បន្លែជីសង្កើចទីផ្សារទូលាយនិងមានហាងឆេងល្អនៅឆ្នាំនេះ

បាត់ដំបង៖ បន្លែជីស្លឹកវែងឬជីសង្កើច ដោយសារតែតម្រូវការទីផ្សារខ្ពស់និងមានតម្លៃល្អក្នុងឆ្នាំនេះលើកទឹកចិត្តដល់កសិករពង្រីកផ្ទៃដីដាំដុះបន្ថែម។

កសិករឈ្មោះ ណុប នុន រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញានេះថា ដោយសារតម្រូវការក្នុងស្រុកធំទូលាយមិនមានការកំណត់ ធ្វើឱ្យលោកឆ្នាំនេះ ពង្រីកផ្ទៃដីដាំដុះជីស្លឹកវែងឬអ្នកខេត្តបាត់ដបង ហៅម៉្យាងទៀតថាជាជីសង្កើចរហូតដល់ផ្ទៃដីទំហំ៥០០០ម៉ែត្រការ៉េបន្ថែមទៀតដើម្បីបម្រើសេចក្តីក្នុងទីផ្សារ។

ដោយសារស្ថានភាពដីមានលក្ខណៈអំណោយផលក្នុងតំបន់ស្រុកថ្មគោល ខេត្តបាត់ដំបងដំណាំបន្លែជីស្លឹកវែងមានដងដើម ស្លឹក និងបន្លាទន់ ពិសេសមានក្លិនឈ្ងុយក្រអូបជាងជីដែលនាំចូលមកពីក្រៅប្រទេស វាជាប្រភេទបន្លែជីដែលលូតលាស់នៅលើដីណែនហាប់ក្នុងតំបន់វាលទំនាបនឹងជោកទឹក។

ជីស្លឹកវែងឬជីសង្កើចក្នុង១ឆ្នាំប្រមូលផលបានពី៤ទៅ៦ដង ហើយរាល់ការប្រមូលផលម្តងក្នុង១ហិកតាហុចផលបានចំនួនប្រមាណ៣០តោន ជីស្លឹកវែងដាំ១សារប្រមូលផលរហូតដល់៣ឆ្នាំទើបអស់អាយុកាល។ ការដាំបន្លែយកស្លឹក ឬយកផ្លែខាងលើនេះមិនមានប្រើប្រាស់លាយជាមួយសារធាតុគីមីសូម្បី១កម្រិត ឡើយ ទាំងជីបំប៉ននិងថ្នាំសម្លាប់សត្វល្អិតសុទ្ធតែកែច្នៃចេញពីរុក្ខជាតិធម្មជាតិ១០០%។

បច្ចុប្បន្នតម្រូវការប្រជាពលរដ្ឋហូបជីស្លឹកវែងបានកើនឡើងខ្ពស់ដោយក្នុង១ថ្ងៃកសិករក្នុងសហគមន៍កសិកម្មតាសីសាមគ្គីផ្គត់ផ្គង់ចំនួនពី២ទៅ២,៥តោន ទៅកាន់ទីផ្សារជុំវិញខេត្តបាត់ដំបង ខេត្តសៀមរាប បន្ទាយមានជ័យនិងផ្សារដើមគរក្រុងភ្នំពេញជាដើម ដោយក្នុង១គីឡូក្រាមលក់បានតម្លៃចាប់ពី១២០០ទៅ៣៥០០រៀលតាមរដូវ។

ចាប់តាំងពីចូលជាសមាជិកសហគមន៍ដែលមានការជួយជ្រោមជ្រែង និងណែនាំពីមន្ត្រីជំនាញកសិកម្ម ស្រុក ខេត្តឬពីបណ្តាអង្គការជាដៃគូផ្សេងៗបានបង្កលក្ខណៈធ្វើ​ឱ្យជីវភាពគ្រួសាររបស់លោកមានភាពធូរស្រាលជាងមុនយ៉ាងល្អប្រសើរ។

លោកជាង សុផាត តំណាងសហគមន៍កសិកម្មតាសីសាមគ្គីបានឱ្យដឹងដែរថា សហគមន៍តាសីសាមគ្គីមានសមាជិកជាង៧០គ្រួសារ មានផ្ទៃដីដាំដុះមានប្រមាណជាង៣០ហិកតា ដែលភាគច្រើនកសិករដាំជីស្លឹកវែងឬហៅជីសង្កើចប្រមាណជា៦០% និងមួយចំនួនទៀតចិញ្ចឹមមាន់ ទា និងត្រីជាដើមចំពោះទីផ្សារលក់ដូរ ផ្គត់ផ្គង់នៅក្នុងមូលដ្ឋាននិងទូទាំងខេត្តបត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាបនឹងទីផ្សារមួយភាគធំទៀតនៅទីក្រុងភ្នំពេញ៕ ដោយៈ SR

អត្ថបទដែលជាប់ទាក់ទង