អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយសង្គ្រោះបន្ទាន់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៣០គ្រួសារ

ឧត្តរមានជ័យ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានអញ្ជើញចែកអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹង ចំនួន៤ឃុំ ក្នុងស្រុកបន្ទាយអំពិល សរុបចំនួន ២៣០គ្រួសារ ស្ថិតនៅវត្តគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ឯកឧត្តម ស ថាវី បានពាំនាំការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសការជម្រុញឱ្យសាខាកាកបាទក្រហមថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវចុះជាប់ជាប្រចាំ និងពិនិត្យមើលពីបញ្ហាសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ជាពិសេសមិនត្រូវទុកពួកគាត់ចោលឱ្យស្លាប់ដោយការដាច់អាហារឡើយ 

ឯកឧត្តមបានបន្ដថា នេះមិនមែនជាលើកទី១នោះទេ គឺបេសកកម្ម មនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ដ តែងចុះជាប់ជាប្រចាំទោះទីណា កន្លែងណា ថ្ងៃ ឬក៏យប់ឡើយ ។

ឯកឧត្តម អភិបាលខេត្ដ បានបន្តទៀតថា ពេលនេះគឺជារដូវវស្សា តាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម គឺនៅមានភ្លៀងជាបន្តបន្ទាប់ទៀត និងអាចមានខ្យល់កន្ត្រាក់ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងជម្ងឺផ្សេងៗ ដែលត្រូវតែការពារ ជាពិសេសហូបស្អាត និងផឹកស្អាតដើម្បីការពារសុខភាព

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ដោយក្នុងគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស  ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ  ឃីត១កញ្ចប់ មានភួយ១ ក្រមា មុង១ សារ៉ុង១

អត្ថបទដែលជាប់ទាក់ទង