ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានឆ្លើយតបនឹងការលើកឡើងថា កម្មវិធីថ្មីនេះតម្រូវឲ្យបង់ការសិក្សាប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំ ពីសំណាក់គ្រូៗ អាណាព្យាបាល និងសិស្សនៅសាលាព្រះស៊ីសុវត្ថិផងដែរ។ បើតាមលោក ឌី ខាំបូលី ការបង់ថវិកានេះជាការចូលរួមវិភាគទានសម្រាប់ទ្រទ្រង់ដល់ការអនុវត្តកម្មវិធីសិក្សាថ្មីនេះ ហើយឈរលើគោលការស្ម័គ្រចិត្តប៉ុណ្ណោះ ពោលបើអាណាព្យាបាលមានលទ្ធភាពក៏បង់ ហើយអាណាព្យាបាលសិស្សមានជីវភាពខ្សត់ខ្សោយក៏មិនតម្រូវឲ្យបង់នោះទេ។

យោងតាមស្ថិតិនៃការប្រឡងបានបង្ហាញឲ្យឃើញថា លទ្ធផលប្រឡងបាក់ឌុបកន្លងទៅរវាងសិស្សដែលរៀនតាមកម្មវិធីសិក្សាចាស់ និងសិស្សរៀនតាមកម្មវិធីសិក្សាថ្មីនេះមានការខុសគ្នាច្រើន ពោលសិស្សរៀនតាមកម្មវិធីសិក្សាថ្មីមានអត្រាជាប់ខ្ពស់ជាងសិស្សរៀនតាមកម្មវិធីសិក្សាចាស់។ ការអនុវត្តន៍កម្មវិធីសិក្សាថ្មីនេះ បានធ្វើឲ្យមានការពេញចិត្តពេញថ្លើមខ្លាំងពីសិស្ស និងអាណាព្យាបាលផងដែរ ដោយបានធ្វើឲ្យចំណេះដឹងទទួលបានមានភាពល្អប្រសើរខ្លាំងបើធៀបជាមួយកម្មវិធីសិក្សាចាស់។

ពាក់ព័ន្ធនឹងការបង់វិភាគទានទ្រទ្រង់ការអនុវត្តន៍កម្មវិធីសិក្សាថ្មីប្រមាណ ៣០០ដុល្លារក្នុងមួយឆ្នាំនោះ ត្រូវបានអាណាព្យាបាលមួយចំនួនលើកឡើងថា ចំនួននេះមិនច្រើននោះទេ បើធៀបជាមួយការសិក្សាក្នុងកម្មវិធីសិក្សាចាស់ ព្រោះថាកម្មវិធីសិក្សាចាស់បើមិនបង់លុយប្រចាំតែសិស្សត្រូវចំណាយច្រើនលើការសិក្សាក្រៅម៉ោង និងទិញឯកសារផ្សេងៗ។

តាមការសាកសួរទាំងសិស្ស និងអាណាព្យាបាលបានបង្ហាញថា សាលាជំនាន់ថ្មី ជាកម្មវិធីសិក្សាថ្មីមួយប្រកបដោយភាពល្អប្រសើរក្រោមការប្រឹងប្រែងធ្វើកំណែទម្រង់របស់ក្រសួងអប់រំ ដើម្បីឆ្ពោះទៅរកប្រព័ន្ធអប់រំមួយប្រកបដោយគុណភាព។ តែហេតុអ្វីបានជាគ្រូៗមួយចំនួននៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិនាំគ្នាមិនពេញចិត្តលើកម្មវិធីអប់រំនេះ ហើយព្យាយាមសាបព្រោះពាក្យអកុសលថា យកសាលារដ្ឋទៅធ្វើជាសាលាឯកជនទៅវិញ?

មានការលើកឡើងថា ការតវ៉ាទាំងនេះធ្វើឡើងដើម្បីប្រយោជន៍សួនតួជាជាងប្រយោជន៍រួមរបស់ជាតិ ដោយហេតុថា កម្មវិធីសិក្សាថ្មីនេះ នឹងធ្វើឲ្យគ្រូៗបាត់បង់ចំណូលប្រចាំថ្ងៃរបស់ខ្លួនតាមរយៈការបង្រៀនក្រៅម៉ោង ក៏ដូចជាការលក់ឯកសារនានាទៅឲ្យសិស្សជាដើម។

ដើម្បីធ្វើឲ្យការអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះទទួលបានជោគជ័យ នៅឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងអប់រំ បានដាក់ចេញគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មីនេះផងដែរ។ ក្នុងគោលនយោបាយនេះ បានដាក់ចេញនូវចំណុចជាច្រើន ដើម្បីធានាផ្តល់នូវការអប់រំមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងនៃគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី ដែលរៀបចំឡើងដោយក្រសួងអប់រំ ៖

អត្ថបទដែលជាប់ទាក់ទង